ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ទន្លេមេគង្គ​ព្រួយបារម្ភ​ត្រី​ក្នុង​បឹង​ទន្លេសាប​ធ្លាក់​ចុះ​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទឹក​ក្នុង​បឹង​ទន្លេសាប​តិច ហើយ​អូស​បន្លាយពេល​យូរ​អាច​ធ្វើ​ឲ្យ​ការ​បន្ត​ពូជ​ត្រី​ថយ​ចុះ ដោយសារ​ការ​បាត់បង់​នូវ​តំបន់​លូតលាស់​នានា ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​មច្ឆា សត្វ និង​រុក្ខជាតិ​ក្នុង​ទឹក​ដទៃ​ទៀត ។ នេះ​ជា​ការ​ព្រួយបារម្ភ​របស់​គណៈកម្មការ​ទន្លេមេគង្គ…

រាជធានី​ភ្នំពេញ ៖ ទឹក​ក្នុង​បឹង​ទន្លេសាប​តិច ហើយ​អូស​បន្លាយពេល​យូរ​អាច​ធ្វើ​ឲ្យ​ការ​បន្ត​ពូជ​ត្រី​ថយ​ចុះ ដោយសារ​ការ​បាត់បង់​នូវ​តំបន់​លូតលាស់​នានា ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​នៃ​មច្ឆា សត្វ និង​រុក្ខជាតិ​ក្នុង​ទឹក​ដទៃ​ទៀត ។ នេះ​ជា​ការ​ព្រួយបារម្ភ​របស់​គណៈកម្មការ​ទន្លេមេគង្គ ហៅ​កាត់​ថា MRC ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ឡាវ ។

ជាមួយ​គ្នា​នេះ MRC ថា ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ត្រី​អាច​នឹង​កើត​មាន​ឡើង​ដែល​បញ្ហា​នេះ​នឹង​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង​សម្រាប់​សហគមន៍​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ក្នុង​តំបន់ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​វៀង​ចន្ទ ប្រទេស​ឡាវ​ថ្មី​ៗ​នេះ​គណៈកម្មការ​ទន្លេមេគង្គ​ថា បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី​ដែល​បង្ក​ដោយ​បាតុភូត​អាកាសធាតុ​អែ​ល នី​ណូ (El Nino) ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ ដែល​បន្ត​អូស​បន្លាយ​ចាប់ពី​ឆ្នាំ​២០១៩ មក និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃទន្លេ​មេគង្គ ។ លំហូរ​ទាប​បែប​នេះ​បាន​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួប​ប្រទះ «​ស្ថានភាព​ស្ងួត​ខ្លាំង​» ដែល​បង្ក​ឲ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​កំណត់​ត្រា គិត​ចាប់ពី​ឆ្នាំ​១៩៩៧ មក ។

គណៈកម្មការ​ទន្លេមេគង្គ​ថា លំហូរ​ទាប​នា​ពេល​បច្ចុប្បន្ន​អាច​នឹង​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​លើ​ប្រទេស​កម្ពុជា ដោយសារ​ការ​បាត់បង់​នូវ​សក្តានុពល​ជលផល និង​ធារាសាស្ត្រ ។ ប្រទេស​វៀតណាម អាច​នឹង​ជួប​ប្រទះ​ការ​កាត់​បន្ថយ​ផលិតកម្ម​ស្រូវ​លើ​ដីសណ្ត ហើយ​ផលិតផល​កសិកម្ម​ក្នុង​ប្រទេស​ឡាវ និង​ថៃ ក៏​អាច​នឹង​រង​ផល​ប៉ះពាល់​ផង​ដែរ ។

របាយការណ៍​បន្ថែម​ថា អ​តុល្យភាព​បែប​អេកូឡូស៊ី​អាច​នឹង​កើត​មាន​ដោយសារ​បម្រែបម្រួល​ខ្លាំង​នៃ​ការ​កំណត់ពេល​ថិរៈវេលា និង​វិសាលភាព​នៃ​ការ​ជន់​លិច​ក្នុង​បឹង​ទន្លេសាប និង​តំបន់​លិច​ទឹក​ជុំវិញ​បឹង​នេះ​។

បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន MRC បាន​លើក​ឡង​ថា «​យើង​អំពាវនាវ​ឲ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង ៦ បង្កើន​ការ​ចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​អំពី​ប្រតិបត្តិការ​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​របស់​សា​ម៉ី​ប្រទេស ជាមួយនឹង MRC ឲ្យ​បាន​រហ័ស និង​ប្រកបដោយ​តម្លាភាព ។ វា​ដល់​ពេល​ហើយ ដែល​ប្រទេស​ទាំងអស់ ត្រូវ​អនុវត្ត​នូវ​អ្វី​ដែល​ខ្លួន​បាន​អះអាង និង​ធ្វើ​សកម្មភាព​ដើម្បី ប្រយោជន៍​រួម​សម្រាប់​អាង​ទន្លេមេគង្គ​ទាំងមូល និង​សម្រាប់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​» ។

គណៈកម្មការ​ទន្លេមេគង្គ​ថា បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំ​ជាងគេ និង​មាន​ផលិតភាព​ខ្ពស់​បំផុត​នៅ​ក្នុង​អាស៊ី​អ​គ្នេ​យ៍ ។ បឹង​នេះ​ត្រូវ​បាន​ចាត់ទុកជា​ទីជម្រក​ជីវៈចម្រុះ​មួយ​ក្នុង​ពិភពលោក និង​ជា​រោងចក្រ​ត្រី​ដ៏​សំខាន់​របស់​ទន្លេមេគង្គ ។

ជា​ទូទៅ​លំហូរ​ត្រឡប់​ចូល​បឹង​ពី​ទន្លេមេគង្គ កើត​មាន​ចាប់ពី​ពាក់កណ្តាល​ខែឧសភា ដល់​ពាក់កណ្តាល​ខែតុលា ដែល​មាន​រយៈពេល​១២០ ថ្ងៃជា​មធ្យម ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​លំហូរ​ត្រឡប់​នៅ​ក្នុង​បរិមាណ​ប្រក្រតី នៅ​មិន​ទាន់​កើត​មាន​ទេ បើ​ទោះបីជា​មាន​លំហូរ​បរិមាណ​តិច​បំផុត​ពីរ​ដង នៅ​ក្នុង​ខែកក្កដា​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ