ខេត្តមណ្ឌលគិរី៖ សមាជិកគណៈកម្មាធិការថ្នាក់ជាតិខេត្តមណ្ឌលគិរី កំពុងបន្តការស៊ើបអង្កេតរកមនុស្សក្រោយខ្នងនៃជំនួញឈើចងបណ្តែតក្បូន នៅភូមិសាស្ត្រព្រំដែនអូរហ៊ុច ដើម្បីចាត់វិធានការផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនិងជាប្រធានគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិខេត្ត មណ្ឌលគិរី ថ្លែងអោយដឹង នៅព្រឹកថ្ងៃទី០៥ សីហា នេះថា ក្រោយប្រទះឃើញជំនួញឈើចងក្បូននេះហើយ លោកបានបញ្ជាអោយបើកការស្រាវជ្រាវ ស៊ើបអង្កេតបន្ទាន់ ស្វែងរកជននៅពីក្រោយ ដែលបង្កើតបទល្មើសព្រៃឈើមួយនេះ។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោកកែវ សុភគ៌ នៅព្រឹកដដែលនេះថា និងរកមធ្យោបាយរឹបអូសឈើទាំងនោះ និងបន្តស្វែងរកប្រភពនៃការកាប់ឈើអោយបានល្អិតល្អន់បន្ថែម។
ករណីនេះ មានសេចក្តីរាយការមិនទាន់ផ្លូវការបង្ហើបថា ជំនួញឈើខាងលើបានកាប់ចេញពីចំណុចភូមិសាស្ត្រអូរហ៊ុច មានប្រធានប៉ុស្តិ៍លោកលាង ភារ័ត្ន ហើយក៏មានជាប់ពាក់ព័ន្ធនិងកងកម្លាំងយោធាកាពារព្រំដែន ឈ្មោះឡឹក ញែក តួនាទីមេបញ្ជាការរងកងអនុសេនាធំទី២ ឈរមើលកាងារនេះដោយផ្ទាល់ និងក្រោមការបញ្ជាពីប្រធានរួមទាំងមេកើយចំនួន២នាក់ទៀត។ករណីដដែលនេះ វរៈកាពារព្រំដែនគោក៦២១ក៏ អាចជាប់ពាក់ព័ន្ធដែរ ព្រោះស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន។
ក្នុងប្រតិបត្តិការដែលដឹកនាំផ្ទាល់ ពីលោកនួន សារ៉ន អភិបាលស្រុកកែវសីមាកាលពីល្ងាចថ្ងៃទី០៤សីហានោះ បានសង្កេតឃើញថាក្រុមក្បួនបណ្តែតឈើ បានចតអែបច្រាំងនៃអូរលើដីប្រទេសវៀតណាម ចំណុចបង្គោលព្រំដែនលេខ៦១/២(១) និយាមការ០៧១៧៩៦៣,១៣៣៩៥០៨,ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌគិរី។
អភិបាលស្រុកកែវសីមាលោកនួន សារ៉ន ភ្លាមៗនៃការប្រទះឃើញការឈប់ចតនៃក្រុមក្បូនទាំងនោះ បានព្យាយាមទំនាក់ទំនងរាយការបន្ទាន់ ដោយសូមគោលការពីអភិបាលខេត្តមណ្ឌលគិរីរួមទាំងសូមកិច្ចសហការបង្ក្រាបពីភាគីប្រទេសវៀតណាមផងដែរ។លោកអភិបាលបញ្ជាក់ទៀតថា ឈើនេះគឺបណ្តែតមកពីភូមិសាស្ត្រខាងលើ និងបានចតនៅទីនេះព្រោះពុំអាចទៅមុខទៀតរួច។
ជាជំហានដំបូងលោកអភិបាលស្រុក បានបញ្ជាអោយដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយប៉ុស្តិ៍កាពារព្រំដែន បន្តយាមកាមឈើក្បូន និងស្រាវជ្រាវរកគល់ ដែលបានកាប់ប្រភេទឈើ អោយបានល្អិតល្អន់បំផុត៕
ចែករំលែកព័តមាននេះ