ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ម៉ូ​ញ៉ូ​ម​នីត្រាត ជិត​៣​ពាន់​តោន ផ្ទុះ​បំផ្លាញ​កំពង់​ផែ​បេ​រូត ចម្ងាយ ៩​គីឡូម៉ែត្រជុំវិញ(វីដេអូ)

3 ឆ្នាំ មុន

ទីក្រុង​បេ​រូត ៖ មន្ត្រី​និយាយ​ថា ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ រញ្ជួយ​រដ្ឋធានី​បេ​រូត ប្រទេស​លី​បង់ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១០០​នាក់ និង​រង​របួស​ជាង ៤.០០០​នាក់​ផ្សេង​ទៀត…

ទីក្រុង​បេ​រូត ៖ មន្ត្រី​និយាយ​ថា ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ រញ្ជួយ​រដ្ឋធានី​បេ​រូត ប្រទេស​លី​បង់ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១០០​នាក់ និង​រង​របួស​ជាង ៤.០០០​នាក់​ផ្សេង​ទៀត បណ្តាល​មក​ពី​ការ​ឆាបឆេះ​ឃ្លាំង​ផ្ទុក​សារធាតុ​គិ​មី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ដ៏​ធំ​នៅ​កំពង់​ផែ​បេ​រូត ។

ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​នេះ បាន​កើតឡើង​ប្រហែល​ម៉ោង ៦​ល្ងាច (​ម៉ោង​ក្នុង​ប្រទេស​លី​បង់​) ថ្ងៃ​អង្គារ ទី​៤ សីហា ២០២០ នៅ​តំបន់​កំពង់​ផែ​បេ​រូត ។ ដំបូង​ឡើយ គេ​ឃើញ​មាន​អគ្គិភ័យ​ឆេះ និង​ការ​ផ្ទុះ​តូច​ៗ​ជា​ច្រើន ហើយ​បន្ទាប់​មក ការ​ផ្ទុះ​ដ៏​ធំ​មួយ​លាន់ឮ​ឡើង ធ្វើ​ឲ្យ​បំផ្លាញ​អគារ និង​ផ្ទះ​នៅ​ជុំវិញ​កំពង់​ផែ រាប​ដល់​ដី ។

ក្រុម​អ្នកជំនាញ​រញ្ជួយ​ដី បាន​វាស់វែង​ពី​កម្លាំង​នៃ​ខ្យល់​របស់​វា បាន​បំផ្លាញ​ទៅ​ដល់​បង្អួច​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​បេ​រូត ដែល​មាន​ចម្ងាយ ៩​គីឡូម៉ែត្រ (​ស្មើនឹង​ទំហំ​រញ្ជួយ ៣.៣ រ៉ិ​ច​ទ័​រ​) ។

ខ្សែ​វី​ដេ​អូ បាន​បង្ហាញ​អោយ​ឃើញ​ពី​ការ​ផ្ទុះ​ក៏​ខ្លាំង​នេះ មាន​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ លាយ​ផ្សែង​ខ្មួលខ្មាញ់ បន្ទាប់​មក​មាន​ពពក​ប៉ោង​ហោះ​ឡើង​ទៅ​លើ​មេឃ ពេល​នោះ​ព្យុះ​ដ៏​ខ្លាំង​មួយ​បាន​ហោះ​កាត់​ទៅ​កម្ទេច​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​លី​បង់ ។

នាយក​រដ្ឋមន្ត្រី​លី​បង់ លោក ហា​សាន់ ឌៀប Hassan Diab បាន​និយាយ​ថា សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ចំនួន ២.៧៥០​តោន ដែល​ជា​ជី​កសិកម្ម ស្តុក​នៅ​ក្នុង​ឃ្លាំង​កំពង់​ផែ បាន​ផ្ទុះ​ឡើង បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ បែប​នេះ ។

លោកនាយក​រដ្ឋមន្ត្រី ហា​សាន់ ឌៀប និយាយ​ថា យើង​មិន​អាច​ទទួលយក​បាន​ទេ និង​បាន​ប្តេជ្ញា​ស៊ើបអង្កេត រក​មូលហេតុ​បង្ក​អោយ​មានការ​ផ្ទុះ​នេះ ។

អា​ម៉ូ​ញ៉ូ​ម​នីត្រាត គឺជា​សារធាតុ​គីមី មាន​រាង​ដុំ​ស​ថ្លា គ្មាន​ក្លិន ផ្សំ​ជា​ជី​កសិកម្ម ហើយ​វា​ក៏​ជា​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ឧស្សាហកម្ម​ផ្សេង​ៗ បាន​រង​ការ​ផ្ទុះ កើត​ឡើងជា​ច្រើន​ទស​វត្ស​មក​ហើយ ។

គ្រោះថ្នាក់​នោះ​គឺ នៅ​ពេល​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ផ្សំ​ជាមួយ​ប្រេងឥន្ធនៈ វា​បង្កើត​ជា​គ្រឿងផ្ទុះ​ដ៏​ខ្លាំងក្លា​មួយ ដែល​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ នៅ​ក្នុង​ឧស្សាហកម្ម​សំណង់ ប៉ុន្តែ​ក៏​មាន​ក្រុម​បះបោរ ដូច​ជា​ក្រុម​តា​លី​បង់ ប្រើ​វា​សម្រាប់​ជា​គ្រឿង​បំផ្ទុះ​កែ​ច្នៃ ។

ប្រធាន​សន្តិសុខ​របស់​ប្រទេស​លី​បង់ លោក អា​បាស់ អ៊ី​ប្រា​ហ៊ី​ម បាន​និយាយ​ថា សំភារៈ​ទាំងនោះ ត្រូវ​បាន​រឹបអូស​បានជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ត្រូវ​យក​មក​រក្សា​ទុក នៅ​ក្នុង​ឃ្លាំង​កំពង់​ផែ ដែល​មា​នទី​តាំងនៅ​ជិត​ផ្សារ​លក់ទំនិញ និង​កន្លែង​កម្សាន្ត​ពេល​យប់​ក្នុង​រដ្ឋធានី​បេ​រូត ។

មិន​ទាន់​មានការ​បញ្ជាក់​ផ្លូវការ​ណាមួយ​ពី​មន្ត្រី​ប្រទេស​លី​បង់​នៅឡើយ ថា​ការ​ផ្ទុះ​នេះ បង្ក​ឡើង​ដោយ​ចេតនា នោះ​ទេ ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា ឧត្តមសេនីយ៍​អា​មេ​រិ​ក បាន​ប្រាប់​គាត់​ថា​ការ​ផ្ទុះ​នេះ ហាក់ដូចជា​បណ្តាល​មក​ពី​គ្រាប់បែក​មួយ​ប្រភេទ ។ លោក ត្រាំ បាន​បន្ត​ថា “​វា​មើលទៅ​ដូច​ជា​ការ​វាយប្រហារ​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​” ។

ប៉ុន្តែ​នៅ​ពេល​អ្នកកាសែត​សួរ​អំពី​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ថា​តើ​ពិត​ទេ ? អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន បាន​ឆ្លើយ​ប្រាប់ AFP ថា “​យើង​មិន​មាន​អ្វី​សម្រាប់​បកស្រាយ​ទេ​” ហើយ​ប្រាប់​អ្នកកាសែត ឲ្យ​ទាក់ទង​ទៅ​សេត​វិមាន ដើម្បី​សុំ​ការ​បំភ្លឺ ។

នៅ​ប្រទេស​លី​បង់ មន្ត្រី​កាកបាទក្រហម បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​យ៉ាងតិច ១០០​នាក់ និង​រង​របួស​ជាង ៤.០០០​នាក់​ផ្សេង​ទៀត ។

ក្រុម​ស្រាវជ្រាវ និង​ក្រុម​ជួយ​សង្គ្រោះ នៅ​តែ​បន្ត​ធ្វើ នៅ​តំបន់​ជុំវិញ​កំពង់​ផែ ដោយ​មាន​កម្ទេចកម្ទី​បាក់បែក​ពី​អគារ រាយ​ប៉ាយ​ពាសពេញ​តំបន់​នោះ ។

ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​ប្រទេស​លី​បង់ ក៏​បាន​ប្រកាស​គ្រាអាសន្ន ដាក់​បេ​រូត​ជា​តំបន់​គ្រោះ​មហន្តរាយ ។ ហើយ​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​ឲ្យ​ផ្តល់​ជំនួយ​ដល់​ប្រទេស​លី​បង់​ផង​ដែរ ។

លោក​ប្រធានាធិបតី Michel Aoun ប្រកាស​ថា លោក​នឹង​បញ្ចេញ​ថវិកា​បន្ទាន់​ចំនួន ១០០​ពាន់​លាន​លី​រ៉ា (​ស្មើ ៦៦​លាន​ដុល្លារ​អា​មេ​រិ​ក​) ។

យ៉ាងណា ប្រទេស​លី​បង់​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធំ​ទៅ​ហើយ នៅ​តាម​មន្ទីរពេទ្យ​ទូ​ទាំង​ប្រទេស គ្របដណ្ដប់​ដោយ​ជំងឺ​រាតត្បាត​គឺ កូ​វី​ដ​-១៩ រួច​ទៅ​ហើយ ។

សហរដ្ឋអាមេរិក បារាំង កា​តា អ៊ី​រ៉​ង់ និង​អ៊ី​ស្រា​អែ​ល ស្ថិត​ក្នុង​ចំណោម​ប្រទេស​សម្ព័ន្ធមិត្ត ដែល​នឹង​ផ្តល់​និង​បញ្ជូន​ជំនួយ​មក​ដល់​ប្រទេស​លី​បង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ