ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ហូប​ប្រចាំ​ត្រកូល​​​ខេត្តសៀមរាប ​ដែល​ល្បី​ជាងគេ​ឈ្មោះ​អ្វីខ្លះ?

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្ញៀវ​ក្រុម​គ្រួសារ​ដែល​ទៅ​លេង​ខេត្តសៀមរាប​តែងតែ​ចង់​ដឹង​តើ​ខេត្តសៀមរាប​មានមុខ​ម្ហូប​ប្រចាំ​ត្រកូល​អ្វីខ្លះ ដែល​ពេញ​និយម ? យើង​សូម​បង្ហាញ​ជូន​នូវ​ម្ហូប​ប្រចាំ​ខេត្តសៀមរាប ដែល​ល្បី​ជាងគេ​មាន​៣​មុខ​គឺ​៖ ម្ហូប​ទី​១-​មាន់​ដុត ជ​ញ្ជ្រាំ​ប្រហុក​អង្គ្រង ជាមួយ​បន្លែស្រស់…

ខេត្តសៀមរាប ៖ ភ្ញៀវ​ក្រុម​គ្រួសារ​ដែល​ទៅ​លេង​ខេត្តសៀមរាប​តែងតែ​ចង់​ដឹង​តើ​ខេត្តសៀមរាប​មានមុខ​ម្ហូប​ប្រចាំ​ត្រកូល​អ្វីខ្លះ ដែល​ពេញ​និយម ?

យើង​សូម​បង្ហាញ​ជូន​នូវ​ម្ហូប​ប្រចាំ​ខេត្តសៀមរាប ដែល​ល្បី​ជាងគេ​មាន​៣​មុខ​គឺ​៖ ម្ហូប​ទី​១-​មាន់​ដុត ជ​ញ្ជ្រាំ​ប្រហុក​អង្គ្រង ជាមួយ​បន្លែស្រស់ ។ វិធី​ផ្សំ​មាន ៖ យក​មាន់​ស្រែ​មក​ប្រឡាក់​គ្រឿង ជាមួយ​ទឹកឃ្មុំ​លាយ​ជាមួយ​ទឹកដូង ។ ចំណែក​បន្លែ​មាន​៖ ត្រប់ស្រួយ សណ្តែកកួ ផ្លែ​ចេកគ្រាប់ ត្រសក់​ស្រូវ និង ជីគ្រប់មុខ ។

ម្ហូប​ទី​២-​ទឹកគ្រឿង ៖ គ្រឿងផ្សំ​មាន យក​ត្រី​រ៉ស់​មក​ស្ងោរ​ឱ្យ​ឆ្អិន យក​មក​បេះ​តូច​ៗ ហើយ​បុក​លាយ​ជាមួយ​ខ្ទឹមស​-​ក្រហម ម្ជូរអំពិល​ទុំលាយ​ខ្ទិះដូង​បន្តិច ។ បន្លែ​ផ្សំ​មាន​៖ ផ្ទី​យក​មក​ស្រុះ ផ្លែ​ព​ពាយ​ស្រស់ សណ្តែកកួ​ស្រស់ ត្រួយ​សាវម៉ាវ​ស្រុះ និង​ជល់​ភ្នំ​ស្រស់ ។

ម្ហូប​ទី​៣-​សម្លរ​ម្ជូរ​កូន​ត្រី​សៀមរាប​៖ វិធី​ផ្សំ​មាន យក​កូន​ត្រី​ស្រែ​តូច​ៗ​ស្រស់​លាយ​ជាមួយ កូន​ត្រី​ផ្ទក់ ក្តាមស្រែ កំ​ពិស ។ បន្លែ​ផ្សំ​មាន​៖​ព្រលិត ធាង​ក្តាត កំពីងពួយ ដើម​ចេកគ្រាប់ ឬ​ផ្លែ​ល្ហុង​ខ្ចី ។

តាម​ការ​ធ្វើ​បទ​សម្ភាសន៍​នៅផ្ទះ​ម៉ែ​ឡ​ន ម្ហូប​ខ្មែរ​ជាមួយ​លោក ចាន់ សុភា សហ​ស្ថាបនិក សមា​គម​ចុងភៅ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​ក្លិប​ទេសចរណ៍​សៀមរាប​បាន​មាន​ប្រសាសន៍​ថា លោក​មានស្រុក​កំណើត បច្ចុប្បន្ន​រស់នៅ​ភូមិ​ជ័យ សង្កាត់​ទឹក​វិល ក្រុង​ខេត្តសៀមរាប ។ លោក​បាន​ចាប់ផ្តើម​ការងារ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច ក្នុង​អូ​តែ​ល​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ តាំង​ពី​ឆ្នាំ​២០០០​មក​ជា​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​សេវាកម្ម ។ ប៉ុន្តែ​នៅ​ក្នុង​នោះ រូប​លោក​ស្រឡាញ់​ការងារ​ចម្អិនម្ហូប រហូត​ដល់​ឆ្នាំ​២០១២ រូប​លោក​បាន​ក្លាយជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ម្ហូបអាហារ និង​ភេសជ្ជៈ ហើយ​លោក មានគំនិត ទាញ​យក​សិល្បៈ​នៃ​ការ​ចម្អិនម្ហូប​នេះ ដើម្បី​ឱ្យ​ពួក​គាត់​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​មួយ​ចំនួន​ផង​ដែរ ។

លោក​បាន​បន្ត​ថា តាំងពី​ឆ្នាំ​២០១២ លោក​បាន​បង្កើត​ជា​សមាជិក ស្វន់​ដឺ ទាំង​៧​រូប ដែល​ជា​ស្ថាបនិក សមាគម​ចុងភៅ​កម្ពុជា ហើយ​យើង​បាន​នាំ​សមាជិក​ចុងភៅ​កម្ពុជា​នៅ​ក្នុង​ខេត្តសៀម​រាប ទៅ​ចូលរួម​ប្រកួត​ជា​ច្រើន​ប្រទេស​ណាស់ ព្រមទាំង​បាន​ទទួល​ពានរង្វាន់​ធំ​ៗ ចំនួន​២​នៅ​ក្នុង​ប្រទេស​ថៃ ។

លោក​បាន​បន្ថែម​ថា នៅ​ក្នុង​ការ​ប្រកួត​ចុងភៅ​នោះ​លោក​បាន​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​មាន​ដូច​ជា​៖​ប្រទេស​ថៃ ប្រទេស​សិង្ហ​បុរី ប្រទេស​ចិន ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​អាស៊ី ។ នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ទៅ​តាម​គេ​កំណត់ ដូច​ជា យើង​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ក្នុង​ឆ្នាំ​២០១៤ គេ​បាន​កំណត់​ឱ្យ​ខ្មែរ​ចូលរួម ប្រកួត​មុខម្ហូប​ក្នុង​មួយ​ក្រុម​មាន​គា្ន​៣​នាក់ ។

កម្មវិធី​គេ​កំណត់ ឱ្យ​ចាប់ពី​៥​នាក់​ទៅ​ដល់​៨​នាក់ តាម​ក្រុម​នីមួយ​ៗ ហើយ​ខ្លះ​ក៏​មានការ​ប្រកួត​តែ​ម្នាក់ឯង​ដែរ ។ យើង​បាន​បញ្ជូន​មនុស្ស​ទៅ​ចូលរួម​មិន​ក្រោម​៨០​នាក់​ទេ ក្នុង​ឆ្នាំ​២០១២ ។

ចំណែក​ពានរង្វាន់ ដែល​យើង​បាន​ទទួល​ដ៏​ល្បី​នោះ គឺ​ពានរង្វាន់ Aisa cominfood គឺ​ការ​ប្រកួត​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ ក្នុង​នោះ​ប្រទេស​កម្ពុជា យើង​បាន​ទទួល​ពាន​២​ឆ្នាំ ។ នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​អំឡុង​ឆ្នាំ​២០១៥ យើង​បាន​ទទួល​ពាន​១​ធំ ។ នៅ​ក្នុង​ឆ្នាំ​២០១៩ យើង​បាន​ទទួល​ពាន​១​ទៀត នៅ​ក្នុង​ប្រទេស​ថៃ ។ លោក​ថា ក្នុង​នោះ​បើ​លោក​រាប់​ពី​បាន​ទទួល​មេ​ដាយ​មាស មេដាយ​ប្រាក់ និង​មេដាយ​ជា​ច្រើន​ទៀត ។ ក្នុង​នោះ​បើ​យើង​និយាយ​ពី​ការ​ប្រកួត​ដែល​បាន​ទទួល​ពាន​ធំ​នោះ គឺ​មាន​រហូត​ដល់​ទៅ​ជាង​១០០​ក្រុម ។

លោក​បាន​បញ្ជាក់​ថា មុខម្ហូប​ខ្មែរ​ដែល​ល្បី​ជាងគេ មាន​ច្រើន​មុខ​ណាស់​នៅ​តាម​ភោជនីយដ្ឋាន ដែល​ពួក​គាត់​ធ្វើ​ផ្សេង​ៗ​គ្នា​ក្នុង​ខេត្តសៀមរាប ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ចុងភៅ ។ ប៉ុន្តែ​សព្វថ្ងៃ​ក្រុម​យើងខ្ញុំ​ដក​យក​តែ​មុខម្ហូប​ខ្មែរ ដែល​ល្បី​ចំនួន​៣​មុខ មក​ធ្វើការ​បង្ហាញ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​តាម​ប្រាង្គ​ប្រាសាទ​អង្គរ​បាន​ភ្លក្ស​រសជាតិ​ម្ហូប​ខ្មែរ ។ បើ​ចង់​ភ្លក់​ម្ហូប​ខ្មែរ​សុទ្ធសាធ គ្មាន​ប្រើ​ជាតិ​គីមី គឺ​នៅផ្ទះ​ម៉ែ​ឡ​ន ម្ហូប​ខ្មែរ អាច​កុម្ម៉ង់​ភ្លាម​បាន​ភ្លាម ដែល​មាន​ចម្ងាយ​ចេញពី​ទី​រួម​ក្រុង​សៀមរាប​ប្រមាណ​៥​គីឡូម៉ែត្រ តាម​ផ្លូវជាតិ​លេខ​៦ ពី​ខាងលិច​ផ្លូវ​ចូល​ទៅ​បារាយណ៍ទឹកថ្លា ហើយ​បត់​ចូល​តាម​ផ្លូវ​ដី​ក្រួស​ក្រហម​ដល់​ផ្ទះ​ម៉ែ​ឡ​ន ម្ហូប​ខ្មែរ ប្រមាណ​៧០០​ម៉ែត្រ​ប៉ុណ្ណោះ ។

លោក​បាន​បញ្ជាក់​ដដែល​ថា មុខម្ហូប​៣​មុខ​ដែល​លោក​យក​មក​បង្ហាញ​សម្ភាសន៍​សម្រាប់​ជូន​ភ្ញៀវ​នោះ​មាន​ដូច​ជា​៖
ម្ហូប​ទី​១-​មាន់​ដុត​ប្រហុក​អង្គ្រង​ជាមួយ​បន្លែស្រស់ ។
ម្ហូប​ទី​២-​គឺ​ទឹកគ្រឿង ។
ម្ហូប​ទី​៣-​សម្លរ​ម្ជូរ​កូន​ត្រី​សៀមរាប ។

តាម​កត់សម្គាល់​ភ្ញៀវ​ទាំង​ក្រុម​គ្រួសារ​ដែល​បាន​ទៅ​កម្សាន្ត​លេង​ខេត្តសៀមរាប​មិន​ភ្លេច​ទេ តែង​តែ​ទៅ​រក​ម្ហូបអាហារ​ទាំង​៣​មុខ​ខាងលើ​នេះ ព្រោះ​ជា​ម្ហូប​ប្រចាំ​ត្រកូល​ដ៏​ល្បីល្បាញ​របស់​ខេត្ត​សៀម​រាប ។ សូមកុំ​ភ្លេច​ទៅ​ភ្លក្ស​រសជាតិ​ប្រចាំ​ត្រកូល​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ