ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​សារាចរ​ណែនាំ​គ្មាន​តម្លៃ

9 ឆ្នាំ មុន

ទោះបី​សាលា​រាជធានី​ភ្នំពេញ​ចេញ​សារាចរ​ណែនាំ​ច្រើន​លើក​ច្រើន​សារ គ្រប់​អាណត្តិ​ចៅហ្វាយ​ក្រុង​ដែល​បង្គាប់​ឱ្យ​ក្រុមហ៊ុន​រកស៊ី​ដឹក​ដី ថ្ម ខ្សាច់ គ្រប​ឱ្យ​បាន​

ទោះបី​សាលា​រាជធានី​ភ្នំពេញ​ចេញ​សារាចរ​ណែនាំ​ច្រើន​លើក​ច្រើន​សារ គ្រប់​អាណត្តិ​ចៅហ្វាយ​ក្រុង​ដែល​បង្គាប់​ឱ្យ​ក្រុមហ៊ុន​រកស៊ី​ដឹក​ដី ថ្ម ខ្សាច់ គ្រប​ឱ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​ដឹក​ជញ្ជូន យ៉ា​ង​ណា​ក្តី ក៏​ប៉ុន្តែ ក្រុមហ៊ុន​មួយ​ចំនួន​ហាក់ដូចជា​មិន​ខ្វល់ ឬ​ក៏​មិន​បាន​យកចិត្តទុកដាក់​ទាល់តែ​សោះ​ចំពោះ​សេចក្តីណែនាំ​ទាំងនោះ​។ ផ្ទុយ​ទៅ​វិញ​ពួក​គេ​បាន​បំភ្លេច​ចោល​សារាចរ​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ ឬ​ក៏​ម្ចាស់​សារាចរ​គេង​លក់ ?
ហេតុ​អី្វ​បានជា​ក្រុមហ៊ុន​ទាំងនោះ​មិន​ខ្លាចរអា មិន​ព្រម​អនុវត្ត​តាម ឬ​មួយ​មក​ពី​ភាព​ចន្លោះ​ប្រហោង​របស់​សាលា​រាជធានី​ដែលមិន​បាន​តាមដាន​ត្រួតពិនិត្យ​មើល​ការ​អនុវត្ត​របស់​បណ្តា​ក្រុមហ៊ុន​ទាំងនោះ ដែល​ប្រៀប​ដូច​គេង​លក់ ?

ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​ដឹក​ដី ថ្ម និង ខ្សាច់​ជា​ច្រើន​ធ្វើ​ចរាចរ​តាម​បណ្តា​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​តាម​បណ្តោយ​ផ្លូវ​២៧១ ហើយ​រថយន្ត​ទាំងនោះ​មិន​បាន​យក​ក្រណាត់​កៅស៊ូ​ក្រាល ឬ​គ្រប​ពីលើ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជ្រុះរ​ប៉ាត់​រប៉ា​យ​ពេញ​ថ្នល់ ធ្វើ​ឱ្យ​ខូច​សម្រស់​បេះដូង​រាជធានី​ភ្នំពេញ ។ លើស​ពី​នេះ​មាន​រថយន្ត​ខ្លះ​ផ្ទុក​ខ្សាច់​សើម ដោយ​មិន​បាន​ក្រាល​ទ្រាប់​បាត​ត្រឹមត្រូវ ទឹក​ស្រក់​ហូរ​តាម​បណ្តោយ​ផ្លូវ​រហូត ធ្វើ​ឱ្យ​រអិល​ហើយ​ពេល​ខ្លះ​អាច​បណ្តាល​ឱ្យ​ប្រឡាក់​ដល់​អ្នកដំណើរ​ទៀត​ផង ។

ដោយឡែក​រថយន្ត​ដែល​ដឹក​ដី​ឬ​កម្ទេច​ថ្ម​ធំ​ៗ​វិញ ជួនកាល​ធ្លាក់​មក​លើ​ថ្នល់ ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ឬ​អាច​ធ្លាក់​ត្រូវ​អ្នក​ធ្វើ​ដំណើរ​ជាយថាហេតុ​នៅ​ថ្ងៃ​ណាមួយ ប្រសិនបើ​អ្នក​ប្រកប​មុខរបរ​ទាំងនោះ​មិន​បាន​ប្រុង​ប្រយ័ត្ន ។ ស្ថិត​ក្នុង​ទីក្រុង​កំពុង​អភិវឌ្ឍ​ចៀស​មិន​ផុត​ពី​ការ​ដឹក​ជញ្ជូន​បែប​នេះ​ទេ តែ​សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ផង​…​បាន​អត់ ? អ្នក​ទទួល​បាន​ផល​ចំណេញ​ពីមុខ​របរ​នេះ អ្នក​គួរតែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចំណេញ​ដែរ គឺ​ទទួល​បាន​ទីក្រុង​ស្អាត បរិស្ថាន​ល្អ និង​សុខភាព​ល្អ​ផង​ដែរ ។

ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​បញ្ហា​នេះ​កើតឡើង​បន្ត​ទៀត សាលា​រាជធានី​ភ្នំពេញ ត្រូវ​តែ​ចាត់វិធានការ​ឱ្យ​បាន​តឹង​រឹ​ុ​ង ព្រមទាំង​ផាកពិន័យ​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត បន្ទាប់​ពី​ដាក់​ឱសានវាទ និង​ណែនាំ​ដល់​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​ជា​មុន ។ ការ​ធ្វើ​ដូច្នេះ​មិនមែន​មាន​ន័យ​ថា ដាក់​គំនាប​ទៅ​លើ​ការ​រកស៊ី​របស់​ក្រុមហ៊ុន​ទាំងនោះ​ទេ ក៏​ប៉ុន្តែ​សុំ​គិត​ពី​អ្នក​ដទៃ​ផង ។

ជាមួយ​គ្នា​នេះ​ដែរ យើង​សង្ឃឹមថា ក្រុមហ៊ុន​ដែល​ប្រកប​មុខរបរ​រកស៊ី​ដឹក​ខ្សាច់ ថ្ម ដី នឹង​ផ្លាស់​ប្តូរ​ទម្លាប់​ចាស់ ហើយ​ងាក​មក​អនុវត្ត​តាម​សេចក្តីណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កែ​លម្អ​សម្រស់​ទីក្រុង​របស់​យើង​ឱ្យ​បាន​ល្អ​ប្រសើរ ស្រប​តាម​សម័យកាល​សមាហរណកម្ម​អាស៊ាន​ឆ្នាំ​២០១៥ ដែល​កំពុង​ឈាន​មក​ដល់ ។ បាតុភូត​ទាំងនេះ​សង្ស័យ​ណាស់​សារាចរ​ណែនាំ​គ្មាន​តម្លៃ ៕
ដោយ ហេង ដេ​ត