ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ករណីលួចឆ្លងដែនខុសច្បាប់នៅតែកើតមានស្ទើររាល់ថ្ងៃ ខណៈភាគីថៃបញ្ជូនត្រឡប់តាមរថយន្តទ្រុងក៏កើតមានជាហូរហែផងដែរ។
សេចក្តីរាយការណ៍បន្តថា ជួនកាលតាមច្រកកិច្ចព្រមព្រៀង (ច្រករបៀងអូរបីជាន់) ជួនកាលតាមច្រកតំបន់ និងខ្លះតាមច្រកអន្តរជាតិប៉ោយប៉ែតជាដើម។
ជាក់ស្តែងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ មានពលករប្រុស-ស្រីចំនួន២០នាក់ដែលភាគីថៃបញ្ជូនត្រឡប់មកវិញ ដោយដឹកតាមរថយន្តទ្រុងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រគល់ឲ្យនគរបាលអន្តោប្រវេសន៍ ក្រោយចាប់ខ្លួនក្នុងខេត្តស្រះកែវ។
ដោយឡែកក្នុងថ្ងៃដដែលនេះ ពលករចំនួន៨នាក់ទៀត ដែលលួចឆ្លងដែនចូលទៅដីថៃដើម្បីទៅរកការងារធ្វើ ក៏ត្រូវសមត្ថកិច្ចថៃចាប់ខ្លួននៅស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឈមនឹងទឹកដីកម្ពុជា ស្រុកថ្មពួកផងដែរ។
ប្រភពដដែលបន្តថា ពលករទាំង២៨នាក់ខាងលើ ក្នុងនោះមានស្រី១៣នាក់។ ហើយបើតាមក្រុមមន្ត្រីជំនាញបានប្រាប់ថា រាល់ការបញ្ជូនត្រឡប់ពីថៃ ពលករទាំងអស់ត្រូវបានធ្វើចត្តាឡីស័ក្តវាស់កំដៅ ដើម្បីពិនិត្យសុខភាពពីគ្រូពេទ្យជំនាញគ្រប់គ្នាៗ៕
ចែករំលែកព័តមាននេះ