​ផ្កាក្ងោកពណ៌លឿង​នឹងរីកស្គុះស្គាយ​នៅ​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យនា​ពេល​ខាងមុខនេះ​


ខេត្តកំពង់ចាម​ ៖ ​«មនុស្ស​ម្នាក់​ត្រូវ​ដាំ​ដើមឈើ​មួយ​ដើម​» នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​​លោក​​អ៊ុ​ន ​ចាន់​ដា អភិបាលខេត្ត​ថ្លែង​នៅ​ក្នុង​ពិធី​ដាំ​ដើម​ក្ងោកផ្កាពណ៌លឿង​​ចំនួន​៥០០​ដើម ​នា​​ព្រឹក​ថ្ងៃ​ទី​២ សីហា ២០២០​ សម្រាប់​លម្អ​តាម​ដងផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម ​ប្រយោជន៍​សម្រាប់​ផ្ដល់​ម្លប់ និង​ចេញ​ផ្កា​​ពណ៌លឿង​យ៉ាង​ស្រស់ស្អាត​ ​ដើម្បី​ទាក់ទាញ​​ដល់​​ភ្ញៀវ​ទេសចរណ៍​មក​លេង​កំសាន្ដ​នៅ​​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​នេះ​កាន់តែ​​ច្រើន​ឡើង​។

លោក​ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​អភិបាលខេត្ត ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​បាន​រួម​គ្នា​ដាំ​ដើម​ក្ងោក សម្រាប់​លម្អ​នៅ​ផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ​។ ​នា​ពេល​ខាង​មុខ​ផ្កាក្ងោក​រីក​ស្រស់​នោះ​នឹង​បាន​បង្ហាញ​ពី​សោភ័ណ​ភាព​នៅ​តំបន់​មួយ​នេះ​ឲ្យ​កាន់តែ​មាន​ភាព​ស្រស់បំព្រង ព្រមទាំង​ផ្ដល់​ម្លប់​បន្ថែម​ទៀត​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា​ នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ចំនួន​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧ ​សីហា រួម​ទាំង​ថ្ងៃ​សៅរ៍​អាទិត្យ​នឹង​កើន​ដល់​៩​ថ្ងៃ​ ។ ដោយនៅ​ក្នុង​ខេត្តកំពង់ចាម​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជា​ច្រើន​កន្លែង​ក្នុង​នោះ​រួម​មាន ទឹកឆា, ភ្នំ​ប្រុស​ភ្នំ​ស្រី, ប្រាសាទ​នគរ​បា​ជ័យ​, ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ភ្នំ​ហាន់ជ័យ និង​អាច​ទាក់ទាញ​មនុស្ស​មក​កម្សាន្ត​លេង​ពី​គ្រប់​ទិស​ទី​កាន់តែ​ច្រើន ក្រោម​ការ​ណែនាំ​ពី​សំណាក់​អភិបាលខេត្ត ក៏​ដូច​ជា​មន្ទីរ​សុខាភិបាល​ខេត្ត គឺ​ឲ្យ​មានការ​រៀបចំ​អាល់កុល ឬ​ជែ​ល និង​​ឧបករណ៍​វាស់​កំ​ដៅ​ដើម្បី​បង្ការ​កុំអោយ​ឆ្លង​ជំងឺ covid-19 ព្រមទាំង​មាន​កន្លែង​សង្គ្រោះ​ទៀត​ផង​។

​លោក​​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដើម​ក្ងោក​ដែល​ត្រូវ​បាន​យក​មក​ដាំ​លំអ​តាម​ដងផ្លូវ​បេតុង ជុំវិញ​ប្រាសាទ​នគរបាល​ជ័យ គឺ​នាំ​ចូល​មក​ពី​បរទេស​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​​លោក​​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​ជា​ប្រភេទ​ដើម​ក្ងោក​ផ្កា​ពណ៌​លឿង ។ ពេល​ដែល​ផ្កា​ចេញ​មក​ក្នុង​ពេល​ខាង​មុខ អ្នក​ដែល​មក​កម្សាន្ត​លេង​នៅ​តំបន់​ទេសចរណ៍​នេះ​ថតរូប​ភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​មក​លេង​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ខេត្តកំពង់ចាម​។

​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ថា តាម​រយៈ​ការ​ដាំ​ដើម​ក្ងោក​រួម​នឹង​ដើមឈើ​ប្រណីត​ជា​ច្រើន​ប្រភេទ​ទៀត ទាំង​នៅ​ខាងក្រៅ​ទាំង​នៅ​ខាងក្នុង​និង​ជួយ​ឲ្យ​ប្រែក្លាយ​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​នេះ ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ ចេះ​ស្រឡាញ់​ធនធានធម្មជាតិ​ព្រៃឈើ ព្រោះថា មនុស្ស​មាន​តម្រូវការ​ឈើ​គ្រប់ពេលវេលា​។ រដ្ឋបាល​ខេត្ត​នឹង​ធ្វើការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ត្រូវ​រួម​គ្នា​ដាំ​ដើមឈើ​ឲ្យ​បាន​ច្រើន​ឡើង​បន្ថែម​ទៀត ព្រោះ​វា​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​នោះ​រួម​មាន​ទប់ទល់​បម្រែបម្រួល អាកាសធាតុ ការពារ​គ្រោះ​រាំង​ស្ងួត បង្កើត​គម្រប​បៃតង ទាក់ទាញ​ទឹកភ្លៀង​។​

ជាក់ស្ដែង​កន្លែង​ដែល​កំពុង​​ប្រារព្ធ​ពិធី​នេះ​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក​អភិបាលខេត្ត​ជំនាន់​មុន បាន​ដាំ​ដើមឈើ​ប្រណិត​ដែល​កំពុង​តែ​ផ្ដល់​ម្លប់​ត្រជាក់ ធ្វើ​ឲ្យ​អ្នកចូលរួម​រាប់រយ​នាក់​មាន​អារម្មណ៍​ស្រស់ថ្លា​។ ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​ជុំវិញ​ប្រាសាទ​ក្នុង​មួយ​គ្រួសារ ត្រូវ​ថែរក្សា​ដើម​ក្ងោក​១​ដើម​ធ្វើ​យ៉ាងណា​ពូន​ជ្រុំ​ស្រោច​ទឹក លូតលាស់​ឲ្យ​បាន​ល្អ​សម្រាប់​ផ្ដល់​ជា​ម្លប់​នឹង​អាច​ឱ្យ​យើង​លក់ដូរ​នៅ​ក្រោម​ដើមឈើ​បង្កើន​ប្រាក់​ចំណូល បាន​មួយ​កម្រិត​បន្ថែម​ទៀត​ដល់​ក្រុម​គ្រួសារ​។

សម្រាប់​គោលដៅ​ក្នុង​ពេល​ខាង​មុខ​ក៏​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ ជួយ​ឧបត្ថម្ភ​អំ​ពូ​ល​សូ​ឡា​ក្នុង​មួយ​គ្រួសារ​មួយ​គ្រឿង ដើម្បី​ដាក់​បំភ្លឺ​តាម​ដងផ្លូវ​បេតុង​ជុំវិញ​ប្រាសាទ​នគរ​បា​ជ័យ ដែល​ពេល​នោះ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នេះ នឹង​កាន់តែ​មាន​ភាព​ស្រស់បំព្រង​បន្ថែម​ទៀត ហើយ​ក៏​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​របស់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មក​កំសាន្ត​លេង​គយគន់​មើល​ផ្កាក្ងោក​រីក​ស្រស់បំព្រង​៕(​ចាន់ ថេ​ត​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ