ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​ជំនាញ​ខាង​ហិរញ្ញវត្ថុ​ដាស់តឿន​ពលរដ្ឋ «​កុំទៅ​ខ្ចីប្រាក់​ពី​កន្លែង​គ្មាន​ច្បាប់​ទេ​» បើ​មិន​ចង់​វណ្ឌ​.​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​ជំនាញ​ខាង​ហិរញ្ញវត្ថុ​បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ថា «​មិន​គួរ​ទៅ​ខ្ចីប្រាក់​ពី​កន្លែង​ដែល​គ្មាន​ច្បាប់​ទេ​» ។ កន្លែង​គ្មាន​ច្បាប់​ងាយស្រួល​ខាត​ប្រយោជន៍ ហើយ​ការ​ប្រាក់​ខ្ពស់​ទៀត ។ អង្គភាព​ជំនាញ​លើក​ឡើង​ថា បញ្ហា​ហិរញ្ញវត្ថុ…

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​ជំនាញ​ខាង​ហិរញ្ញវត្ថុ​បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ថា «​មិន​គួរ​ទៅ​ខ្ចីប្រាក់​ពី​កន្លែង​ដែល​គ្មាន​ច្បាប់​ទេ​» ។ កន្លែង​គ្មាន​ច្បាប់​ងាយស្រួល​ខាត​ប្រយោជន៍ ហើយ​ការ​ប្រាក់​ខ្ពស់​ទៀត ។

អង្គភាព​ជំនាញ​លើក​ឡើង​ថា បញ្ហា​ហិរញ្ញវត្ថុ គឺជា​បញ្ហា​ចំបង​ដែល​តែងតែ​កើត​មាន​ឡើង ជា​ពិសេស គឺ​ក្នុង​កំឡុង​ពេល​ដែល​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ​ជា​ហេតុ​នាំ​ឱ្យ​មនុស្ស​ភាគច្រើន​ជួប​ការ​លំបាក​ក្នុង​ការ​រក​ចំណូល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ក្នុង​នោះ​ដែរ​ពួក​គេ​ក៏​នឹង​អាច​ត្រូវការ​ប្រាក់​បម្រុង​ខ្លះ​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ផង​ដែរ ។

ដូច្នេះ​ពួក​គេ​ប្រហែលជា​ត្រូវការ​កម្ចី​ក្នុង​រយៈពេល​ខ្លី​មួយ ដើម្បី​ទុក​សម្រាប់​ត្រៀម​ការ​ចំណាយ​របស់​ពួក​គេ ។ នៅ​ក្នុង​អត្ថបទ​ដែល​បាន​ផ្សាយ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន​សមាជិក​ជាង​១០០​អង្គភាព ដែល​ឲ្យ​ប្រាក់​ពលរដ្ឋ​ខ្ចី​បាន​បង្ហាញ ជម្រើស​ចំនួន ៥ ដែល​អាច​ផ្តល់​ប្រាក់​កម្ចី​ដល់​ពលរដ្ឋ​មាន​ធនាគារ មីក្រូហិរញ្ញវត្ថុ បញ្ចាំ ចងការ និង​ខ្ចី​ពី​មិត្តភក្តិ ឬ​គ្រួសារ ។ ខ្ចីប្រាក់​ពី​ធនាគារ មិន​ប្រាកដ​រាល់​សំណើសុំ​កម្ចី​សុទ្ធតែ​នឹង​អាច​ទទួល​បាន​នូវ​ការ​ផ្តល់​កម្ចី​នោះ​ទេ ។

ជាក់ស្តែង​ក្នុង​ករណី​ដែល​អ្នក​ត្រូវការ​កម្ចី​ក្នុង​ចំនួន​ច្រើន​នោះ​ធនាគារ​នឹង​ធ្វើការ​សិក្សា​បន្ថែម​ទៅ​លើ​ប្រាក់​ចំណូល​ប្រចាំខែ​របស់​អ្នក ដើម្បី​វាស់វែង​មើល​ថា តើ​អ្នកមាន​សមត្ថភាព​ក្នុង​ការ​សង​ត្រឡប់​វិញ​ដែរ ឬទេ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ធនាគារ​ក៏​ត្រូវការ​នូវ​ទ្រព្យសម្បត្តិ​ដាក់​តម្កល់ ឬ​មាន​អ្នក​ធានា​ផង​ដែរ ហើយ​កម្ចី​ដែល​គេ​អាច​ផ្តល់​ឱ្យ គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​តម្លៃ​នៃ​ទ្រព្យ​ទាំងនោះ ។

ចំពោះ​មីក្រូហិរញ្ញវត្ថុ អាច​ផ្តល់​ភាព​ងាយស្រួល​ជាង​ធនាគារ​ដល់​អ្នក​ខ្ចីប្រាក់​ដោយហេតុ​ថា កម្ចី​ខ្លះ គឺ​តម្រូវ​ឱ្យ​មាន​ត្រឹមតែ​ឯកសារ​ចាំបាច់​ដែល​ត្រូវ​មាន​ទៅ​តាម​គោលការណ៍​តែ​ប៉ុណ្ណោះ ។ ក៏​ប៉ុន្តែ​ប្រាក់​កម្ចី​ដែល​ទទួល​បាន គឺ​មាន​កម្រិត​ទាប​ជាង ។

ចំពោះ​ការ​បញ្ចាំ​វិញ អាច​សន្មត​បាន​ថា ជា​សេវា​កម្ចី​បាន ដោយហេតុ​ថា​អ្នក​ខ្ចី​នឹង​ទទួល​បាន​នូវ​ប្រាក់​មក​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​របស់​អ្នក​បាន ប្រសិនបើ​អ្នកធ្វើការ​តម្កល់​ទុកទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​អ្នក​ក៏​នឹង​ទទួល​បានទ្រព្យ​សម្បត្តិ​អ្នក​ត្រឡប់​មក​វិញ​នៅ​ពេល​អ្នករក​ប្រាក់​ដើម្បី​បង់​លោះ​បាន ។ ដូច្នេះ ក្នុង​ករណី​ដែល​អ្នក​អាច​រក​ប្រាក់​បាន​លឿន នោះ​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​ទ្រព្យសម្បត្តិ​របស់​អ្នក​លឿន​ដូច​គ្នា​។

ស្ថាប័ន​ជំនាញ​បាន​បន្ត​ថា ចំពោះ​ការ​ចងការ​វិញ ការ​ធ្វើ​បែប​នេះ​មិនសូវ​ជា​មាន​ភាព​ផ្លូវការ​នោះ​ទេ ដោយសារ​តែ​ពេល​ខ្លះ​មាន​ត្រឹមតែ​លិខិត​កិច្ចសន្យា ឬ​មិន​មាន​ទៅ​តាម​ការ​ព្រមព្រៀង​គ្នា​រវាង​ភាគី​ទាំង​ពីរ ។ ដូច្នេះ ភាគច្រើន​អ្នក​ដែល​ធ្វើការ​ចងការ​ទាំងនេះ​នឹង​ផ្តល់​ប្រាក់​ទៅ​ដល់​មនុស្ស​ដែល​អាច​ទុកចិត្ត​បាន​តែ​ប៉ុណ្ណោះ តែ​ការ​ប្រាក់​របស់​គេ​ប្រហែលជា​ខ្ពស់ ដោយសារ​តែ​ហានិភ័យ​វា​ក៏​ខ្ពស់​ដូច​គ្នា​។

ចំណែក​កម្ចី ពី​គ្រួសារ ឬ​មិត្តភក្តិ មិនមែន​គ្រប់ពេល​អ្នក​ត្រូវការ​គឺ​នឹង​អាច​ទទួល​បាន​ប្រាក់​កម្ចី​នោះ​ទេ ដោយសារ​ពួក​គេ​ក៏​នឹង​អាច​ត្រូវការ​ប្រាក់​ទុក​សម្រាប់​ធ្វើការ​ប្រើប្រាស់​ផ្ទាល់​ផង​ដែរ​។ ស្ថាប័ន​ជំនាញ​បាន​បង្ហាញ​៥​នេះ​ដល់​ពលរដ្ឋ​និង​បាន​ដាស់តឿន​ថា « អ្នក​គួរ​មានការ​គិត​ឱ្យ​បាន​ល្អិតល្អន់​ក្នុង​ការ​ជ្រើសរើស​ជម្រើស​ណាមួយ​ដែល​គិត​ថា​ល្អ​សម្រាប់​តម្រូវការ​របស់​អ្នក ដែល​ក្នុង​នោះ​ក៏​ទាមទារ​ឱ្យ​អ្នកមាន​ភាព​ច្បាស់ លាស់​ចំពោះ​លទ្ធភាព​នៃ​ការ​សង​ត្រឡប់​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ