ដើម្បីតែជីវិត យាយ​​៧០​ឆ្នាំ​ដើរ​លក់​ក្រមា ឯតា​​៧២​ឆ្នាំ​​រត់​ម៉ូតូឌុប​​ ​


ខេត្តកំពង់ចាម ៖ នៅ​ក្រោម​ម្លប់​ឆត្រ​តូច​មួយ លោកយាយ​វ័យ​៧០​ឆ្នាំ​កំពុង​តែ​អង្គុយ​លក់​ក្រ​ម៉ា​នៅ​ចិញ្ចើមថ្នល់​ផ្លូវ​បេតុង​មុខ​ផ្សារ​ក្បែរ​ ច្រកចូល​ប្រាសាទ​នគរ​បា​ជ័យ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម​ ។ បើតាម​​លោកយាយ​បាន​ពោល​ថា​ មាន​ពេល​ខ្លះ​លក់​ស្ទើរ​មួយ​កំណាត់​ព្រឹក ​សូ​ម្បី​តែ​ក្រមា​១​មិនដាច់​​ក៏​មាន​ដែរ​។ ​ទោះបីជា​វ័យចាស់​បែប​នេះ​​ទៅ​ហើយ​គឺ​មិន​ដែល​ស្រណុក​ឡើយ ​គឺ​ត្រូវ​ប្រឹងរក​លុយ ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។

លោកយាយ​រ៉េ​ន រ៉ា​ន់ បាន​រៀបរាប់​ឱ្យ​កោះសន្តិភាព​ដឹង​ ​ព្រឹក​ថ្ងៃ​ទី​៥​ សីហា ២០២០​ថា គាត់​បាន​ចាប់ផ្ដើម​ប្រកប​របរ​លក់​ក្រមា​ខ្មែរ គិត​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​។​ចំណែក​ប្ដី​របស់​គាត់​វិញ​រត់​ម៉ូតូឌុប​គ្រាន់​នឹង​​បាន​លុយ​ខ្លះ​ ដើម្បី​ដោះស្រាយ​ជីវភាព ទោះបី​គាត់​មានកូន​ចំនួន​៣​នាក់ ​ក៏​ពិតមែនតែ​កូន​ទាំងនោះ​សុទ្ធតែ​មាន​ជីវភាព​ក្រ​ដូច្នេះ​ហើយ​ ទើប​គាត់​ប្រឹងប្រែង​តស៊ូ​ ដើម្បី​រស់​បន្ត​ទៀត​។

លោកយាយ​រូប​នេះ​បាន​រៀបរាប់​បន្ត​ទាំង​ទឹកមុខ​មិន​សប្បាយចិត្ត​ដោយ​បាន​លើក​ឡើង​ថា «មក​ដល់​ឆ្នាំ​២០២០​នេះ ​ខ្ញុំ​មាន​អាយុ​៧០​ឆ្នាំ​ហើយ​ ព្រមទាំង​មាន​ជំងឺលើសឈាម​ទៀត​ផង​។ ​រាល់​ព្រឹក​គាត់​ឱ្យ​ប្ដី​ដែល​មាន​វ័យ​៧២​ឆ្នាំ​ឌុ​ប​ចេញពីផ្ទះ​នៅ​ឃុំ​កោះ​រកា ស្រុក​កំពង់សៀម មក​លក់​នៅ​ផ្សារ​វត្ត​នគរ​បា​ជ័យ ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​ទី​៥​ សីហា គាត់​លក់​ក្រ​ម៉ា​ដាច់​បាន​ចំនួន​៣ ក្នុង​នោះ ​ក្រមា​មួយ​ចំណេញ​១.០០០​រៀល ។​មាន​ពេល​ខ្លះ​អង្គុយ​លក់​ពីរ​ទៅ​បី​ម៉ោង​មិនបាច់​សូ​ម្បី​តែ១០០​លុយ​ខ្មែរ​ក៏​មាន ដោយសារ​មិន​មាន​អ្នក​មក​ទិញ​។ មាន​ពេល​ខ្លះ ​បានឱ្យ​ប្ដី​ឌុ​ប​មក​លក់​នៅ​ផ្សារ​ព្រែក​ដើម​ចាន់ ផ្សារ​ភ្នំ​ប្រុស​ភ្នំ​ស្រី ផ្សារ​ត្រពាំង​ថ្ម ឬ​ក៏​ជិះ​រថយន្តឈ្នួល​មក​នោះ​នៅ​រាជធានី​ភ្នំពេញ ក៏​មាន​ដែល​អាច​ចំណេញ​ថវិកា​បាន​៣​ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។

លោកយាយ​លក់​ក្រមា​បាន​និយាយ​ទាំង​ដកដង្ហើម​ធំ​ថា «ចៅប្រុស​អើយ​!​ទោះបីជា​ខ្ញុំ​ចាស់​បែប​នេះ​ ទៅ​ហើយ​ក្តី ដោយ​មិន​បាន​ពឹង​ទៅ​លើ​កូន​ចំនួន​៣​នាក់ ដែល​ពួក​គេ​មាន​ប្ដី​ប្រពន្ធ​អស់ហើយ​” ព្រោះ​សុទ្ធតែ​មាន​ជីវភាព​ក្រ ហេតុ​ដូច្នេះ​ទើប​ពួក​គាត់​ទាំង​ពីរ​នាក់​(​តា​យាយ​) ត្រូវ​តែ​ប្រឹងប្រែង​រក​លុយ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ក្នុង​ពេល​ដែល​ជម្ងឺ covid បាន​ផ្ទុះ​ឡើង​គាត់​ព្រួយបារម្ភ​ហើយ​ក៏​មិន​បាន​ចេញ​ទៅ​លក់​ក្រ​ម៉ា ប្រហែល​ពីរ​ខែ​ទើបតែ​ស្ងប់ស្ងាត់ ក៏​បាន​ចេញ​មក​លក់​វិញ​ជា​បណ្ដើរ​ៗ​ជាមួយ​នោះ​ក៏​មាន​សាប៊ូ​សម្រាប់​លាងដៃ ធ្វើ​យ៉ាងណា​ការពារ​កុំអោយ​ឆ្លង​ជំងឺ​នេះ​៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ