ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​ដើរ​លេង​កុំ​ភ្លេច​កូ​វី​ដ​១៩ សូមកុំ​ឲ្យ​ឱកាស​សប្បាយ​ក្លាយជា​ទុក្ខ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ការ​ដាស់តឿន​ពលរដ្ឋ​ខ្មែរ​ឲ្យ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​ធ្លាប់​លើក​សុភាសិត​បុរាណ «​កុំ​ចាំ​ដល់​ឃើញ​ក្តា​មឈូស​បាន​ស្រក​ទឹកភ្នែក​» នៅ​ក្នុង​ឱកាស​សន្និសីទកាសែត​មួយ កាលពី​ពេល​កន្លង​មកនេះ និយាយ​ពី​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា ។ ការ​លើក​ឡើង​សុភាសិត​មួយ​ឃ្លា​នេះ…

រាជធានី​ភ្នំពេញ ៖ ជា​ការ​ដាស់តឿន​ពលរដ្ឋ​ខ្មែរ​ឲ្យ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​ធ្លាប់​លើក​សុភាសិត​បុរាណ «​កុំ​ចាំ​ដល់​ឃើញ​ក្តា​មឈូស​បាន​ស្រក​ទឹកភ្នែក​» នៅ​ក្នុង​ឱកាស​សន្និសីទកាសែត​មួយ កាលពី​ពេល​កន្លង​មកនេះ និយាយ​ពី​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា ។

រូបតំណាង

ការ​លើក​ឡើង​សុភាសិត​មួយ​ឃ្លា​នេះ លោក​រដ្ឋមន្ត្រី​ចង់​ដាស់តឿន​ពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ចំពោះ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ មក​ខ្លួន​ហើយ​ចម្លង​ទៅ​សមាជិកគ្រួសារ​ខ្លួន និង​សហគមន៍​ខ្លួន ពីព្រោះ​ការ​កើត​ជំងឺ​កូ​វី​ដ​១៩​នេះ ជា​សោក​នា​សកម្ម​ធំ​ណាស់​ដល់​គ្រួសារ និង​សង្គម​ជាតិ ត្បិត​អី​ជំងឺ​ដែល​ងាយ​ឆ្លង​នេះ មិន​ទាន់​មាន​វាក់​សាំង​ការពារ និង​ថ្នាំ​ព្យាបាល​ឡើយ ។

រូបតំណាង

លោក​ម៉​ម ប៊ុ​ន​ហេង បាន​ឆ្លើយ​តប​ចំពោះ​អ្នកកាសែត​ដែល​បាន​សួរ​ពី​ឥរិយា​បទ​របស់​ពលរដ្ឋ​ខ្មែរ ហាក់​បាន​ធ្វេសប្រហែស​ក្រោយ​ពី​បាន​សង្កេត​ឃើញ​ថា កម្ពុជា​បាន​គ្រប់គ្រង​ស្ថានការណ៍ ជំងឺ​កូ​វី​ដ​១៩ មាន​ប្រសិទ្ធិ​ភាព មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅឡើយ​ទេ​នោះ ។

រូបតំណាង

សម្រាប់​មន្ត្រី​សុខាភិបាល​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​ជា​ហានិភ័យ​ខ្ពស់ ។ ហានិភ័យ​ខ្ពស់ ដោយសារ​សកលលោក និង​ប្រទេស​ជិតខាង នៅ​តែ​ប្រឈម​ខ្ពស់​ចំពោះ​ជំងឺ​នេះ ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថា ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​ប្រ​តិ​ព្រឹ​ត្ត​ការ​ណែនាំ​របស់​ក្រសួង ។ លោក​បាន​ដាស់តឿន​ពលរដ្ឋ​ឲ្យ​ចេះ​ការពារ​ខ្លួន​ដោយ​ខ្លួន មិន​គួរ​ទៅ​កន្លែង​ណា​ដែល​មានការ​ប្រឈម នឹង​ការ​ឆ្លង​នោះ​ឡើយ ។ លោក​ឡើង​ថា ប្រសិនបើ​ភោជនីយដ្ឋាន​មួយ គ្មាន​ទឹក​អាកុល​លាងដៃ តុ​អង្គុយ​មិន​ឃ្លាត​ពី​គ្នា​ទីធ្លា​គ្មាន​អនាម័យ សូម​ពលរដ្ឋ​កុំ​ចូល​ទ​ទូល​ទាន​នៅ​អាហារ​ដ្ឋា​ន​នោះ​។

លោក​ថា «​យើង​ទទួលទាន​ដើម្បី​សុខភាព បើ​ទៅ​ទទួលទាន​ប្រឈម​ជំងឺ សូម​កុំទៅ​» ។ ការ​ឈប់​សម្រាក​នា​ពាក់កណ្តាល​ខែសីហា​ខាង​មុខ​នេះ ជា​ឱកាស​មួយ​ដែល​មានការ​ព្រួយបារម្ភ​ពី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ខ្លាំង ប្រសិនបើ​ពលរដ្ឋ​មិន​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​ការពារ​ខ្លួន តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ ។

ជា​ការ​ពិត អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងឡាយ​បាន​ដាក់​ចេញ វិធានការ​ណែនាំ ការ​បង្ការ ទប់ស្កាត់​នៅ​ក្នុង​ឱកាស​ឈប់​សម្រាក​នោះ​ហើយ ប៉ុន្តែ​អ្វី​ដែល​គេ​មើល​ថា ជា​ប្រ​វិធាន​មាន​ប្រសិទ្ធភាព គឺ​ឥរិយាបថ ការ​អនុវត្ត​របស់​បុគ្គល​ម្នាក់​ៗ​នោះ​ទេ​។

ជា​ការ​សង្កេត ទោះ​មាន​វិធានការ បម្រាប​យ៉ាងណា​ក្តី នៅ​ពេល​មាន​មនុស្ស​ច្រើន នៅ​តាម​កន្លែង​លក់ដូរ កន្លែង​ស្នាក់ និង​តាម​មធ្យោបាយ​ធ្វើ​ដំណើរ ហាក់​បាន​ភ្លេចខ្លួន និង​ធូរ​លុង​ភ្លេច​ការ​ណែនាំ​របស់​អាជ្ញាធរ ។ ដូច​ជា ទឹក​អាកុល​នៅ​ទីតាំង​នោះ​មាន​មិន​គ្រប់គ្រាន់ បន្ទប់ទឹក​គ្មាន អនាម័យ​មិន​បាន​សំអាត​ញឹកញាប់ ខ្វះ​កន្លែង​អង្គុយ​តម្រូវ​ឲ្យ​មនុស្ស​ប្រជ្រៀត​គ្នា​ជាដើម​។

ដូច្នេះ​នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ បើសិនជា​ពលរដ្ឋ​ខ្លួនឯង​មិន​បាន​គិតដល់​ចំនុច​ងាយ​រង​គ្រោះ​ទេ​នោះ ភ្លេច​គិតដល់​កូ​វី​ដ​១៩​នោះ ការ​ប្រឈម​នឹង​ឆ្លង​ជំងឺ​នេះ​ដល់​សហគមន៍ នឹង​អាច​កើត​មាន​ឡើង ។ ចូល​ចាំ​ថា​រហូត​មក​ដល់​ពេល​នេះ ក្រសួងសុខាភិបាល​នៅ​តែ​ប្រើ​ពាក្យ​ដដែល​ថា «​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។ យើ​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្ត​ទៀត ដូច​ជា​ពន្យា​ការ​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការ​ចាក់​ធុងបាស​រាំ ។ យើង​ត្រូវ​បន្ត គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ជាដើម​» ។

ក្រសួង​នៅ​តែ​ដាស់តឿន​ឲ្យ​ពលរដ្ឋ ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅ​ពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។ តាម​ការ​សាកសួរ​របស់​ពលរដ្ឋ​ដែល​មាន​បំណង​ដើរ​កម​ន្សា​ន្ត​នៅ​ក្នុង​ឱកាស​ឈប់​ជំនួស​ពេល​ចូល​ឆ្នាំ​ថ្មី​កាលពី​ខែមេសា​នោះ នៅ​ខេត្ត​តាម​ខេត្ត​ដែល​ជា​តំបន់​ទេសចរណ៍​ខ្លះ​ដូច​ជា​មណ្ឌលគិរី រតនគិរី ជាដើម​នោះ ថា​កន្លែង​ស្នាក់​នៅ​បាន​កក់​ពេញ​អស់ហើយ ដូច្នេះ​ចំនួន​ពលរដ្ឋ​ទៅ​ដើរ​កម្សាន្ត​នៅ​ទីនោះ​ប្រាកដជា​មិន​តិច​ទេ​។

ការ​ដើរ​លេង​កម្សាន្ត​ជា​ផ្នែក​សំខាន់​មួយ​ដើម្បី​លើកកម្ពស់​ដង្ហើម​សេដ្ឋកិច្ចជាតិ ជំរុញ​ចំណូល​ដល់​សហគមន៍ ជា​សេចក្តីសុខ ការ​សប្បាយ​រីករាយ​របស់​ពលរដ្ឋ ប៉ុន្តែ​ចូល​កុំ​ភ្លេច​ជំងឺ​កូ​វី​ដ​១៩​។ ប្រទេស​វៀតណាម​និង​ប្រទេស​ថៃ នៅ​ក្បែរ​កម្ពុជា បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​ចំពោះ​បញ្ហា​កូ​វី​ដ​១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ