ថ្ងៃនេះ វៀតណាមរក​ឃើញ​ឆ្លង ២២​នាក់​បន្ថែម ក្នុង​សហគមន៍​នៅ​ដា​ណា​ង សរុប​៦៤២​ករណី


ដា​ណា​ង ៖ មនុស្ស​១៥​នាក់ នៅ​ដា​ណា​ង និង​៦​នាក់​ផ្សេង​ទៀត នៅ​ខេត្តជាប់​គ្នា​នោះ គឺ​ខេត្តក្វា​ង​ណា​ម បាន​ឆ្លង​វីរុស Covid-19 នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​វៀតណាម កើន​ដល់ ៦៤២​ករណី​ហើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០៣ សីហា ២០២០​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ស្ត្រី​ម្នាក់​នៅ​មើលថែ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ដា​ណា​ង ក៏​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ថា មាន ឆ្លង Covid-19 នាំ​យក​ចំនួន​សរុប ត្រឹម​រយៈពេល​១​ថ្ងៃ​ចន្ទ​នេះ មាន​ដល់ ២២​ករណី ។

អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​៦​នាក់ នៅ​ខេត្ត​ក្វា​ង​ណា​ម មាន​អាយុ​ចន្លោះ​ពី​៣៨ ទៅ ៨៣​ឆ្នាំ ។ ក្នុង​ចំណោម​៦​នាក់ មាន ៣​នាក់ បាន​ទៅ​សួរសុខទុក្ខ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ដា​ណា​ង នា​ពេល​ថ្មី​ៗ​នេះ ។ ២​នាក់​ទៀត បាន​នៅ​មើលថែ ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ ខណៈ​ដែល​ម្នាក់​ទៀត មក​ទទួល​ការ​ព្យាបាល​តម្រងនោម និង​ប្រព័ន្ធ​ចក្ខុ​វិទ្យា​របស់​មន្ទីរពេទ្យ ។

អ្នកជំងឺ​ទាំង ៦​នាក់ កំពុង​ដាក់​នៅ​ដាច់​ដោយឡែក​ពី​គ្នា​ហើយ បច្ចុប្បន្ន​ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ក្វា​ង​ណា​ម ។

ចំណែក​អ្នកជំងឺ​១៥​នាក់ នៅ​ដា​ណា​ង មាន​អាយុ​ចន្លោះ​ពី​២០ ទៅ ៧៨​ឆ្នាំ ។ ក្នុង​ចំណោម​ពួក​គេ មាន​១២​ករណី​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​៧​នាក់ ដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ វិជ្ជមាន Covid-19 ។ នៅ​សល់​៣​នាក់​ទៀត គឺជា​មនុស្ស​ដែល​បាន​មើលថែ​ទាំ​សមាជិកគ្រួសារ​នៅ​មន្ទីរពេទ្យ​ដា​ណា​ង ។

ជាមួយ​គ្នា​នេះ​ផង​ដែរ នៅ​ថ្ងៃ​ចន្ទ​នេះ ក៏​មាន​ស្ត្រី​អាយុ​៥៨​ឆ្នាំ ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ខេត្ត​ហៃ​ដុ​ង ភាគ​ខាងជើង ត្រូវ​បាន​ប្រកាស​ជា​សះស្បើយ​ពី​ជំងឺ Covid-19 នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ សរុប​ចំនួន ៣៧៤​នាក់ ក្នុង​ចំណោម ៦៤២​ករណី ។

Covid-19 បាន​ផ្ទុះ​ឡើង​វិញ ចម្លង​ក្នុង​សហគមន៍ នៅ​ដា​ណា​ង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា បន្ទាប់​ពី​មិន​មាន​ករណី​ឆ្លង​សោះ ជាង​៣​ខែ ។

អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​៦​នាក់ បាន​ស្លាប់​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក អ្នក​ស្លាប់មាន​អាយុ​ចន្លោះ​ពី​៥៣ ទៅ​៨៦​ឆ្នាំ ហើយ​ពួក​គេ​ទាំងអស់​សុទ្ធតែ​មាន​ជំងឺ​រ៉ាំរ៉ៃ ប្រចាំ​កាយ ។ រហូត​មក​ដល់​ពេល​នេះ មាន​អ្នកជំងឺ ១៣​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

ក្រៅពី​ឆ្លង​ក្នុង​សហគមន៍ នៅ​ដា​ណា​ង ក៏​មាននៅ​ទីក្រុង​និង​ខេត្ត ចំនួន​៨​ផ្សេង​ទៀត ផង​ដែរ ។ ឥឡូវនេះ មនុស្ស​ជាង ១០៣.០០០​នាក់ បាន​និង​កំពុង​ដាក់​នៅ​ដាច់​ដោយឡែក​ពី​គេ នៅ​ក្នុង​ប្រទេស​វៀតណាម ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ