ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បារម្ភ​រឿង​បាត់បង់​មេដាយ​ប៉េតង់​ពិភពលោក ក្រោយ​អ្នកស្រី​កែ ឡេ​ង បដិ​សេធ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំហរ​ចុង​ក្រោយ កីឡាការិនី កែ ឡេ​ង ម្ចាស់​មេដាយមាស ពិភពលោក​៤​ជំនាន់ ប្រកាស​មិន​បន្ត​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នោះ​ទេ បើ​ទោះជា​មានការ​ទទូច​ឱ្យ​អ្នកស្រី​ទទួល​ការ​ប្រកួត​តំណាង​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ជំហរ​ចុង​ក្រោយ កីឡាការិនី កែ ឡេ​ង ម្ចាស់​មេដាយមាស ពិភពលោក​៤​ជំនាន់ ប្រកាស​មិន​បន្ត​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នោះ​ទេ បើ​ទោះជា​មានការ​ទទូច​ឱ្យ​អ្នកស្រី​ទទួល​ការ​ប្រកួត​តំណាង​កម្ពុជា ម្ដង​ជា​ពីរ​ដង​ទៀត​ក្ដី ។ ជំហរ​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ព្រួយបារម្ភ​ពី​ការ​បាត់បង់​មេដាយ​ប៉េតង់​ពិភពលោក ខណៈ​ដែល​កម្ពុជា​បាន​ត្រឹមតែ​ប្រកាស​ថា​នឹង​ពង្រឹង​អ្នក​ស្នង​តំណែង​កុំឱ្យ​របូត​មេដាយ​នេះ​។

ថ្វី​ត្បិត​តែ​អ្នកស្រី កែ ឡេ​ង បាន​ប្រកាស​ថា កីឡាការិនី​វ័យក្មេង ស្រ៊ា​ង សុ​រ៉ា​ឃី​ម នឹង​អាច​ស្នង​តំណែង​របស់​ខ្លួន​បាន ដោយ​ផ្អែក​លើ​សមត្ថភាព​របស់​កីឡាការិនី​រូប​នេះ ក៏​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់ កម្ពុជា បាន​លើក​ឡើង​ក្នុង​ន័យ​មិន​ទាន់​ជឿជាក់​ថា​នឹង​ក្លាយជា​ការ​ពិត​នោះ​ដែរ ខណៈ​ដែល​លោក​យល់​ថា មេដាយ​ប៉េតង់​ពិភពលោក​មិនមែន​ងាយ​ស្រួល​ដណ្ដើម​បាន​នោះ​ទេ ក្រៅពី​អ្នកស្រី កែ ឡេ​ង រហូត​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​និង​កត់​ទុក​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក​ថែម​ទៀត​ផង ។

លោក ស សុខា បាន​បោះសម្ដី​ថា ក្រោយ​​ការ​លាឈប់​របស់​អ្នកស្រី កែ ឡេ​ង សហព័ន្ធប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ធនធាន​ឲ្យ​ឈាន​ទៅ​រក​ចំណុចកំពូល​ដែល​សហព័ន្ធ​ចង់បាន ។ការ​លើក​ឡើង​របស់​លោក​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​បន្ទាប់​ពី​អ្នកស្រី កែ ឡេ​ង លែង​ទទួល​ការ​ប្រកួត​ក្រៅ​ស្រុក ហើយ​ក៏​ជា​ការ​ព្រួយបារម្ភ​ជុំវិញ​ករណី​បាត់បង់​មេដាយ​ប៉េតង់​ពិភពលោក​ដែល​កម្ពុជា​ធ្លាប់​បាន នៅ​ពេល​សមាសភាព​ថ្មី​ត្រូវ​បាន​បង្ហាញខ្លួន​លើ​ឆាក​អន្តរជាតិ​ជំនួស​។

អ្នក​តាមដាន​ក្នុង​វិស័យ​នេះ​ភាគច្រើន ក៏​សម្ដែង​ការ​ព្រួយបារម្ភ​ផង​ដែរ​ថា កម្ពុជា​នឹង​ពិបាក​រក្សា​មេដាយ​ប៉េតង់​ពិភពលោក បើ​ទោះ​ជា​កីឡាការិនី សុ​រ៉ា​ឃី​ម ត្រូវ​គេ​ប៉ាន់​ស្មានថា​នឹង​អាច​ស្នង​តំណែង​អ្នកស្រី​កែ ឡេ​ង ។ មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​អ្នកស្រី កែ ឡេ​ង វ័យ​៥៨​ឆ្នាំ អាច​ដណ្ដើម​បាន​មេដាយ​ពិភពលោក ដល់​ទៅ​៤​ដង​ជាប់​គ្នា​នោះ ។ ការ​ដណ្តើម​បាន មេដាយមាស​ពិភពលោក​៤​ជំនាន់​នេះ ក៏​ជួយ​ឱ្យ​អ្នកស្រី​ក្លាយជា​កីឡាការិនី​ប៉េតង់​ទី​១​លើ ពិភពលោក ផង​ដែរ។

យោង​តាម​ការ​វិភាគ បច្ចុប្បន្ន​ពុំ​ទាន់​មាន កីឡាការិនី​រូប​ណា​មាន​សមត្ថភាព​ខ្លាំង​ដូច ឬប្រហាក់​ប្រហែល​អ្នកស្រី​កែ ឡេ​ង នៅឡើយ ទេ ។

ទោះបី​មានការ​លើកទឹកចិត្ត​ពី​អ្នកស្រី​កែ ឡេ​ង ថា កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម គឺជា​អ្នក​ស្នង​តំណែង ប៉ុន្តែ​ការ​លើក​ឡើង​របស់​អ្នកស្រី​មិន​ត្រូវ​គេ​មើលឃើញ​ថា​នឹង​អាច​ជំនួស​បាន​កម្រិត​ណា​ឡើយ ។ ទាំង​មន្ត្រី​សហព័ន្ធ និង​អ្នក​តាមដាន​បាន​ត្រឹមតែ​ទាមទារ​ឲ្យ សុ​រ៉ា​ឃី​ម ព្យាយាម​ហ្វឹកហាត់ បន្ថែម​ទៀត ពិសេស​លើ​ផ្នែក​ស្មារតី ប៉ុណ្ណោះ​។

កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម ធ្លាប់​និយាយ កន្លង​មក​ថា នាង​មិន​ហ៊ាន​ស្រមៃ ថា អាច​មាន​សមត្ថ​ភាព និង​សាង​ភាព​ល្បីល្បាញ​ដូច​រៀម​ច្បង​វីរ​កីឡាការិនី កែ ឡេ​ង ម្ចាស់​មេដាយ​មាស​ពិភពលោក​៤​ជំនាន់​នោះ​ទេ ។ ប៉ុន្តែ កីឡាការិនី​រូប​នេះ ហាក់​មានការ​តាំងចិត្ត​ខ្ពស់ ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព និង​សាង​ស្នាដៃ​ជូន ជាតិ​បន្ត​នៅ​ឆាក​អន្តរជាតិ ។ យ៉ាងណា​ក៏​ដោយ កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម ក៏​ស្ថិត​ក្នុង​ជម្រើស​ទី​១​របស់​កម្ពុជា​នៅ​ក្នុង​វិស័យ​នេះ បន្ទាប់​ពី​អ្នកស្រី កែ ឡេ​ង ចូល​និវត្តន៍​ផង​ដែរ។

គួរ​បញ្ជាក់​ថា កីឡាការិនី សុ​រ៉ា​ឃី​ម បាន ក្លាយជា​កីឡាការិនី​ថ្នាល​របស់​សហព័ន្ធ​អំឡុង​ឆ្នាំ ២០១៤ ក្រោយ​រូបគេ​ដណ្តើម​បាន​មេដាយ សំរឹទ្ធ ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ។ មុន ចូលរួម​ជាមួយ​សហព័ន្ធ រូបគេ​ជា​កីឡាការិនី ឆ្នើម​ប្រចាំ​វិទ្យាល័យ អង្គរ​បូ​រី ដោយ​ធ្លាប់​ឈ្នះ មេដាយមាស និង​រង្វាន់​ម៉ូតូ​១​គ្រឿង ក្នុង​ការ ប្រកួត​ជម្រើស​ថ្នាក់​ខេត្ត ដណ្តើម​ពានរង្វាន់ សម្តេច​វិបុល​បញ្ញា សុខ អាន ។

ក្រោយ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់ ប្រមាណ​៦​ឆ្នាំ កីឡាការិនី​វ័យ​២១​ឆ្នាំ​រូប​នេះ សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​ទាំង​លើ​ថ្នាក់​ជាតិ និង​អន្តរជាតិ ។ សមិទ្ធផល​ធំ​ៗ របស់​នាង រួម​មាន មេដាយ​ប្រាក់ និង​សំរឹទ្ធ​ពិភពលោក កាលពី​ឆ្នាំ​២០១៧ និង​មេដាយមាស Asian Beach Games នៅ​វៀតណាម ឆ្នាំ​២០១៦ និង មេដាយមាស​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ ២០១៩ នៅ​ហ្វី​លី​ពី​ន និង​មាន​ស្នាដៃ​ជា​ច្រើន​ទៀត ។ សមិទ្ធផល​ទាំងនេះ​ជួយ​ឲ្យ​សុ​រ៉ា​ឃី​ម ទទួល​បានការ​ងារ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ការពារ​ជាតិ និង​អាហារូបករណ៍ ១០០ ភាគរយ នៅ​សាកលវិទ្យាល័យ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ