ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​បាត់​ហើយ​នៅ​តែ​មិន​ធ្វើ​របង

9 ឆ្នាំ មុន

ពាក្យចាស់​លោក​ពោល​ថា «​គោ​បាត់​ទើប​ធ្វើ​របង ដល់​ពេល​ប្រឡង​ទើប​មើលសៀវភៅ​» នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​គោ ឬ​បេក្ខជន​ដែល​មិន​បាន​ត្រៀមខ្លួន​ជា​មុន

ពាក្យចាស់​លោក​ពោល​ថា «​គោ​បាត់​ទើប​ធ្វើ​របង ដល់​ពេល​ប្រឡង​ទើប​មើលសៀវភៅ​» នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​គោ ឬ​បេក្ខជន​ដែល​មិន​បាន​ត្រៀមខ្លួន​ជា​មុន ដើម្បី​បង្ការ​គ្រោះ​មហន្តរាយ​ណាមួយ​ដែល​អាច​កើតឡើង​ចំពោះ​ខ្លួន ។

ទោះ​ជាយ៉ា​ង​ណា​ក្តី ពាក្យចាស់​មួយ​ឃ្លា​ខាងលើ​នេះ​វា​នៅ​តែ​ប្រសើរ​ជាង​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន ។ ប្រសើរ​ជាង​នៅ​ត្រង់​ថា រឿង​រ៉ា​វ​កើតឡើង​ហើយ នៅ​តែ​មិន​ប្រុង​ប្រយ័ត្ន មិន​ធ្វើ​របង​ការពារ​បណ្តោយ​ឱ្យ​ហេតុការណ៍​ទាំងនោះ​កើតឡើង​ដដែល​ៗ ។

ជាក់ស្តែង​ណាស់ គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​នៅ​មាន​ភាព​ធូររលុង​ចំពោះ​ការ​អនុវត្ត​ច្បាប់ គ្មាន​វិធានការ​ការពារ ទប់ស្កាត់ ហើយ​លទ្ធផល​ចុង​ក្រោយ​បន្ទោស​គ្នា រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ឆ្លើយ​ដោះសា​យករួចខ្លួន រក​អ្នក​ទទួលខុស​អត់​ឃើញ តែ​ដណ្តើម​គ្នា​យក​ត្រូវ ។

ជា​ឧទាហរណ៍ សោកនាដកម្ម​អ្នក​ភូមិ​រកា ខេត្តបាត់ដំបង ដោយសារ​ពេទ្យ​ឯកជន យ៉ែ​ម ជ្រិ​ន ដែល​គ្មាន​សញ្ញាបត្រ​ពេទ្យ​ត្រឹមត្រូវ ព្យាបាល​ខុស​បច្ចេកទេស ទីបំផុត​ធ្វើ​ឱ្យ​អ្នក​ភូមិ​រការ​ជាង​២០០​នាក់​ផ្ទុកមេរោគ​រង​ទុក្ខ​អស់​មួយ​ជីវិត ឯ​អ្នក​ទទួលខុសត្រូវ​បាន​ត្រឹមតែ​ឆ្លើយ​ថា «​គ្រូពេទ្យ​ស៊ីឈ្នួល​ចាក់​ថ្នាំ​» ។ ហេតុ​អ្វី​បាន​បណ្តោយ​ឱ្យ​គ្រូពេទ្យ​ស៊ីឈ្នួល​ចាក់​ថ្នាំ​បន្ត​ដុះ​ស្លែ​ចាក់​ឫស​បែប​នេះ​បាន​យូរ​ដល់​រាប់​ឆ្នាំ​ម្ល៉េះ ? តើ​នៅ​មាន​ពេទ្យ​ប្រភេទ​ញែ​ម ជ្រិ​ន ប៉ុន្មាន​នាក់​ទៀត​ស្រុក​ខ្មែរ សុំ​ក្រសួងសុខាភិបាល​មើល​ផង មុន​នឹង​អនុញ្ញាត​ច្បាប់​ឱ្យ​បើក​គ្លីនិក​ព្យាបាល ឬ​មួយ​ក៏​គ្រាន់តែ​ហុច​ស្រោមសំបុត្រ​តិចតួច​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ ? 

បើ​និយាយ​រឿង​គ្លីនិក​ឯកជន​អត់​មាន​វិជ្ជាជីវ​ត្រឹមត្រូវ វា​ទុំ​ជោ​ទៅ​ហើយ​នៅ​ស្រុក​ខ្មែរ ហើយ​បញ្ហា​ទាំង​អស់នេះ វា​បាន​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​ដល់​គ្លីនិក​ល្អ​ៗ​មួយ​ចំនួន​ទៀត​ដែល​រកស៊ី​ត្រឹមត្រូវ ។

ចំណែកឯ​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​ទៀត​ដូច​ជា ៖ ក្រសួង​ការងារ​បណ្តែតបណ្តោយ​ឱ្យ​មាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​មួយ​ចំនួន​បោកប្រាស់​ប្រជាជន ហើយ​ទីបំផុត​រក​អ្នក​ទទួលខុសត្រូវ​អត់​ឃើញ ។

ចំណែកឯ​ក្រសួង​អប់រំ​វិញ​មិន​បាន​ពិនិត្យ​មើល​សាលា​ឯកជន​មួយ​ចំនួន ដែល​មិន​ត្រូវ​ស្តង់ដា ទាំង​ទីតាំង​និង​គុណភាព​អប់រំ​ដល់​សិស្ស​រៀន​ឆ្នាំ​ទី​២-៣ ស្រាប់តែ​ប្រកាស​ថា ក្រសួង​មិន​ទទួលស្គាល់ តើ​សិស្ស​ដែល​រៀន​នៅ​ទីនោះ​ទៅ​ណា ?

រីឯ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់​វិញ មិន​ព្រម​ប្រកាស​ឱ្យ​ប្រជាជន​ដឹង​មុន​ថា សំណង់ផ្ទះ​ល្វែង​ណា​ខុស​ឬ​អត់​ច្បាប់​ទេ តែ​ដល់​ប្រជាពលរដ្ឋ​ទិញ​ហើយ ទើប​ចេញ​លិខិត​មិន​ទទួលស្គាល់​សំណង់​ទាំងនោះ​ទៅ​វិញ អ្នក​រង​គ្រោះ​គឺ​ប្រជាពលរដ្ឋ អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ ។

បើ​និយាយ​ទៀត​វា​កាន់តែ​អាក្រក់ តែ​ណ្ហើយ​ទៅ​ចុះ​ឈប់​និយាយ​ហើយ គ្រាន់តែ​ផ្តាំ​ថា បើ​ធ្វើ​របង​មុន​ពេល​បាត់គោ​ក្របី គឺជា​រឿង​គាប់ប្រសើរ​បំផុត ឬ​មួយ​បាត់​គោមួយ​ក្បាល​ហើយ​ធ្វើ​របង​ការពារ​គោ​ដែល​នៅ​សល់ ក៏​វា​នៅ​គ្រាន់បើ​ដែរ ។ សុំ​តែ​ម្យ៉ា​ង​ទេ សូម​ធ្វើ​របង​ចាក់សោ​ឱ្យ​ជិត​មុន​ពេល​បាត់ ឬ​យា​៉​ង​ហោច​ណាស់​ក៏​គួរតែ​រក​មធ្យោបាយ​ការពារ​កុំឱ្យ​បាត់គោ​បន្ត​ទៀត​ក៏​បាន​ដែរ កុំឱ្យ​វា​កើតរឿង​ដដែល​ៗ​តទៅ​ទៀត ៕
ដោយ ៖ ហេង ដេ​ត