​ស្ថានភាព​ជីវិត​ពិត​របស់​លោក ឡុ​ង សាល​វ័​ន្ត ពិតជា​ខ្លោចចិត្តណាស់​


រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា លោក ឡុ​ង សាល​វ័​ន្ត ដែល​មានឈ្មោះ​​ដើម​ថា ពិន សំណាង គឺជា​អតីត​កីឡាករ​ល្បីឈ្មោះ​មួយ​រូប ដែល​បច្ចុប្បន្ន​លោក ក៏​ជា​គ្រូបង្វឹក​ជម្រើស​ជាតិ​ផង​ដែរ បន្ថែម​ពីលើ​តួនាទី​ជា​ប្រធាន​ក្លិប​ប្រដាល់​ធំ​មួយ ។ យ៉ាងណា​ក៏​ដោយ​បើ​មក​ដឹង​ពី​ស្ថានភាព​ជីវិត​ពិត​របស់​លោក​ទើប​គួរ​ឱ្យ​សង្វេគ ដោយសារ​តែ​លោក​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ជា​សន្តិ​សុខ​នៅ​ពេល​យប់​បន្ថែម និង​អះអាង​ថា​បាន​សម្រាក​មិន​លើស​ពី​៤​ម៉ោង​ទេ ជា​រៀងរាល់ថ្ងៃ ដើម្បី​រក​លុយ​មក​ទប់​ក្នុង​ក្លិប​ដែល​ខ្លួន​ស្រឡាញ់​។

លោក ឡុ​ង សាល​វ័​ន្ត និយាយ​ថា រាល់ថ្ងៃ​ដ្បិតថា​ក្លិប​ប្រដាល់​របស់​លោក​ដែល​ស្ថិត​នៅ​ម្ដុំ​ភ្នំពេញ​​ថ្មី ក្នុង​ខណ្ឌ​សែន​សុខ គឺជា​ដី​ផ្ទាល់ខ្លួន ប៉ុន្តែ​ស្ថានភាព​ក្នុង​ការ​គ្រប់គ្រង​ចរន្ត​ក្លិប​ទាំងមូល គឺ​មានការ​លំបាក​ខ្លាំង ជា​ពិសេស​ក្នុង​ការ​រក​លុយ​មក​ផ្គត់ផ្គង់​កូនសិស្ស​ទាំង​១៥​នាក់ ដែល​រស់នៅ​ជា​ប្រចាំ បើ​ទោះជា​កូនសិស្ស​ខ្លះ​បាន​ជួយ​អង្ករ និង​ថវិកា​ក្នុង​ពេល​ចូល​ហាត់​ដំបូង​ៗ​ក្ដី​។

លោក​ថា រាល់ថ្ងៃ​លោក​ត្រូវ​ប្រឹងប្រែង​រក​លុយ​ពី​ការងារ​សន្តិសុខ​ពេល​យប់​ប្រចាំ​នៅ​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​កន្លែង​ដែល​បាន​ប្រាក់ខែ​២០០​ដុល្លារ និង​ការងារ​ធ្វើ​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​នៅ​តាម​សង្វៀន​នានា ដើម្បី​យក​មក​ចិញ្ចឹម​គ្រួសារ និង កូនសិស្ស​ទាំង​១៥​នាក់ ដោយពេល​ខ្លះ​គឺ​មិន​ហ៊ាន​ឈឺ និង​មិន​ហ៊ាន​សម្រាក​នោះ​ផង ដោយសារ​តែ​ខ្លាច​កូនសិស្ស​ដាច់​បាយ និង​ខ្លាច​ក្លិប​ត្រូវ​បះជើង។

ប៉ុន្តែ​លោក​មិន​ត្អូញត្អែរ​ទេ បើ​ទោះជា​ក្នុង​ពេល​ខ្លះ លោក​ចង់​រត់​ចោល​នៅ​ពេល​មាន​បញ្ហា​ហិរញ្ញ​វត្ថុ​ម្ដង​ៗ ។ លោក​និយាយ​ថា​«​រាល់ថ្ងៃ​ខ្ញុំ​មានកូន​៤​នាក់​ប្រុស​១​ស្រី​៣​សុទ្ធតែ​នៅ​ពេញ​រៀន និង​អត់​ទាន់​ធ្វើការ​អី​កើត​ទេ ហើយ​ខ្ញុំ​ត្រូវ​រ៉ាប់រង​កូនសិស្ស​ក្នុង​ក្លិប​១៥​នាក់​ទៀត ។ បើ​និយាយ​ពី​រឿង​លំបាក​គឺ​មហាលំបាក ព្រោះ​យូរ​ម្ដង​ៗ​ទើប​មាន​គេ​ជួយ​អង្ករ​១​បេ ឬ​២​បេ និង លុយ​១០០​ដុល្លារ​ជាដើម ។ អ៊ីចឹង​បើ​ខ្ញុំ​ទោរទន់​មិន​ប្រឹង​កូនសិស្ស​ខ្ញុំ​នឹង​អត់បាយ​»​។

លោក​បន្ត​ថា រាល់ថ្ងៃ​មិនមែន​លំបាក​តែ​រឿង​ជីវភាព​ប៉ុណ្ណោះ​ទេ លោក​ក៏​ខ្វាយខ្វល់​ណាស់​ដែរ​ពាក់ព័ន្ធ​នឹង​ការ​ស្វះស្វែង​ឱ្យ​កូនសិស្ស​បាន​ឡើង​ប្រដាល់​គ្រាន់​បាន​លុយ​នោះ​ផង ខណៈ​ដែល​ជា​រៀង​រាល់​ខែ​លោក​ថា មាន​តែ​កីឡាករ​៥​រូប​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បណ្ដា​ប៉ុស្តិ៍​ឱ្យ​ឡើង​ប្រកួត ដែល​ពិបាក​ឱ្យ​លោក​លក​លៃ​ដើម្បី​ឱ្យ​កីឡាករ​មាន​ទីផ្សារ​។

លោក​និយាយ​ថា​«​រាល់ថ្ងៃ​អា​រឿង​ជីវភាព​វា​លំបាក​ហើយ ប៉ុន្តែ​លំបាក​មួយទៀត​គឺ​កីឡាករ ព្រោះ​មួយ​ខែ​គេ​ឱ្យ​យើង​ដាក់​កីឡាករ​បាន​តែ​៥​នាក់​ទេ​ឡើង​វ៉ៃ ដល់​អ៊ីចឹង​កីឡាករ​យើង​មាន​ដល់​១៥​នាក់ មាន​អ្នកខ្លះ​ត្រូវ​ទៅ​ស្រុក ដោយសារ​រក​លុយ​អត់​បាន ត្រង់​ហ្នឹងហើយ​ដែល​ខ្ញុំ​ថា​លំបាក​»​។

លោក​ថា ការ​បង្ហាត់​កីឡាករ​ឱ្យ​ចេះ​ប្រដាល់ គឺជា​រឿង​ស្ដាយ​ណាស់ ដែល​ខំ​បង្ហាត់​ចេះ​ហើយ​បែរជា​ត្រូវ​បាត់បង់​ដោយសារ​តែ​អ្នក​ហ្វឹកហាត់​ទាំងនោះ អត់​បាន​ឡើង​វ៉ៃ ហើយ​ក៏​ទៅ​ស្រុក​វិញ ឬ​ទៅ​ធ្វើ​ការងារ​ផ្សេង ។ លោក​អះអាង​ថា កីឡាករ​ប្រចាំ​ក្លិប​សព្វថ្ងៃ​មាន​ច្រើន​រូប តែ​កីឡាករ​ដេក​នៅ​ក្នុង​ក្លិប​មាន​១៥​រូប ដោយ​លោក​ទទួល​បង្វឹក​ចាប់ពី​អាយុ​១៣​ឆ្នាំ​ឡើង​ទៅ និង​បាន​តស៊ូ​បើក​សង្វៀន​ប្រដាល់​ដើម្បី​ឱ្យ​កីឡាករ​បាន​ឡើង​ប្រកួត​គ្នា​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង​ផង​ដែរ បើ​ទោះជា​លំបាក​ក្នុង​ការ​ស្វែង​ថវិកា​មក​ទ្រទ្រង់​ក្ដី ។ យ៉ាងណាមិញ​លោក​ថា មិន​រួញរា និង​មិន​បោះបង់​ទេ គឺ​នៅ​តែ​តស៊ូ​ក្នុង​អាជីព​នេះ​ជា​និច្ច​។

លោក​បន្ត​ថា រាល់ថ្ងៃ​កីឡាករ​ក្នុង​ក្លិប​គឺ​សុទ្ធតែ​ជា​ធនធាន​ល្អ​ៗ ប៉ុន្តែ​បើ​ឱ្យ​កំណត់​ថា​តើ​អ្នក​ណា​នឹង​ក្លាយជា​ធនធាន​ខ្លាំង​សម្រាប់​ស៊ី​ហ្គេ​ម លោក​កំណត់​មិនកើត​ទេ ព្រោះ​មិន​មាន​លុយ​ផ្គត់ផ្គង់​ឱ្យ​កីឡាករ​ទាំងនោះ​នៅ​ជាមួយ​ក្លិប​ជា​រៀង​រហូត ប៉ុន្តែ​បើ​អ្នក​ខ្លាំង​គឺ​ក្នុង​ក្លិប​មាន​ច្រើន​។

លោក ឡុ​ង សាល​វ័​ន្ត បន្ត​ទៀត​ថា រាល់ថ្ងៃ​លោក​សម្រាក​បាន​តិច​ណាស់​ដោយសារ​តែ​ត្រូវ​ទទួល​បន្ទុក​ធំ​។ ពេល​ថ្ងៃ​ហាត់ប្រាណ​ខ្លួនឯង​ផង កុំឱ្យ​ឆាប់​ហត់​ពេល​បង្វឹក​សិស្ស ត្រូវ​ទៅ​បង្ហាត់​សិស្ស​ជម្រើសជាតិ​ផង ត្រូវ​បង្ហាត់​សិស្ស​ក្នុង​ក្លិប​ផង ពោល​គឺ​សម្រាក​បាន​តែ​មួយស្របក់​ៗ​ប៉ុណ្ណោះ ក៏​ត្រូវ​ទៅ​ធ្វើ​សន្តិសុខ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដល់​ភ្លឺ ដើម្បី​ប្រាក់ខែ​ទៀត ។ ក្នុង​វ័យ​៤៨​ឆ្នាំ​នៅ​ក្នុង​ពេល​នេះ លោក​ថា​ខ្លួន​ក៏​មិនសូវ​រឹង​មាំ​ដូច​មុន​នោះ​ដែរ ពិសេស​គឺ​ភ្នែក​មិនសូវ​មើល​បាន​ឆ្ងាយ និង​ចាញ់​ពេល​យប់ ទើប​ទោះជា​ចង់​ប្ដូរ​របរ​មក​រត់​តុ​កតុក ក៏​មិន​អាច​នោះ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ឡុ​ង សាល​វ័​ន្ត​ កើត​នៅ​ក្នុង​ត្រកូល​កសិករ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ជា​កូនកំព្រា​ឪពុក តាំងពី​ឆ្នាំ​១៩៧៥ លោក​បាន​សម្រេចចិត្ត​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ បើ​ទោះជា​ជីវិត​នៅ​ក្នុង​ពេល​នោះ ពោរពេញ​ដោយ​ការ​ផ្សងព្រេង​ក្ដី ។ លោក​ហ្វឹកហាត់​ជាមួយ​ក្លិប​ប្រដាល់​ក្រសួងមហាផ្ទៃ​ជាមួយ​លោកគ្រូ មាស សុ​គ្រី និង​លោកគ្រូទិ​ត្យ ម៉ៃ​ទី ហើយ​ជា​ភ័ព្វសំណាង​លោក​ក៏​តែងតែ​ដណ្តើម​បាន​ជ័យ​លា​ភី​ពានរង្វាន់​ជា​បន្តបន្ទាប់ ដោយ​បាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២ ជា​ហូរហែ ។

អ្វី​ដែល​លោក​ចង​ចាំ​មិន​ភ្លេច​នោះ​គឺ​ការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ជាមួយ​កីឡាករ អេ ភូ​ថង នា​ឆ្នាំ​១៩៩៧ ដណ្តើម​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១ ដោយ​លោក​បាន​រង​របួស​បាក់ដៃ​ឆ្វេង តាំង​តែ​ទឹក​ទី​៣ ហើយ​តស៊ូ​បន្ត​ការ​ប្រកួត​ដោយ​យកដៃ​ស្តាំ​លើក​យួរ​វ៉ៃ​បន្ត​រហូត​ដល់​ទឹក​ទី​៥ លើកដៃ​លែង​រួច ទើប​អាជ្ញាកណ្តាល​បញ្ឈប់​ការ​ប្រកួត ។ ស្ថិត​នៅ​ក្នុង​វ័យ​៤៨​ឆ្នាំ លោក​គ្រូ ឡុ​ង សាល​វ័​ន្តបាន​រៀបរាប់​ទៀត​ថា ឆ្លងកាត់​ការ​តស៊ូ​២២​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ថា​បាន​ជួប​អស់ហើយ មិន​ថា​ត្រជាក់​ឬ​ក្តៅ​ក្តី ដោយ​ត្រូវធ្វើ​ជា​ប្រធាន​ក្លិប​ផង គ្រូបង្វឹក​ផង កីឡាករ​ផង ដោយ​ធ្លាប់​បាន​ឆ្លងកាត់​គ្រប់​រសជាតិ ឈឺ​ក៏​ឈឺ សប្បាយ​ក៏​សប្បាយ ហត់​ក៏​ហត់​ដែរ សម្រាប់​ជំនាញ​កីឡាប្រដាល់​គុន​ខ្មែរ​នេះ​។

លោក ឡុ​ង សាល​វ័​ន្ត បន្ត​ថា មក​ទល់​មកនេះ លោក​កាន់តែ​សប្បាយ​ចិត្តនឹង​ការងារ​ជា​គ្រូបង្វឹក ជា​ពិសេស​គឺ​បន្ទាប់​ពី​សហព័ន្ធ និង​ក្រសួង​អប់រំ​ជ្រើសរើស​លោក​ឱ្យធ្វើ​ជា​គ្រូបង្វឹក​កីឡាករ​ជម្រើស​ជាតិ នៅ​ក្នុង​អាណត្តិ​ថ្មី ដោយ​លោក​ប្រកាស​ថា នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជំរុញ​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ឱ្យ​មានការ​ឈាន​ឡើង និង​បាន​ឈ្នះ​មេដាយ​កាន់តែ​ច្រើន​បន្ថែម​ទៀត ។

លោក​សំណូមពរ​ឱ្យ​យុវជន​នានា​ចូលរួម​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​សុខភាព​ផង រក​លុយ​ដោះស្រាយ​ជីវភាព​ផង ក៏​ដូច​ជា​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​តទៅ​ថ្ងៃ​អនាគត ជា​ពិសេស​គឺ​គោលដៅ​ដ៏​ធំធេង ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ ។

ជា​ចុង​ក្រោយ​លោក​ក៏​បាន​សំណូមពរ​ដល់​មហាជន​នានា ដែល​ស្រឡាញ់​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ សូម​ជួយ​គាំទ្រ​លើកទឹកចិត្ត​ជ្រោមជ្រែង​ជា​សម្ភារ ឬ​ថវិកា​ដល់​កីឡាករ ឬ​ក្លិប​ដែល​មាន​ការ​ខ្វះខាត ទោះ​តិច​ក្តី ច្រើន​ក្តី ដើម្បី​ជួយ​ជំរុញ​លើកកម្ពស់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ