ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កឹ​ម សុខា ៖ ខ្មែរ​ណា បក្ស​ណា ចាញ់ ឬ​ឈ្នះ​ជា​រឿង​ធម្មតា តែ​ធ្វើ​យ៉ាងណា​ឲ្យ​តែ​ខ្មែរ​ឈ្នះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ទស្សន​ថា ខ្មែរ​ណា បក្ស​ណា ចាញ់ ឬ​ឈ្នះ​ជា​រឿង​ធម្មតា…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ទស្សន​ថា ខ្មែរ​ណា បក្ស​ណា ចាញ់ ឬ​ឈ្នះ​ជា​រឿង​ធម្មតា ធ្វើ​យ៉ាងណា​ឲ្យ​តែ​ជាតិខ្មែរ​ឈ្នះ ។ នេះ​បើ​តាម​លោក មុត ច​ន្ថា នាយក​ខុ​ន្ទ​កាល័យ លោក​បាន​ស្រង់​សំដី​លោក​មក​ផ្សាយ​។

លោក មុត ច​ន្ថា បាន​សរសេរ​លើក​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៥ ខែសីហា​ថា «​មនោសញ្ចេតនា​ពិត ឬ​ក្លែងក្លាយ​» ។ ការ​សម្តែង​មនោសញ្ចេតនា គឺជា​ធម្ម​រម្ម​ណ៍​របស់​មនុស្សលោក ទោះបី​មិន​សម្តែង​ចេញ​មក​ក្រៅ​ក៏​ដោយ ។ យើង​យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ​«​មនោសញ្ចេតនា​» គឺជា​សេចក្ដី​រិះគិត​ក្នុង​ចិត្ត ការ​អធ្យាស្រ័យ​ប្រកបដោយ​ករុណា ។ លោក​បន្ត​ថា យើង​យល់​ច្បាស់​ថា ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ប​ញ្ហ​អ្វីមួយ​មិនមែន​ធ្វើ​តាម​រយៈ​ការ​យក​សាំង​ចាក់​លើ​ភ្លើង​បន្ថែម ការ​បញ្ឆេះ​កំហឹង ការ​បង្កជម្លោះ​បន្ថែម ការ​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់ ការ​បង្ក និង​បង្កើត​អំពើ​ហិង្សា​ដូច​ជាៈ ការ​បង្កចលាចល បះបោរ បដិវត្ត រដ្ឋប្រហារ នោះ​ទេ​។

ទោះបី​ការ​ដោះស្រាយ​តាម​វិធី​សន្តិវិធី និង​អហិង្សា​មិនឆាប់​រហ័ស​ដូច​ចិត្ត​ចង់បាន​ក៏​ពិតមែន ប៉ុន្តែ​វា​មិន​បង្ក និង​នាំ​មក​នូវ​ការ​ឈឺចាប់ និង​អន្តរាយ​ដល់​សង្គម​ជាតិ និង​មនុស្ស​ម្នា​ឡើយ ។ យើង​ដឹង​ច្បាស់​ថា ការ​ស្វែងរក​សន្តិភាព គឺ​ខុស​គ្នា​ស្រឡះ​ពី​ការ​ស្វែងរក​ការ​ឈឺចាប់​! លោក​ប្រធាន កឹ​ម សុខា មាន​ប្រសាសន៍​ថាៈ «​ខ្ញុំ ជា​ពលរដ្ឋ​ខ្មែរ ដែល​បម្រើ និង​ការពារ​ផលប្រយោជន៍ និង​កិត្តិយស​ខ្មែរ​។ ខ្ញុំ​ជា​ពុទ្ធសាសនិក​ដែល​មាន​ជំនឿ​លើ​គុណធម៌ ការ​តម្កល់ ចិត្ត​អត់ធ្មត់ និង​ប្រកាន់ខ្ជាប់​នូវ​គោល​ល​ការណ៍​អហិង្សា ។ ខ្ញុំ មិនមែន​ជា​អ្នកកីឡា​ប្រដាល់ ដែល​ត្រូវ​តែ​វាយ ទាត់​ធាក់ ចាក់​ដោត​គូរ​ប្រកួត ទោះបី​ខ្លួន​ធ្លាក់​លើ​រិញ នៅ​ក្រៅ​សៃ​វៀន ក៏​នៅ​តែ​ស្រែ​កថា​ខ្លួន​ឆ្លាត​ពូកែរ​នោះ​ទេ ។ ហើយ​ខ្ញុំ​ក៏​មិនមែន​ជា​អ្នក​ធ្វើសង្គ្រាម​បង្ហូរឈាម​ជាតិ​សាសន៍​ឯង ដើម្បី​សម្តែង​ថា ខ្លួន​ជា​អ្នក​ខ្លាំង ឈ្នះ​គេឯង ទោះបី​បែកបាក់​សាមគ្គី​ជាតិ ឬ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​ជាតិ​នោះ​ដែរ​» ។ លោក​ថា មនោសញ្ចេតនា​តែងតែ​កើតឡើង​ទន្ទឹម​គ្នា​នឹង​ដំណោះស្រាយ ដែល​កំណត់​តាម​ពេលវេលា​សម​ស្រប ។

លោក​មុត ច​ន្ថា បាន​លើក​ឡើង​ថា លោក​កឹ​ម សុខា តែងតែមាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​បំផុត នៅ​ពេល​ណា​លោក​មានឱកាស​សមរម្យ ។ ជា​សក្ខីភាព នៅ​ពេល​មាន​ដំណោះស្រាយ​សម្រាប់​ខ្លួន​លោក នៅ​ឆ្នាំ​២០០៦ លោក​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវច្បាប់ ដើម្បី​ផ្តល់​សេរីភាព​ដល់​មនុស្ស​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី ហើយ​ករណី​ដូច​គ្នា​នេះ​ដែរ​បាន​ក៏​បាន​កើត​មាននៅ​ឆ្នាំ​២០១៤ និង ឆ្នាំ​២០១៦​។

សក្ខីកម្ម​នេះ​បញ្ជាក់​ពី​មនោសញ្ចេតនា​ពិតប្រាកដ ដែល​មិនមែន​មនោសញ្ចេតនា​ក្លែងក្លាយ ។ ឆ្លង​តាម​បទ​ពិសោធ​អតីតកាល និង​ទៅ​អនាគត លោក​ប្រធាន កឹ​ម សុខា នៅ​តែ​បន្ត​រក្សា​មនោសញ្ចេតនា​នេះ​ឥត​ប្រែប្រួល ដោយ​មិន​ស្វែងរក​ឱកាស​សម្រាប់​តែ​ខ្លួនឯង ដើម្បី​ដើរ​កំសាន្ត​វិស្សមកាល ខណៈ​ដែល​អ្នក​ដទៃ​រង​ទុក្ខវេទនា​ឡើយ ។ លោក​ប្រធាន កឹ​ម សុខា មាន​ទស្សន​ថាៈ «​ខ្មែរ​ណា បក្ស​ណា ចាញ់​ឬ​ឈ្នះ​ជា​រឿង​ធម្មតា ធ្វើ​យ៉ាងណា​ឲ្យ​តែ​ជាតិខ្មែរ​ឈ្នះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ