ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អនាថា​ម្នាក់​ដើរ​ដួល​សន្លប់​តាម​ផ្លូវ ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ មិន​ព្រម​មក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អនាថា អាយុ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ដួល​សន្លប់​នៅ​លើ​ចិញ្ចើម​ផ្លូវ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ក្រោយមក​ក៏​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អនាថា អាយុ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ដួល​សន្លប់​នៅ​លើ​ចិញ្ចើម​ផ្លូវ អស់​រយៈពេល​ជា​ច្រើន​ម៉ោង ក្រោយមក​ក៏​មាន​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន ដោយ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សា​មុ​យ​ពី​មន្ទីរពេទ្យ​មួយ​ចំនួន ដើម្បី​ដឹក​នាង​យក​ទៅ​សង្គ្រោះ តែ​មិនឃើញ​មាន​រថយន្ត​ណា​មក​ទេ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១ កុម្ភៈ នៅ​មុខ​ផ្ទះ​លេខ​៥៤A មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​អនាថា​ម្នាក់​នេះ បាន​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង សំដៅ​ទៅ​វិមាន​ឯករាជ្យ ស្រាប់តែ​ដល់​កន្លែង​កើតហេតុ​ក៏​ដួល និង​សន្លប់​បាត់ស្មារតី​នៅ​លើ​ផ្លូវ​តែ​ម្តង ។ ក្រោយ​ពី​បានឃើញ​បែប​នេះ ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​នោះ ក៏​បាន​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ។

ខណៈ​ពេល​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ ក៏​បាន​លើក​នាង​យក​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ រួច​យក​ទឹក និង​ទឹកដោះគោ ទៅ​បញ្ចុក​នាង ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ដឹងខ្លួន និង​បាន​សន្លប់​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ។ ក្នុងអំឡុងពេល​នោះ អាជ្ញាធរ​បាន​ទូរស័ព្ទ​ទៅ​រថយន្ត​សង្គ្រោះ​ដែរ តែ​ពុំ​ឃើញ​មាន​រថយន្ត​សា​មុ​យ​ពី​មន្ទីរពេទ្យ​ណាមួយ មក​ដឹក​ទៅ​សង្គ្រោះ​ឡើយ ។

ដោយសារ​តែ​ទូរស័ព្ទ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​ច្រើន​ហើយ នៅ​តែ​មិនឃើញ​បញ្ជូន​រថយន្ត​សា​មុ​យមក​ទទួល​នោះ អាជ្ញាធរ​មូលដ្ឋាន​ក៏​សម្រេច​បញ្ជូន​នាង​តាម​រថយន្ត​កូរ៉េ​របស់​សាលាសង្កាត់​ទន្លេបាសាក់ ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​រាជធានី ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ឃើញ​ហេតុការណ៍​នេះ បាន​រិះគន់​ខ្លាំង​ៗ​ចំពោះ​មន្ទីរពេទ្យ​មួយ​ចំនួន ដែល​សុទ្ធតែ​ជា​មន្ទីរពេទ្យ​របស់​រដ្ឋ មិន​គួរ​ណា​មិន​ចេញ​រថយន្ត​មក​ទទួលយក​ស្ត្រី​រង​គ្រោះ​ទៅ​សង្គ្រោះ​បែប​នេះ​ឡើយ ឬ​ក៏​គិត​ថា​គាត់​ជា​ជនអនាថា​ពុំ​មាន​ថវិកា​ដើម្បី​ព្យាបាល ទុក​ឱ្យ​ស្លាប់​តាម​យថាកម្ម ?