ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ជន់​លិច២​ភូមិក្នុង​សង្កាត់​បឹង​ទំពុនទី១ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ភ្លៀង​មួយ​មេ​ធំ​កាលពី​វេលា​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០​​រួច​មក ទឹកភ្លៀង​បាន​​ជន់​លិច​ផ្លូវ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លំនៅ​ឋាន​ពលរដ្ឋ​មួយ​ចំនួន​ធំ ដែល​រស់នៅ​ជាប់ និង​ក្បែរ​ប្រឡាយ​បង្ហូរទឹក​ស្អុយ​​បឹង​ទំពន់ (…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ភ្លៀង​មួយ​មេ​ធំ​កាលពី​វេលា​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០​​រួច​មក ទឹកភ្លៀង​បាន​​ជន់​លិច​ផ្លូវ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លំនៅ​ឋាន​ពលរដ្ឋ​មួយ​ចំនួន​ធំ ដែល​រស់នៅ​ជាប់ និង​ក្បែរ​ប្រឡាយ​បង្ហូរទឹក​ស្អុយ​​បឹង​ទំពន់ ( ចំណុច​ស្ពាន​៣ ) ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ព្រំ​ប្រទល់​ជាមួយ​សង្កាត់​បឹង​ទំពន់​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​​ក្នុង​ការ​ជន់​លិច​មាន​ចំនួន​២​ភូមិ គឺ​ភូមិ​សន្សំ​កុសល​ទី​១ និង​សន្សំ​កុសល​ទី​២ ប៉ុន្តែ​ក្នុង​​នោះ​​មិនមែន​មាន​ន័យ​ថា ទឹក​ត្រូវ​ជន់​លិច​ទូ​ទាំង​ភូមិ​ទាំង​២​ខាងលើ​​នោះ​​ទេ ពោល​គឺ​ជន់លិច​ផ្ទះប្រជា​ពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​រស់នៅ​ជាប់មាត់​ប្រឡាយ និង​នៅ​ក្បែរ​ទី​នោះ​តែ​ប៉ុ​ណ្ណោះ​ ។

ក្រុម​​ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​ថា កន្លង​មក នៅ​ចំណុច​នេះ ក៏​តែង​ជួប​ការ​ជន់​លិច​ជា​រឿយ​ៗ​ផង​ដែរ​ រាល់ពេល​មាន​ភ្លៀង​ខ្លាំង​ម្តង​ៗ ហើយ​ពេល​លិច​ម្តង​ៗ ទឹក​ក៏​ឆាប់​ស្រក​ទៅ​វិញ​ផង​ដែរ ឬ​បើ​យូរ​បំផុត​ត្រឹមតែ​កន្លះ​ថ្ងៃ​​គឺ​ស្រក​ទៅ​វិញ​ដែរ ​សំខាន់​គឺ​ផ្អែក​ទៅ​លើ​បរិមាណ​ទឹកភ្លៀង ថា​តើ​ភ្លៀង​តិច ឬ​ច្រើន​ប៉ុ​ណ្ណោះ​ ។ ពួក​គាត់​បន្ត​ថា កាលពី​ម្សិលមិញ គឺ​មាន​ភ្លៀង​ធ្លាក់ ហើយ​ភ្លៀង​តាំងពី​វេលា​ក្បាល​ល្ងាច​រហូត​ដល់​យប់ ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ឈប់​ឈរ ​ដូច្នេះ​​ហើយ ទើប​បង្ក​អោយ​មាន​ជា​ទឹក​ជន់​លិច​ផ្លូវ និង​លិច​ចូល​ដល់​ក្នុង​លំនៅ​ឋាន​របស់​ពួក​គាត់​ថែម​ទៀត​ផង​ ។

ជាក់ស្តែង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២០​នេះ គេ​ស​ង្គេ​ត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​មិន​ថា អ្នកដំណើរ ឬ​ប្រជា​​ពលរដ្ឋ​រង​ការ​លិចលង់​ផ្ទះ​នោះ​​ទេ គឺ​នាំ​គ្នា​បណ្តើរ​​ម៉ូតូ​ទាំងអស់​គ្នា ព្រោះ​​តែ​មិន​អាច​ជិះ​ធ្វើ​ដំណើរ​កើត ​គឺ​ជិះ​​ម៉ូតូ​បាន​តែ​បន្តិច​ក៏​​រលត់ម៉ាស៊ីន​​ដោយសារ​ចូល​ទឹក​, រីឯ​អ្នកខ្លះ​ទៀត​បាន​ដើរ​ដោយ​ថ្មើរជើង ដោយ​ស្ថានភាព​ទឹក​លិច​ដល់​ពាក់កណ្តាល​ខ្លួន​​ឯណោះ​ ។ បើ​​រថយន្ត​វិញ គឺ​ត្រូវ​រលត់​ម៉ាស៊ីន​នៅ​ជាប់​ក្នុង​ទឹកតែ​ម្តង ព្រោះ​​កម្ពស់​ទឹក​ខ្ពស់ ។

ឆ្លើយឆ្លង​ជាមួយ​កោះ​​សន្តិភាព នា​ព្រឹក​ថ្ងៃ​ទី​៧ សីហា លោក​សួ​ស សា​រិ​ន ចៅសង្កាត់​បឹង​ទំពន់​ទី​១ បាន​បញ្ជាក់​ថា ៖ ទឹក​ដែល​បាន​ជន់​លិច ក្រោយ​ភ្លៀង​មួយ​មេ​ធំ​កាលពី​ម្សិលមិញ​រួច​មក បាន​ប៉ះពាល់​ដល់​លំនៅ​ឋាន​រស់នៅ​របស់​ពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ ដែល​ពួក​គាត់​រស់នៅ​ក្នុងភូមិ​ចំនួន​២ គឺ​ភូមិ​សន្សំ​កុសល​១ និង​សន្សំ​កុសល​២ ហើយ​ការ​ជន់​លិច គឺ​ជន់​លិច​នៅ​ចំណុច​ជាប់មាត់​ប្រលាយ​បង្ហូរទឹក ព្រោះ​​ចំណុច​នេះ ជា​ចរន្ត​សម្រាប់​បង្ហូរទឹក​ជន់ ប៉ុន្តែ​ប្រសិនបើ​ភ្លៀង​ខ្លាំង​ពេក កន្លែង​នេះ​ក៏​ត្រូវ​ជន់​លិច​ផង​ដែរ ។

លោក​ចៅសង្កាត់​បន្ត​ថា បច្ចុប្បន្ន​មន្ត្រី​អាជ្ញាធរ​សង្កាត់ បាន​សហការ​ជាមួយ​ខណ្ឌ មន្ទីរ​សា​ធារ​ណះ​ការ​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ព្យាយាម​ប៊ូ​ម​ទឹក​ចេញពី​តំបន់​ខាងលើ​ហើយ ដោយ​បូ​ម​នៅ​ចំណុច​ស្ថាន​នី​យ៍​ប៊ូ​ម​ទឹក​បឹង​ទំពុន​ ហើយ​ទម្លាក់​ទឹក​ទៅ​ខាង​បឹង​ជើងឯក​ជាប​ណ្តោះ​​អាសន្ន ដើម្បី​រំ​ដោះ​​ទឹក​ចេញ ។

លោក​បញ្ជាក់​ថា ប្រសិនបើ​ល្ងាច​នេះ មិន​មាន​ភ្លៀង​នោះ​​ទេ ទឹក​នៅ​តំបន់​នេះ​នឹង​ស្រក​ជាក់​ជា​មិន​ខាន ក្រោយ​ការ​បូម​​ចេញ​រួច ប៉ុន្តែ​ប្រសិនបើ​ភ្លៀង​នៅ​បន្ត​ភ្លៀង​ខ្លាំង​ទៀត​នោះ​ លោក​នៅ​មិន​ទាន់​ដឹង​ថា ស្ថានភាព​ទឹក​ជន់​នឹង​បែប​ណា​ទៀត​​នោះ​​ទេ ជាក់ស្តែង​ទៅ​លើ​ស្ថានភាព​ទឹកភ្លៀង​ជា​មុន​សិន ប៉ុន្តែ​​ទោះ​​បី​ជា​យ៉ាងណា គិត​ត្រឹម​វេលា​ថ្ងៃ​ត្រង់នេះ នៅ​តំបន់​ខាងលើ ទឹកបាន​ស្រក​ស្ទើរ​ពាក់កណ្តាល​ហើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ