ភ្លៀង​ធ្លាក់​ច្រើន​មេ​ធ្វើ​កសិករ​ដាំដំឡូង​មី​សប្បាយ​រីករាយ តែ​ក៏​ព្រួយបារម្ភ​ខ្លះ​ៗ​ដែរ​(​វី​ដេ​អូ​)


ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​មេឃ​បង្អុរ​ភ្លៀង​ជា​ច្រើន​មេ​ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សង្ឃឹមថា នឹង​ប្រមូល​ផល​មើមដំឡូង​មី​បាន​ច្រើន គឺ​ទិន្នផល​ឡើង​ខ្ពស់ ព្រោះ​ការ​ដាំ​ដុះ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​នេះ គឺ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់ មិនសូវ​ខ្វះខាត​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ប៉ុន្តែ​ក៏​នៅ​មាន​កន្លែង​ខ្លះ​អត់​សូវ​ត្រូវ​ទឹកភ្លៀង​ផង​ដែរ ។

ជាក់ស្តែង​មាន​ប្រជាពលរដ្ឋ​១​គ្រួសារ បាន​ដាំដំឡូង​មី​ចំនួន​៨​ហិ​កតា នៅ​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន មិន​មានការ​ខូចខាត​នោះ​ទេ ខណ​:​ត្រូវ​ទឹកភ្លៀង​ធ្លាក់​ជោកជាំ​ជា​រៀងរាល់ថ្ងៃ ។

https://www.youtube.com/watch?v=kufxbS21mq8

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឆៃ សំ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ដាំដំឡូង​មី​ចំនួន​៨​ហិ​កតា ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០២០ ដោយ​បន្ទាប់​ពី​ដាំ​បាន​រយៈពេល​ត្រឹមតែ​៤​ទៅ​៥​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​ដំណាំ​ដំឡូង​មី​របស់​គាត់​ត្រូវ​ទឹកភ្លៀង​ជា​រឿយ​ៗ​ឥត​ដាច់ បណ្តាល​ឱ្យ​ដុះ​លូតលាស់​បាន​យ៉ាង​ល្អ ពោល​គឺ​បញ្ចេញ​ពណ៌​ខៀវខ្ចី​ក្នុង​ចម្ការ​តែ​ម្តង ។ គាត់​សង្ឃឹមថា នៅ​ពេល​ប្រមូល​ផល​ឆ្នាំ​ក្រោយ នឹង​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់​ទៀត​។

ប្រភព​បន្ត​ទៀត​ថា ដោយ​ឃើញ​ដំណាំ​ស្រស់​ល្អ និង​មិន​ងាប់​ខូចខាត​បែប​នេះ ពិតជា​ធ្វើ​ឱ្យ​គ្រួសារ​របស់​គាត់ និង​អ្នក​ដទៃ​ទៀត ដែល​ដាំ​ដំ​ដំឡូង​មី និង​ពោតក្រហម ក្នុង​ចម្ការ​ក្បែរ​ៗ​គ្នា ខិតខំ​ប្រឹងប្រែង​ដើរ​បោចស្មៅ និង​ជួល​កម្មករ​ឱ្យ​បាញ់ថ្នាំ​សម្លាប់​ស្មៅ​បាន​យ៉ាង​ល្អ​ផង​ដែរ ។

គាត់​បន្ថែម​ទៀត​ថា កាលពី​ឆ្នាំ​មុន ខ្សត់​ទឹកភ្លៀង​បន្តិច ដោយ​ចម្ការ​របស់​គាត់​ត្រូវ​បាន​ដាំ​ជា ច្រើន​លើក​ច្រើន​សារ ទម្រាំ​តែ​ដុះ​លូតលាស់​រហូត​បាន​ប្រមូល​ផល ។ ប៉ុន្តែ​នៅ​ឆ្នាំ​ថ្មី​នេះ ដាំ​តែ​ម្តង​គត់ មិន​ចំណាយ​ដើមទុន និង​ពូជ​អស់​ច្រើន​នោះ​ទេ ។ បើសិនជា​ឆ្នាំ​ក្រោយ​ដំឡូង​មី​មាន​តម្លៃ​ខ្ពស់ អាច​ឱ្យ​គាត់​សល់​ថវិកា សម្រាប់​សង​ជំពាក់​បំណុល​គេ​រួចរាល់ តែ​បើសិនជា​ទីផ្សារ​ធ្លាក់​ថ្លៃ ទោះបីជា​ដំឡូង​មី​ល្អ​ប៉ុណ្ណា ក៏​លំបាក​ក្នុង​ការ​សល់​យក​ប្រាក់​សម្រាប់​សង​ជំពាក់​គេ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដែរ ។

គាត់​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន មេត្តា​ជួយ​រក​ទីផ្សារ​ដំណាំ​ពោតក្រហម និង​ដំឡូង​មី ព្រមទាំង​ដំណាំ​កសិផល​ផ្សេង​ៗ​ឱ្យ​ឡើងថ្លៃ​ផង​ដែរ ព្រោះ​ពួក​គាត់​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើ​ចម្ការ​ដំណាំ​នោះ​ឡើយ ។ លើស​ពី​នេះ ពួក​គាត់​ក៏​នៅ​តែ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ដែល​មិន​ទាន់​ផុតរលត់​នៅឡើយ ជា​ហេតុ​នាំ​ឱ្យ​កសិផល​ធ្លាក់​ថ្លៃ​ផង​ដែរ ខណ​:​ប្រទេស​ជិត​ខាងគេ​ផ្អាក​ការ​បញ្ជា​ទិញ​កសិផល​របស់​ពួក​គាត់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ