រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីដែលចេញពីអ្នកសិល្បៈបុរាណ នាង សួស វីហ្សា កំពុងតែសប្បាយរីករាយជាមួយនឹងស្វាមីលោក ថមមី ក្រោយទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារជាចំណងដៃរៀបការរួចមក ពេលនេះតារាចម្រៀងស្រីរូបនេះកំពុងតែអាកអន់ស្រពន់ចិត្តជាខ្លាំង ជុំវិញរូបរាងដងខ្លួនរបស់នាងដែលនៅអំឡុងពេលកំពុងតែពពោះ បែរជាប្រែប្រួលខ្លាំងរហូតរងការបង្អាប់ជាបន្តបន្ទាប់។
ដោយសារការមានផ្ទៃពោះ គឺជារឿងមួយបង្កើតនូវក្តីសុខសម្រាប់គូស្វាមី-ភរិយា តែសម្រាប់ស្ត្រីវិញ ក្នុងនាមជាអ្នកម្តាយរបស់គេគឺពិតជារងការលំបាក និងហត់នឿយនៅក្នុងការពពោះខ្លាំង ជាពិសេសនៅពេលមានក្រសែភ្នែកមនុស្សជាច្រើនបានមើលទៅលើរូបរាងរបស់នាង ដែលប្រែជាធាត់ខ្លាំង និងសម្លឹងមើលរូបនាងលើមើលក្រោម នៅពេលចេញទៅក្រៅម្តងៗ។
ទំនងជាចង់រំសាយអារម្មណ៍ ឬក៏ចង់បង្ហាញពីអារម្មណ៍ពិតរបស់ស្ត្រីមានផ្ទៃពោះថា មានសំពាធយ៉ាងណានោះ តារាចម្រៀងស្រីរូបនេះបានបង្ហោះសារដាក់មួយទំហឹងកាលពីពេលថ្មីៗនេះ ដែលមានខ្លឹមសារថា « មានអារម្មណ៍ថា ឥឡូវនេះពេលទៅផ្សារ ឬទៅណាមកណា ឬចូលរួមកម្មវិធីតូច-ធំនានា គឺខ្ញុំចាប់ផ្តើមទទួលបានការមើលលើមើលក្រោមពីមនុស្សអគតិមួយចំនួនតូច ដែលមើលមកក្នុងទឹកមុខចំអក មើលលក្ខណៈដូចឃើញសត្វចម្លែក មើលហើយខ្សឹបខ្សៀវពីការប្រែប្រួលរូបរាងនឹងការឡើងគីឡូរបស់ខ្ញុំ។
ចង់ប្រាប់ថា ខ្ញុំក៏មិនចង់ឡើងគីឡូអញ្ចឹងដែរ គ្មានស្រីណាគេចង់ពពោះធាត់ដូចជ្រូក ឬពពោះស្គមដូចកុកទេ គ្មានស្រីណាចង់អាក្រក់ទេ តែធ្វើមិចបើសុខភាពវាប្រែប្រួលអញ្ចឹង តើស្រីណាអាចកម្មង់បានថា ពេលពពោះខ្ញុំត្រូវតែធាត់ ឬខ្ញុំត្រូវតែស្គម???»។
យ៉ាងណាមិញ ការសរសេររបស់នាង គឺសំដៅទៅលើមនុស្សមួយក្រុមតូចតែប៉ុណ្ណោះ ។ ក៏ប៉ុន្តែបើក្រឡេកមើលក្នុងន័យវិជ្ជមានវិញ គឺថាបន្ទាប់ពីពរផ្ទៃពោះបាន៧ខែកន្លងមកនេះ តារាចម្រៀងស្រីរូបនេះហាក់បែររូបរាងជាខ្លាំងនេះ ក៏ព្រោះតែនាង សួស វីហ្សា ហាក់ទទួលបានការមើលថែបានយ៉ាងល្អពីស្វាមី ក៏ដូចជាការធ្វើដំណើរកម្សាន្តជាច្រើនជាមួយនឹងស្វាមី ជាពិសេសការទទួលទានអាហារល្អៗដែលស្វាមីរបស់នាងរៀបចំសម្រាប់ជំនួយដល់សុខភាពកូននៅក្នុងផ្ទៃផង និងសុខភាពរបស់អ្នកម្តាយផងដែរ ។
គួរបញ្ជាក់ថា នៅមិនដល់ ២ខែទៀតនោះទេ តារាចម្រៀងស្រីរូបនេះនិងស្វាមី នឹងបានជួបកូនដំបូងរបស់ពួកគេ ក្រោយពីដឹកដៃគ្នារៀបការកាលពីឆ្នាំ២០១៩កន្លងទៅនេះ ក្នុងនោះផងដែរ កូនស្រីដំបូងរបស់តារាទាំងពីរដួង មើលទៅមានទម្រង់មុខដូចម្តាយជាងឪពុក ដែលកន្លងមក លោក ថមមី ធ្លាប់បានបង្ហោះនូវរូបភាពកូនរបស់ខ្លួនក្រោយពីបានថតអេកូពោះនោះ ៕
ចែករំលែកព័តមាននេះ