មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​3​នាក់​ត្រូវ​ចាប់ខ្លួន


ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ម៉ាត់ ធុ​ច ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត និង​មានការ​ឯកភាព​ពី​លោកស្រី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដកហូត​វត្ថុ​តាង​សា​ធាតុ​ញៀន​ខុសច្បាប់​ចំនួន​១៦​កញ្ចប់ ។

ការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ខាងលើ​នេះ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្ដកំពង់ស្ពឺ ។

តាម​ការ​អោយ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​ថា ក្រុម​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​មាន ទី​១-​ឈ្មោះ ម៉ៅ រ៉ា​ដែន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ទី​២-​ឈ្មោះ វ៉ង សំបូរ ហៅ​កុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន និង​ទី​៣-​ឈ្មោះ ពេជ្រ ណា​សៀន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូរ​១ សង្កាត់​៤ ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ ។

មន្ត្រី​នគរបាល​ដដែល​បន្ត​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​កម្លាំង​នគរបាល​ក្រុង​ច្បារមន ធ្វើការ​ស្រាវជ្រាវ​តាមដាន​ក្រុម​ជនសង្ស័យ​ខាងលើ​យូរ​មក​ហើយ ដោយ​ក្រុម​ជន​សង្ស័យ​តែងតែ​ពពាក់ពពូន​គ្នា ចរាចរណ៍​គ្រឿងញៀន​នៅ​តំបន់​ខាងលើ​នេះ រួច​មក​កម្លាំង​បាន​ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង ។

ក្រោយ​ឃាត់ខ្លួន​នគរបាល​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន (​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់ ក្នុង​នោះ​មាន​១​តូច និង​១៥​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ថែម​ទៀត ។

បច្ចុប្បន្ន​មុខសញ្ញា​៣​នាក់ រួម​ជាមួយ​វត្ថុ​តាង​គ្រឿងញៀន​ខាងលើ ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ