ខេត្តព្រៃវែង ៖ បុរសពីរនាក់ទៀត នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅក្នុងខេត្តព្រែវែង ហើយបច្ចុប្បន្នអាជ្ញាធរកំពុងតាមស្វែងរកពួកគេត្រឡប់មកវិញ ។
ការត់ចេញបែបនេះ បង្កហានិភ័យអាចនឹងចម្លងមេរោគកូវីដ-១៩ ដល់អ្នកដទៃ បើសិនជាក្នុងករណីដ៏អាក្រក់ បុរសនោះ អាចត្រូវរកឃើញមានផ្ទុកមេរោគកូវីដ១៩ ។
នេះជាឧទាហរណ៍ដ៏អាក្រក់ និងប្រកបដោយគ្រោះថ្នាក់ ដែលមិនត្រូវកើតមាន ដើម្បីចៀសវាង ការរាលដាលមេរោគកូវីដ-១៩ដល់សហគមន៍ ។
បើតាមប្រភពពីខេត្តព្រៃវែងបានអោយដឹងថា បុរសទាំងពីរនាក់នោះមានទី១ ឈ្មោះ កំសត់ វិស័យ ភេទប្រុស អាយុ២១ឆ្នាំ និងទី២ ឈ្មោះ ចន កំសាន ភេទប្រុស អាយុ៣២ឆ្នាំ បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង ។ បុរសទាំង២ ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ។
រហូតមកដល់ពេលនេះ គេមិនដឹងពីមូលហេតុ នៃការរត់ចេញនោះនៅឡើយទេ។ ប៉ុន្តែវាមានភាពចាំបាច់ថា ត្រូវតែមានវិធានការទប់ស្កាត់ កុំអោយមានមនុស្សរត់ចេញពីកន្លែងចត្តាឡីស័កតទៅទៀត ហើយគេក៏ត្រូវរកអោយឃើញមូលហេតុ នៃការរត់ចេញនោះ និងដោះស្រាយបញ្ហានោះ ដើម្បីកុំអោយមានការត់ចេញបន្តទៀត ។
នេះជាលើកទីពីរហើយ ដែលមានការរត់ចេញពីកន្លែងចត្តាឡីស័ក ។ ករណីទីមួយកើត មានទាក់ទងនឹងស្ត្រីខ្មែរ-អាមេរិក ។
ការរត់ចេញបែបនេះគ្រោះថ្នាក់ខ្លាំងនឹងនាំអោយមានការរាតត្បាតជាសហគមន៍។ ដូច្នេះគេ ត្រូវតែ ប្រយ័ត្នបំផុតហើយមិនត្រូវអោយមានកើតទៀត៕
ចែករំលែកព័តមាននេះ