ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វៀន​​មួយ​ចំនួន​បង្កើន​ការ​ប្រកួត តែ​​អា​សុ​ី​អាគ្នេយ៍ និង​ប៉ុស្តិ៍​លេខ​5​ បន្ត​បិទ​ទ្វារ​​គ្មាន​តម្រុយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ សង្វៀន​ប្រដាល់​របស់​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្តិ៍​លេខ​៥ ដែល​សុទ្ធ​តែ​មាន​សក្ដានុពល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ប្រដាល់ បាន​បន្ត​បិទ​ចោល​កម្មវិធី​ប្រដាល់​របស់​ខ្លួន​ទាំងស្រុង ។ មក​ទល់​ពេល​នេះ សង្វៀន​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​កំណត់​ថា​ត្រូវ​បើក​ជា​ថ្មី​ឡើង​វិញ​ពេល​ណា…

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ សង្វៀន​ប្រដាល់​របស់​ទូរ​ទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ប៉ុស្តិ៍​លេខ​៥ ដែល​សុទ្ធ​តែ​មាន​សក្ដានុពល​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ប្រដាល់ បាន​បន្ត​បិទ​ចោល​កម្មវិធី​ប្រដាល់​របស់​ខ្លួន​ទាំងស្រុង ។ មក​ទល់​ពេល​នេះ សង្វៀន​ទាំង​ពីរ​នៅ​តែ​មិន​ទាន់​កំណត់​ថា​ត្រូវ​បើក​ជា​ថ្មី​ឡើង​វិញ​ពេល​ណា ឬ​បិទ​យូរ​ទៀត​នោះ​ទេ ខណៈ​អ្នកគ្រប់គ្រង​ទូទៅ​បាន​តែ​លើក​ឡើង​ថា កំពុង​រៀបចំ ស្រប​ពេល​ដែល​សង្វៀន​ផ្សេង​គឺ​មាន​តែ​បង្កើន​ការ​ប្រកួត។

ប្រភព​ពី​ស្ថាប័ន​ទូរទស្សន៍​ទាំង​ពីរ អះអាង​ថា ខាង​ស្ពុ​ន​ស័​រ​ចង់ឱ្យ​បម្រាម​នៃ​ការ​បិទទ្វារ​មិន​ឱ្យ​ចូល​ទស្សនា ត្រូវ​បាន​បើក​សិន​ចាំ​បើក​សង្វៀន​ឡើង​វិញ ខណៈ​ដែល​អ្នក​រៀបចំ​ក៏​បាន​បង្ហើប​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​រដូវ​កាល​ថ្មី ឬ​ប្រកួត​មិត្តភាព នឹង​មិន​អាច​ដំណើរការ​ទេ ដោយសារ​តែ​កីឡាករ​ដែល​ជា​សមាសភាព​ប្រកួត​ល្អ​ៗ គឺ​ពិបាក​រក​អ្នក​ប្រកួត​ឱ្យ​ទាក់ទាញ​នោះ​ផង​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​ថ្លែង​ថា សង្វៀន​ប្រដាល់​របស់​លោក​នឹង​បន្ត​បិទទ្វារ មិនដឹង​ពេល​ណា​ទើប​អាច​ដំណើរការ​វិញ​នោះ​ទេ ដោយ​លោក​បោះពាក្យ​ថា ទំនងជា​រហូត​ដល់​ចប់​កូ​វី​ដ​-១៩ ហើយ​មានការ​បើកទ្វារ​ឱ្យ​មហាជន​ចូល​ទស្សនា​ឡើង​វិញ ។ លោក​ថា​ហេតុផល​គឺ​ការ​រៀបចំ​កាលពី​មួយ​រយៈពេល​មុន គឺ​នៅ​តែ​មិន​ទាន់​ល្អ​នៅឡើយ ទើប​លោក​បន្ត​បិទទ្វារ ។

យ៉ាងណា​មិ​ញ​មានការ​បង្ហើប​ថា ហេតុផល​សំខាន់​គឺ​ដោយសារ​តែ​ស្ថាប័ន​ទូរទស្សន៍​រក​ស្ពុ​ន​ស័​រ​ដើម្បី​រៀបចំ​មិន​ទាន់​បាន​ប៉ុណ្ណោះ ទើប​ដំណើរ​ការ​ទៅ​មិន​រួច ។ ការ​ទម្លាយ​នេះ ស្រប​ពេល​ដែល​សង្វៀន​ផ្សេង​បែរជា​មាន​លទ្ធភាព​បង្កើត​បន្ថែម​នូវ​ការ​ប្រដាល់​របស់​ខ្លួន បើ​ទោះជា​ចំហាយ​កូ​វី​ដ​-១៩​នៅ​តែ​វាយលុក ។ នៅ​សង្វៀន​CNC និង CTN ដំណើរការ​រហូត​ដល់​ទៅ​៥​សង្វៀន ខណៈ​ដែល​សង្វៀន​បាយ័ន និង PNN ក៏​បង្កើន ហើយ​មើលទៅ​រឹង​មាំ​ទៀត​ផង ។

មុន​នេះ សង្វៀន​បាយ័ន​ទើបតែ​ប្រកាស​បើក​មួយ​សង្វៀន​បន្ថែម​ទៀត ទើប​ជា​ការ​ចាប់អារម្មណ៍ ដែល​សង្វៀន​អាស៊ី​អាគ្នេយ៍ ដែល​មុន​កូ​វី​ដ​-១៩​មាន​រហូត​ដល់​៣​សង្វៀន និង​ពេល​ខ្លះ​មាន​ដល់​៤​សង្វៀន ស្រាប់តែ​បិទ​ស្ងាត់ឈឹង​បែប​នេះ ។ ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ញាណ សុធី ថា​វា​គឺជា​រឿង​មួយ​ផ្នែក ប៉ុន្តែ​មូលហេតុ​សំខាន់​គឺ​អាច​ស្ថានភាព​នៃ​ការ​រៀបចំ​នៅ​មិន​ទាន់​ទៅ​រួច​ប្រសិនបើ​នៅ​រៀបចំ​ពេល​នេះ ។

លោកថា សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ល្បី​នឹង​ការ​ប្រកួត​អន្តរជាតិ ហើយ​នៅ​ក្នុង​កាលៈទេសៈ​ដែល​កីឡាករ បរទេស​មិន​ទាន់​អាច​មក​ប្រកួត​នៅ​កម្ពុជា​បាន ហាក់​ធ្វើ​ឱ្យ​លោក​មិន​ទាន់​ចង់​បើក​ជា​ថ្មី​។ យ៉ាងណាមិញ​លោក​ថា កំពុង​ស្វះស្វែង ដោយ​អាច​បើក​មុន​កូ​វី​ដ​-១៩​ចប់​ទាំងស្រុង ឬ​អាច​បើក​វិញ​ឆាប់​ៗ​។

ងាក​ទៅ​មើល​ស្ថាប័ន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ឯណោះ​វិញ លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រដាល់ ក៏​បាន​ត្រឹមតែ​អះអាង​ថា កំពុង​រៀបចំ មិនដឹង​ពេល​ណា​បើក​វិញ​នោះ​ដែរ​។

លោក​ថា ស្ថាប័ន​របស់​លោក​សម្រេចចិត្ត​បិទ​ចោលការ​ប្រកួត ហើយ​មិន​ទាន់​បើក​វិញ គឺ​ដោយ​សារ​តែ​ហេតុផល​ស្ពុ​ន​ស័​រ​ផ្អាក និង​ស្វែង​រក​កីឡាករ​មក​ប្រកួត​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ថ្មី​មិន​ទាន់​គ្រប់ ។ លោក​ថា អ្នក​ខ្លះទៅ​ស្រុក ហើយ​អ្នកខ្លះ​មិន​ទាន់​ចូល​ក្លិប ធ្វើ​ឱ្យ​ការ​ជ្រើសរើស​កីឡាករ​ដើម្បី​ប្រកួត​រដូវ​កាល​ថ្មី នៅ​តែ​មិន​ស្រួល​ដូច​មុន ។

លោក​ថា ការ​បិទទ្វារ​ជា​ថ្មី​នេះ ពិតជា​ប៉ះពាល់​គ្រប់​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ប្រដាល់​ទាំងអស់ តែ​លោក​ថា​ធ្វើ​ម៉េច​បើ​នេះ​គឺជា​បញ្ហា​របស់​ពិភពលោក ហើយ​ប៉ុស្តិ៍​លេខ​៥​ក៏​មិន​ចង់​បើក​ប្រកួត​ក្នុង​សភាព​ស្ងប់ស្ងាត់​ផង​ដែរ ទើប​សុខចិត្ត​សម្ងំ​សិន ។ លោក​ថា ការ​ប្រកួត​នៅ​ស្ថាប័ន​របស់​លោក គឺជា​ការ​ប្រកួត​ដណ្ដើម​ជើងឯក ដូច្នេះ​ទើប​មិន​ចង់ឱ្យ​ការ​ប្រកួត​នេះ កើតឡើង​ក្នុង​សភាព​ដែល​គ្មាន​អ្នក​ទស្សនា​ដូច​រាល់ថ្ងៃ​នោះ​ទេ ។

លោក​ថា ការ​ប្រកួត​នឹង​មិនល្អ​មើល​នោះ​ទេ ខណៈ​ដែល​កីឡាករ​ក៏​មិន​ប្រកួត​អស់ដៃ ដោយសារ​តែ​ហេតុផល​នេះ ។ លោក​ទទូច​ឱ្យ​កីឡាករ​ដែល​រង​ផល​ប៉ះពាល់ កុំ​បោះបង់​ការ​ហ្វឹកហាត់ កុំ​បណ្ដោយ​ឱ្យ​កម្លាំង និង​សមត្ថ​ភាព​ចុះ​ខ្សោយ ហើយ​លោក​ក៏​ទទូច​ឱ្យ​តែ​បើក​សង្វៀន ម្ចាស់​ស្ពុ​ន​ស័​រទាំង​អស់​បន្ត​ការ​គាំទ្រ​នៅ​ក្នុង​វិស័យ​មួយ​នេះ ជា​ពិសេស​នៅ​ពេល​ការ​ប្រដាល់​ទាំងមូល​ដំណើរការ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ