ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់​ដឹង​ពី​ប្រវត្តិ​សាវតា​ខេត្ត​ត្បូងឃ្មុំ

3 ឆ្នាំ មុន
  • កំពង់ចាម

សូម​បង្ហាញ​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​អំពី​ប្រវត្តិ​សាវតារ​ខេត្ត​ត្បូងឃ្មុំ ។ ប្រវត្តិ​នេះ​ស្រង់​ពី​ប្រភព​«​សៀវភៅ​ប្រវត្តិ​ខេត្ត​ត្បូងឃ្មុំ »​ដោយ​សាលាខេត្ត​ត្បូងឃ្មុំ ឆ្នាំ​២០១៧ ។ ១.​សាវតារ​ខេត្ត​ត្បូងឃ្មុំតាម​ពិត​ទៅ​ខេត្ត​ត្បូងឃ្មុំ ពុំ​មែន​ជា​ឈ្មោះ​ខេត្ត​ថ្មី​នោះ​ទេ ឈ្មោះ​ស្រុក ឬ​ខេត្ត​ត្បូងឃ្មុំ…

សូម​បង្ហាញ​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​អំពី​ប្រវត្តិ​សាវតារ​ខេត្ត​ត្បូងឃ្មុំ ។ ប្រវត្តិ​នេះ​ស្រង់​ពី​ប្រភព​«​សៀវភៅ​ប្រវត្តិ​ខេត្ត​ត្បូងឃ្មុំ »​ដោយ​សាលាខេត្ត​ត្បូងឃ្មុំ ឆ្នាំ​២០១៧ ។

១.​សាវតារ​ខេត្ត​ត្បូងឃ្មុំ
តាម​ពិត​ទៅ​ខេត្ត​ត្បូងឃ្មុំ ពុំ​មែន​ជា​ឈ្មោះ​ខេត្ត​ថ្មី​នោះ​ទេ ឈ្មោះ​ស្រុក ឬ​ខេត្ត​ត្បូងឃ្មុំ បាន​លេច​ឡើង​ដំបូង​ក្នុង​សិលាចារឹក​សម័យ​ក្រោយ​អង្គរ (IMA.37) ចារ​នៅ​លើ​ជញ្ជាំង​នៃ​ស្លាប​ខាងជើង រោងទង​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត​រួច​ទៅ​ហើយ ។ សិលាចារឹក​នេះ​ចារ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ជយ​ន​ន្ទ​នៅ​ឆ្នាំ​១៧០១​។ ក្នុង​សិលាចារឹក​ដដែល​នេះ គឺ​ចារ​រៀបរាប់​ពី​ព្រឹ​ត្ត​ការណ៍​ដែល​ព្រះរាជា​បាន​ដំឡើង បុណ្យ​សក្តិ​ឱ្យ​គាត់​មាន​ងារ​ជា​ស្តេច​ក្រាញ់ «​អរជូន​» ត្រួតត្រា​ដែនដី​ខេត្ត​ត្បូងឃ្មុំ ។

រហូត​ដល់​ដើម​សតវត្ស​ទី​១៩ ឃើញ​មាន​ឯកសារ​មួយ​ចំនួន​ដូច​ជា ព្រះរាជ​ពង្សាវតារ ស្នាដៃ​អក្សរ​សិល្ប៍​រឿង​ទុំ​ទាវ រឿង​ហ្លួង​ព្រះស្តេច​កន ដែល​ជា​រឿងព្រេង​និទាន​បែប​ប្រវត្តិសាស្ត្រ ព្រមទាំង​ឯកសារ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទៀត ទាំង​ភាសា​ខ្មែរ និង​បរទេស ហើយ​ភាគច្រើន​ឯកសារ​ជា​ភាសា​​បារាំង​សុទ្ធតែ​បាន​សរសេរ​រៀបរាប់​អំពី​ឈ្មោះ​ស្រុក ឬ​ខេត្ត​ត្បូងឃ្មុំ ។ នៅ​ពេល​ប្រទេស​ខ្មែរ​ស្ថិត​ក្រោម​អាណានិគមនិយម​បារាំង​(​របប​អាណាព្យាបាល​របស់​បារាំង​)​ចន្លោះ​ឆ្នាំ​១៨៦៣ ដល់​១៩៥៣ ឃើញ​មាន​ឯកសារ​ដែល​សរសេរ​ពី​ការ​បង្កើត​ខេត្ត ស្រុក ខណ្ឌ ឃុំ និង​ភូមិ ។

ជាក់ស្តែង​ខេត្តកំពង់ចាម​បង្កើត​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​១៨៨៥ ហើយ​មន្ត្រី​បារាំង​ម្នាក់​ឈ្មោះ​ហ្វ្រ​ង់​ស័​រ បូ​ឌា​ន់ (Francois Baudoin) ជា​អ្នកត្រួតត្រា​ពីលើ​ចៅហ្វាយខេត្ត​ខ្មែរ ។ ខេត្តកំពង់ចាម​កាល​ណោះ មានស្រុក​ចំនួន​ដប់​ជា​ចំណុះ គឺ​ស្រុក​កំពង់សៀម ក្រូចឆ្មារ ព្រៃឈរ ជើងព្រៃ កង​មាស កោះសូទិន ស្រី​សន្ធរ មេមត់ ស្ទឹង​ត្រង់ និង​ស្រុក​ត្បូងឃ្មុំ ។ កំណែទម្រង់​លើ​វិស័យ​រដ្ឋបាល​នៅ​ក្នុង​របប​អាណាព្យាបាល​បារាំង បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ពិសេស​ក្នុង​រាជ្យ​ព្រះបាទ​អង្គឌួង និង​ព្រះបាទ​នរោត្តម ។ នៅ​ក្នុង​ឆ្នាំ​១៨៩៧ ត្បូងឃ្មុំ​ត្រូវ​គេ​ដំឡើង​ពី​ស្រុក​ឱ្យទៅ​ជា​ខេត្ត ដែល​កាល​ណោះ​មាន​ខេត្ត​ចំនួន ៥៧ ប៉ុន្តែ​ពុំ​មាន​ខេត្តកំពង់ចាម​ទេ ។

លុះដល់​ឆ្នាំ​១៩១៧ មានការ​រុះរើ​ចំនួន​ខេត្ត​ម្តងទៀត ដោយ​បន្ថយ​ពី​៥៧​ខេត្ត​មក​នៅ​ត្រឹម​៥១​ខេត្ត​វិញ ហើយ​ត្បូងឃ្មុំ​នៅ​ជា​ខេត្ត​ដដែល ។ រហូត​ដល់​ទស​វត្ស​១៩២០ ក៏​មាន​កំណែទម្រង់​រចនា​សម្ព័ន្ធ​វិស័យ​រដ្ឋបាល​ជា​ថ្មី​ទៀត ហើយ​នៅ​ពេល​នោះ​រក្សា​ទុក​ខេត្ត​តែ​១៣ ប៉ុណ្ណោះ ដោយ​ត្បូងឃ្មុំ​ធ្លាប់​ជា​ខេត្ត​កាលពីមុន​មក​នោះ​ត្រូវ​ប្រែក្លាយ​ឱ្យទៅ​ជា​ស្រុក​មួយ​របស់ ខេត្តកំពង់ចាម​វិញ ។

ចាប់ពី​ពេល​នោះ​មក យើង​ពុំ​ឃើញ​មានការ​ផ្លាស់​ប្តូរ​ទៀត​ឡើយ រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៤ ទើប​​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ប្រែក្លាយ​ទឹកដី​ត្បូងឃ្មុំ ឱ្យទៅ​ជា​ខេត្ត​វិញ ដូច​ពី​អតីតកាល​ជាង​១០០​ឆ្នាំ​មុន​។

បើ​ពិនិត្យ​លើ​កេរដំណែល​ប្រវត្តិសាស្ត្រ​វិញ​ឃើញ​ថា នៅ​លើ​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ គឺ​មាន​ទាំង​មរតក​​រូបី និង​អរូបី​រូបិយ​មាន​ដូច​ជា​បន្ទាយ​គូ ឬ​ភូមិ​មូល ទី​បញ្ចុះសព របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​សំណង់​សាសនា សំណង់​រក្សា​ទឹកជា​ដើម ដែល​បង្កើត​ឡើង ដោយ​មនុស្ស​តាំងពី​រាប់​ពាន់​ឆ្នាំ​មុន។ រីឯ​មរតក​វប្បធម៌​អរូបី​វិញ មាន​ច្រើន​ទម្រង់​បាន បន្ត​រស់នៅ​ជាមួយ​ប្រជាជន ដូច​ជា​ស្នាដៃ​អក្សរសិល្ប៍ និង​រឿងព្រេង​និទាន ផ្សេង​ៗ ដែល​ខ្លះ​ជាប់​ទាក់ទង​ជាមួយ​កំណើត​ទឹកដី និង​ឈ្មោះ​ខេត្ត គឺ​ដក់​ជាប់​ក្នុង​ការ​ចង​ចាំ របស់​អ្នកស្រុក​នៅឡើយ ។

មិនតែប៉ុណ្ណោះ​គេ​ថែម​ទាំង​បង្កើត​ឱ្យ​មាន​រូបរាង​ឡើង ហាក់ដូចជា​រឿង​ទាំងនោះ ជា​រឿង​ពិត​អ៊ីចឹង ។ កាលដែល​គេ​ខិតខំ​ប្រឌិត​ឡើង​នេះ ពុំ​មែន​ជា​ការ​ខុសឆ្គង​នោះ​ឡើយ​ព្រោះ អ្វី​ៗ​ទាំងនោះ គឺ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​គោរព​ប្រតិបត្តិ​ផង និង​ជា​ផ្នែក​មួយ​ចូលរួម​ក្នុង​ការ​ថែរក្សា​មរតក​ផង ។ តាម​រយៈ​ឈុត​ឆាក​ខ្លះ​នៃ​សាច់​រឿង​ទាំងនោះ យើង​សង្កេត​ឃើញ​ថា​ភូមិ ឃុំ ស្រុក​មួយ​ចំនួន ជាប់​ឈ្មោះ​ទៅ​តាម​សាច់​រឿង​ហើយ​ក្លាយជា ឈ្មោះ​ផ្លូវការ​រហូត​ដល់ សព្វ​ថ្ងៃនេះ ។ ដូច្នេះ​ឈ្មោះ​ខេត្ត​ត្បូងឃ្មុំ​ដែល​បង្កើត​ថ្មី​ឡើង​វិញ​នា​ពេល​នេះ គឺ​ក្នុង​ន័យ​រដ្ឋបាល​ប៉ុណ្ណោះ ឯ​ទឹកដី​វិញ គឺ​ពុំ​មែន​ថ្មី​ឡើយ ។

ការ​សិក្សា​ស្រាវជ្រាវ​របប​គំហើញ និង​ឯក សារ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត បាន​បញ្ជាក់​យ៉ាង ច្បាស់​ថា​កំណើត​ទឹកដី​ត្បូងឃ្មុំ បានក​កើតឡើង​តាំងពី​សម័យ​បុរេប្រវត្តិសាស្ត្រ​ប្រហែល​១០០០​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ​មក​ម្ល៉េះ ដែល​មាន​មនុស្ស​មក​តាំង​ទីលំនៅ​ជា​ក្រុម ឬ​ជា​សហគមន៍ ។ ជាក់ស្ដែង​តាម​រយៈ​កំណាយ​នៅ​ស្ថានីយ​បន្ទាយ​គូ នៅ​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់​កន្លង​មក បាន​រក​ឃើញ​ដូច​ជា​៖ កុលាលភាជន៍ ឧបករណ៍​ថ្ម ខ្នារ​ថ្ពិច​អំបោះ គ្រាប់​លុ​ញ កងដៃ​ថ្ម អង្កាំ​ថ្ម ជាដើម ។

ចំណែក​កំណាយ​នៅ​ទី​បញ្ចុះសព​ស្ថិត នៅ​ឃុំ​វាល​ម្លូ ស្រុក​ពញាក្រែក​ឯណេះ​វិញ បាន​រក​ឃើញ​ក្អម ឆ្នាំង ឧបករណ៍​ថ្ម គ្រឿងអលង្ការ ធ្វើ​ពី​សំរឹទ្ធិ និង​ដែក អង្កាំកែវ ក្រវិល​កែវ កាំបិត​ស្នៀត លំពែង ។​ល​។ រីឯ​នៅ​តាម​ទួល ស្ថានីយ​ដែល​អ្នកស្រុក​ហៅ «​ភ្នំ​អំបែង​»​ឬ «​ទួល​អំបែងចេះ​» ស្ថិត​នៅ​ឃុំ​ប្រ​ធាតុ ស្រុក​អូរ​រាំង​ឪ និង​ឃុំ​ថ្ម​ពេជ្រ​ស្រុក​ត្បូងឃ្មុំ ក៏​បាន​រក​ឃើញ​សំណល់ ជា​វត្ថុ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដូច​ជា​៖ អំបែង ក្អម ឆ្នាំង និង​ឧបករណ៍​ថ្ម​ជាដើម ។

ទន្ទឹម​នឹង​នេះ​សំណង់​ប្រាសាទ និង​សំណង់​ស្ថាបត្យកម្ម​ដែល​បាន​សាងសង់ ក្នុង​សម័យ​មុន​អង្គរ​ដែល​នៅ​សេសសល់​សព្វ​ថ្ងៃនេះ​រួម​មាន​៖ ប្រាសាទព្រះធាតុព្រះស្រី (​ព្រះ​ធាតុ​បា​ស្រី​) សង់​នៅ​សតវត្ស​ទី​៦ ប្រាសាទ​ខ្នាយ​វាន សង់​នៅ​សតវត្ស​ទី​៦-៧ ប្រាសាទព្រះធាតុ សង់​នៅ​ឆ្នាំ​៦៥៥ ប្រាសាទ​ដំ​រិល​ប្រាសាទព្រះធាតុ​ស្រម ទួល​យាយ​ទេព និង​ផ្ដែរ​នៅ​វត្ត​ដូន​រតន៍​។ ដោយឡែក​ដើម​សម័យ​អង្គរ​នៅ​ចន្លោះ​ចុង​សតវត្ស​ទី​៨ និង​ដើម​សតវត្ស​ទី​៩ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ បាន​បង្កើត​ទីក្រុង​មួយ​ស្ថិត​ក្នុងភូមិ​សាស្ត្រ ទឹកដី​ត្បូងឃ្មុំ​សព្វថ្ងៃ​នៅ​ក្នុង​ឃុំ​ដូនតី ស្រុក​ពញាក្រែក ដែល​មានឈ្មោះ​ថា «​ឥន្ទ្រ​បុ​រ​» ជា​រាជធានី​ដំបូង​របស់​ព្រះ​អង្គ​មុន​ពេល​ដែល​ទ្រង់​យាង​ទៅ​គង់នៅ​តំបន់​អង្គរ ខេត្តសៀមរាប ។

ក្នុង​សម័យ​ក្រោយ​អង្គរ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ធំ​ៗ ពីរ​បាន​កើតឡើង ។ ទី​មួយ ក្នុង​រជ្ជកាល​ហ្លួង​ព្រះស្ដេច​កន បាន​សាងសង់​រាជធានី​បន្ទាយ​ព្រៃនគរ​ក្នុង​ឆ្នាំ ១៥១៤ សព្វថ្ងៃ​ហៅ​ថា «​ព្រៃ​នគរ​ក្នុង​»​ស្ថិត​ក្នុងភូមិ​ច​ន្ល​ក់​ដូនតី ខេត្ត​ត្បូងឃ្មុំ ដោយ​ដាក់​ឈ្មោះ​ថា «​ក្រុង​ស្រឡប់​ពិជ័យ​បន្ទាយ​ព្រៃនគរ​» ឬ «​ក្រុង​ស្រឡប់​ដូនតី​ព្រៃនគរ​បវរ​រាជធានី​» ។

ទី​ពីរ រឿង​ទុំ​ទាវ​ដែល​បាន​រំលេច​រឿងរ៉ាវ​ជា​ច្រើន​ទាក់ទង​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ក្នុង​អំឡុង​ចុង​សតវត្ស​ទី​១៦ ដោយ​មាន​ស្ដេច​ក្រាញ់​ឧកញ៉ា​អរជូន ជា​អ្នកគ្រប់គ្រង​ទឹកដី​ត្បូងឃ្មុំ​។ រឿង​ទុំ​ទាវ​បាន​ដក់​ជាប់​ក្នុង​អារម្មណ៍​របស់​មនុស្ស​គ្រប់​មជ្ឈដ្ឋាន​មក​ទល់​សព្វ​ថ្ងៃនេះ ។

គួរ​បញ្ជាក់​ថា​មុន​ការ​ត្រួតត្រា​របស់​បារាំង ដែនដី​ខ្មែរ​ទាំងមូល​បាន​បែងចែក​ជា​តំបន់ ដែល​ខ្មែរ​បុរាណ​ហៅ​ថា «​ដី​» ហើយ​«​ដី​» នីមួយ​ៗ មាន​ពី​៦ ទៅ​១០​ខេត្ត គ្រប់គ្រង​ផ្ទាល់​ដោយ​ព្រះរាជា​ឧបរាជ្យ និង​ព្រះរាជ​មាតា ។ លុះ​ក្រោយមក​ស្ថិត​ក្រោម អំណាច​ត្រួតត្រា​របស់​រាជវង្ស «​ដី​» នីមួយ​ៗ ត្រូវ​បាន​ព្រះរាជា​ប្រគល់​ឲ្យ​មន្ត្រីជាន់ខ្ពស់ ដែល​កាលនោះ មាន​ងារ​ជា​ស្ដេច​ក្រាញ់ ជា​អ្នកគ្រប់គ្រង ។ ជាក់ស្ដែង​នៅ​ក្នុង​រាជ្យ​របស់​ព្រះបាទ​ស្រី​ធម្ម​រាជា (១៦២៩-១៦៣០) បាន​តែងតាំង​ស្ដេច​ក្រាញ់​ប្រាំ​រូប ឲ្យ​ត្រួតត្រា​ដែនដី​ចំនួន​៥ គឺ​ដី​ត្បូងឃ្មុំ​គ្រប់គ្រង​ដោយ​ឧកញ៉ា​អរជូន ដី​កំពង់ស្វាយ​គ្រប់គ្រង​ដោយ​ឧកញ៉ា​តេ​ជោ ដី​ទ្រាំង​ត្រួតត្រា​ដោយ​ឧកញ៉ា​ពិស្ណុលោក ដី​ពោធិ៍សាត់​គ្រប់គ្រង​ដោយ ឧកញ៉ា​សួគ៌ា​លោក ដី​បាភ្នំ​ត្រួតត្រា​ដោយ​ឧកញ៉ា​ធ​ម្មា​តេ​ជោ ។

អំ​ណេះ​តម​ក ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​ដែនដី ត្រូវ​បាន​បែង​កែសម្រួល​ជា​បន្តបន្ទាប់ តួយ៉ាង​ដូច​ជា​ខេត្ត​ត្បូងឃ្មុំ បាន​ផ្លាស់​ពី​តំបន់​ត្បូងឃ្មុំ ដី​ត្បូងឃ្មុំ​ទៅ​ជា​ស្រុក​ត្បូងឃ្មុំ ជា​ខេត្ត​ត្បូងឃ្មុំ និង​ពី​ខេត្ត​ត្បូងឃ្មុំ​ទៅ​ជា​ស្រុក ត្រឡប់​ចុះ​ត្រឡប់​ឡើង និង​ចុង​ក្រោយ ទើប​រាជរដ្ឋាភិបាល​សម្រេច​ប្រែ​ក្លាយ​ជា​ខេត្ត​ត្បូងឃ្មុំ​វិញ តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/១២១៣/១៤៤៥ ចុះ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ ២០១៣ ដោយ​បំបែក​ចេញពី​ខេត្តកំពង់ចាម ហើយ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៤ ។

២.​និមិត្តសញ្ញា​ខេត្ត
១. ភូមិសាស្ត្រ
២. បរិស្ថាន និង​ធម្មជាតិ
៣. ប្រវត្តិសាស្ត្រ
៤. រឿងព្រេង​និទាន

ការ​ជ្រើសរើស​យក​កត្តា​ទាំង​បួន​ខាងលើ​មក​ផ្សំ​បញ្ចូល​គ្នា​ប្រ​សូត្រ​ចេញ​ជា​និមិត្តសញ្ញា​បែប​នេះ​គឺ​ចង់​រំលេច​ឲ្យ​ឃើញ​ពី​សក្តានុពល​របស់​ខេត្ត និង​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​របស់​ខេត្ត​នេះ តាម​រយៈ​មរតក​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ​ដែល​មាននៅ​លើ​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ​នា​ពេល​សព្វថ្ងៃ ។

ក​.​ទំរង់​ទូទៅ​នៃ​និមិត្តសញ្ញា
និមិត្តសញ្ញា​នេះ​មាន​រាង​មូល​ព័ទ្ធ​ដោយ​ខ្សែ​ពណ៌​ត្នោត​ពីរ​ជាន់​ខាងក្រៅ​ធំ ខាងក្នុង​តូច និង​ខណ្ឌ​ដោយ​ផ្ទៃ​ពណ៌​ស ។ ផ្ទៃ​ខាងក្នុង​ពណ៌​ត្នោត​ស្រាល ខណ្ឌ​ដោយ​ខ្សែ​ពណ៌​សរាង​ឆកោណ​តំណាង​ឱ្យ​សំ​ណុ​ល​ឃ្មុំ ។ នៅ​ចំ​កណ្ដាល​មាន​រូប​ជើងពាន​ពណ៌​ត្នោត ។ ចំណែក​ខាង​ផ្នែក​ខាងលើ​មាន​រំលេច​អក្សរ​ពណ៌​ខៀវ​ថា `«​ខេត្ត​ត្បូងឃ្មុំ​» ។ ចំណែក​នៅ​ខាងក្រោម​ជើងពាន​មាន​លម្អ​ដោយ​ចង្វាយ​ក្បាច់​អង្គរ ដែល​មាន​ផ្ទៃ​ក្បាច់​ពណ៌​បៃតង​រំលេច​ដោយ​ទម្រង់​ក្បាច់​ពណ៌​ស ។

ខ​.​អត្ថន័យ​នៃ​និមិត្តសញ្ញា
រង្វង់​ព័ទ្ធ​ជុំវិញ
រង្វង់​ខ្សែ​ពីរ​ជាន់​ព័ទ្ធ​ជុំវិញ​តំណាង​ឲ្យ​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ «​បន្ទាយ​គូ ឬ​ភូមិ​មូល​» ។ ខ្សែ​ខាង​ក្រៅ​ធំ​តំណាង​ឲ្យ​កំពែង​ដី​ខាងក្រៅ​ឯ​ខ្សែ​តូច​ខាងក្នុង​តំណាង​ឱ្យ​ដី​ទួល​ព័ទ្ធ​ជុំវិញ​មាត់​គូ ដែល​អ្នក​ខ្លះ​ហៅ​ថា​កំពែង​ខាងក្នុង ។ ចំណែក​ខ្សែ​ស​ខណ្ឌ​ពណ៌​ត្នោត​ទាំង​ពីរ​តំណាង​ឱ្យ​គូ​ទឹក ។ តាម​រយៈ​ការ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​ស្ថានីយ៍ »​បន្ទាយ​គូ​ឬ​ភូមិ​មូល​» ជា​កន្លែង​មនុស្ស​រស់នៅ​តាំងពី​១០០០​ឆ្នាំ​មុន​គ្រឹ​ស្ត​សករាជ ។

បន្ទាយ​គូ​នេះ​គេ​បាន​រក​ឃើញ​ភាគច្រើន​នៅ​តំបន់​ដីក្រហម​ក្នុងស្រុក​មេមត់ និង​ពញាក្រែក​នៃ​ខេត្ត​ត្បូងឃ្មុំ ហើយ​មួយ​ចំនួន​ទៀត​រក​ឃើញ​នៅ​តំបន់​ដីក្រហម​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​ព្រមទាំង​នៅ​ក្នុង​តំបន់​ដីក្រហម​នៃ​ប្រទេស​វៀតណាម​ផង​ដែរ ។ លោក ប៊ែ​រណា​ហ្វី​លី​ព ហ្រូ​ស​លី​យេ អ្នក​ស្រាវ​ជ្រាវ​ជនជាតិ​បារាំង បាន​កំណត់​ឈ្មោះ​ស្ថានីយ និង​វត្ថុ​ដែល​រក​ឃើញ​នៅ​តំបន់​ខាងលើ​នេះ​ថា «​អារ្យធម៌​មេមត់​» ដែល​ជា​អរិយធម៌​ចាស់​ជាងគេ​នៅ​តំបន់​ដីក្រហម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។

ផ្នែក​ខាងក្នុង
ផ្ទៃ​ខាងក្នុង​គឺ​តំណាង​សំបុក​ឃ្មុំ និង​ទឹកឃ្មុំ​។ វត្ថុ​ដ៏​មាន​តម្លៃ​របស់​ឃ្មុំ​ដែល​អ្នក​ស្វែងរក​ឃ្មុំ​ប្រាថ្នា​ចង់បាន​នោះ គឺ «​ក្បាលទឹក​ឃ្មុំ​» ជាទី​ប្រមូលផ្ដុំ​ដោយ​ទឹកឃ្មុំ​មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​ផង និង​សម្រាប់​​ជា​ឱសថ ផ្សេង​ៗ​ផង ។ ប្រសិនបើ​យោង​លើ​ពាក្យ «​កបាល​» ឬ​«​ក្បាល​»​ជា​ពាក្យ​សំស្ក្រឹត​​ត្រូវ​គ្នា​នឹង​ពាក្យ​ខ្មែរ​ថា «​ត្បូង​»​។ ដូច្នេះ​ពាក្យ​ថា «​ក្បាលទឹក​ឃ្មុំ​» ដែល​យើង​ប្រើ​សព្វ​ថ្ងៃ​នេះ គឺ​ប្រហែលជា​អ្នកស្រុក​ហៅ​ខ្លី​ថា «​ត្បូងឃ្មុំ​» ដូច្នេះ​ក៏​មិនដឹង ។ ម្យ៉ាងទៀត​ឃ្មុំ​ស្ថិត​ក្នុង​អម្បូរ​សត្វល្អិត​រស់នៅ​ជា​ក្រុម ដែល​មានការ​តស៊ូ​អត់ធ្មត់ និង​ឧស្សាហ៍​ព្យាយាម មាន​សាមគ្គី​គ្នា​ល្អ​។ ហេតុនេះ​ការ​យក​ឃ្មុំ​មក​ដាក់​ក្នុង​និមិត្តសញ្ញា​នេះ ក៏​ចង់​បង្ហាញ​ពី​គ្នា​និមិត្តរូប​នៃ​ការ​តស៊ូ និង​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ ។ ចំណែក​ទឹកឃ្មុំ​ជា​និមិត្តរូប​នៃ​ការ​រស់នៅ​ដ៏​ផ្អែមល្ហែម​ក្នុង​សហគមន៍​ក៏​ដូច​ជា​សង្គម​ជាតិ​ទាំងមូល ។

រូប​ជើងពាន​នៅ​កណ្ដាល
រូប​សំខាន់​បំផុត​នៅ​ចំ​កណ្ដាល​ដែល​ជ្រើសរើស​ធ្វើ​ជា​និមិត្តសញ្ញា​របស់​ខេត្ត​ត្បូងឃ្មុំ​នោះ​គឺ​«​ជើង​ពាន​បុរាណ​» ធ្វើ​ពី​ដី​ដុត​(​កុលាលភាជន៍​) ដែល​រក​ឃើញ​ពេល​ធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​បន្ទាយ​គូ​ស្ថិត​ក្នុង​ក្រុមហ៊ុនចំការកៅស៊ូ​ក្រែក​កាលពី​ឆ្នាំ​១៩៩៨ ។ បើ​សង្កេត​ទៅ​លើ​រូប​ជើងពាន​នេះ គឺ​មាន​សណ្ឋាន​ដូច​ជា​ជើងពាន​ប្រដាប់​ប្រើប្រាស់​សព្វថ្ងៃ​នេះ​ដែរ ។ ផ្អែក​លើ​លទ្ធផល​សិក្សា​វិភាគ​កំណត់​អាយុកាល​លើ​បុរាណវត្ថុ​ជា​ច្រើន ដែល​ស្ថិត​ក្នុង​ជម្រៅ​ដី​ជាមួយ​គ្នា​ជើងពាន​នេះ​មាន​អាយុ​ជាង​៣០០០​ឆ្នាំ​។ ជើងពាន​ជា​ប្រដាប់​សំរាប់​ដាក់​ទ្រ​វត្ថុ​មាន​តម្លៃ គម្ពី​ក្បួនច្បាប់ ផ្សេង​ៗ គ្រឿង​​សក្ការបូជា​សម្រាប់​ថ្វាយ​ព្រះ ឬ​វត្ថុ​គង់​ខ្ពស់​សម្រាប់​ព្រះរាជា​ជាដើម ។ ម្ល៉ោះហើយ​ជើងពាន​ជា​និមិត្តរូប​នៃ​ចំណេះដឹង ភាព​ខ្ពង់ខ្ពស់ និង​ភាព​ពិសិដ្ឋ ។

អក្សរ​ពណ៌​ខៀវ «​ខេត្ត​ត្បូងឃ្មុំ​»
ជា​ប្រភេទ​អក្សរ​មូល​ដែល​វិវត្តន៍​មក​ពី​អក្សរ​ខ្មែរ​សម័យ​អង្គរ ។ ចាប់ពី​សម័យ​ក្រោយ​អង្គរ (​សតវត្ស​ទី​១៤/១៥) មក​គេ​ច្រើន​ប្រើ​អក្សរ​មូល​នេះ​ដើម្បី​ចារ​លើ​សាស្ត្រា ឬ​ក្រាំង ផ្សេង​ៗ​។ អក្សរ​នេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ ។

ចង្វាយ​ក្បាច់​អង្គរ
ចង្វាយ​ក្បាច់​នៅ​ពីក្រោម​ជើងពាន​គឺជា​ក្បាច់​មួយ​ប្រភេទ​ហៅ​ថា «​ក្បាច់​អង្គរ​» ។ ក្បាច់​នេះ​ឃើញ​បុព្វបុរស​ខ្មែរ​និយម​ឆ្លាក់​តុបតែង​លម្អ​នៅ​តាម​ប្រាណ​ប្រាសាទ និង​ទី​សក្ការៈ​នានា ហើយ​បន្ត​ឥត​ដាច់​ពី​សម័យ​បុរាណ​រហូត​មក​ទល់​សព្វថ្ងៃ ។ ក្បាច់លំអ​ទាំងឡាយ​គឺ​ច្នៃ​រចនា​ចេញពី​ធម្មជាតិ​ជា​ពិសេស​រុក្ខជាតិ​មាន​ដើម ទង ស្លឹក ផ្លែ ផ្កា​ជាដើម ។ ម្ល៉ោះហើយ ក្បាច់​មិនមែន​គ្រាន់តែ​ជា​គ្រឿង​សម្រាប់​តុបតែង​លម្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចម្រើន​លូតលាស់​ភោគផល ធន​ធានធម្មជាតិ និង​ភាព​សម្បូ​ណ៍​សប្បាយ​នៅ​ក្នុង​សង្គម​ដែរ ។

ហេតុ​ដូច្នេះ​ហើយ ចង្វាយ​ក្បាច់​អង្គរ​ដែល​លើកយក​មក​លម្អ​នៅ​ក្នុង​និមិត្តសញ្ញា​នេះ​ជា​និមិត្តរូប​នៃ​ស្ពាន​ត​ភ្ជាប់​រវាង​អរិយធម៌​រុងរឿង​ពី​អតីតកាល​មក​បច្ចុប្បន្នកាល​ផង និង​ជា​សញ្ញា​នៃ​ក​សិ​-​ឧស្សាហ​កម្ម​មាន​ដូច​ជា​កៅស៊ូ ដំឡូង​មី ស្វាយចន្ទី និង​ម្រេច​ជាដើម​ដែល​ជាស​ក្កា​នុ​ពល​សេដ្ឋកិច្ច​របស់​ខេត្ត​តែ​ម្ដង ។

ពណ៌
រង្វង់​មូល​ពីរ​ជាន់​ព័ទ្ធ​ជុំវិញ​ផ្នែក​ខាងក្រៅ​នៃ​និមិត្តសញ្ញា​នេះ​មាន​ពណ៌​ត្នោត​គឺ​តំណាង​ឲ្យ​តំបន់​ដី​ក្រហម​របស់​ខេត្ត​ត្បូងឃ្មុំ ។ ផ្ទៃ​របស់​និមិត្តរូប​សញ្ញា​រាង​៦​ជ្រុង​តូច​គឺ​ចម្លង​ចេញពី​សំបុក​ឃ្មុំ​។ ជើងពាន​នៅ​ចំ​កណ្ដាល​រំលេច​ដោយ​ពណ៌​ដី គឺ​តំណាង​ឲ្យ​ដីក្រហម​នៃ​ខេត្ត​ត្បូងឃ្មុំ​ផង និង​ពណ៌​ដើម​របស់​កុលាលភាជន៍ ។ រីឯ​អក្សរ «​ខេត្ត​ត្បូងឃ្មុំ​» មាន​ផ្ទៃ​ពណ៌​ខៀវ គឺ​តំណាង​ឲ្យ​សេរីភាព​ផង និង​តំណាង​ឲ្យ​អាកាសធាតុ​មូសុង​ផង ។ ចំណែក ចង្វាយ​ក្បាច់​អង្គរ​បែក​ពណ៌​បៃតង គឺ​តំណាង​ឲ្យ​សក្តានុពល​នៃ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​របស់​ខេត្ត មាន​ដូច​ជា​ម្រេច ពិសេស​ដំណាំ​កៅស៊ូ ដែល​​គេ​ចាត់ទុកជា «​មាស​ស​លើ​ដីក្រហម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ