អាល្លឺម៉ង់ ៖ យោងតាមសមាគមគ្រូពេទ្យនៅប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា បច្ចុប្បន្នប្រទេសអាល្លឺម៉ង់កំពុងមានជំងឺកូវីដរលកទី២។
លោកស្រី Susanne Johna ប្រធានសមាគម Marburger Bund បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Augsburger Allgemeine ថា៖ «យើងស្ថិតក្នុងរលកទី២ នៃការឆ្លងរាលដាលហើយ»។
ប្រទេសអាល្លឺម៉ង់ មានការកើនឡើងនៃការឆ្លងថ្មីកូវីដ១៩ នៅក្នុងប៉ុន្មានថ្ងៃកន្លងមក ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកនយោបាយ និងអ្នកជំនាញខាងជំងឺ ដែលកំពុងអំពាវនាវឱ្យពលរដ្ឋប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍រក្សាគម្លាត និងអនុវត្តន៍អនាម័យ។
សមាគម Marburger Bund ជឿជាក់ថា ប្រព័ន្ធមន្ទីរពេទ្យរបស់ប្រទេសអាល្លឺម៉ង់ បច្ចុប្បន្នត្រូវបានរៀបចំយ៉ាងល្អ ដើម្បីប្រឈមមុខតទល់នឹងការកើនឡើងនៃការឆ្លង បន្ទាប់ពីប្រទេសនេះ បានពង្រីកសមត្ថភាពបន្ទប់ព្យាបាលផ្នែកជំងឺធ្ងន់ (ICU) របស់ខ្លួន។ ប៉ុន្តែលោកស្រី Johna បានព្រមានពលរដ្ឋកុំអោយមានការធ្វេសប្រហែស ដោយបានលើកឡើងថា៖ «យើងទាំងអស់គ្នាចង់បានភាពធម្មតា។ ប៉ុន្តែយើងបន្តរស់នៅក្នុងស្ថានភាពមួយ ដែលមិនធម្មតា»៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ