ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំង បានផ្តាំផ្ញើដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ត្រូវបំរើសេវា និងតម្រូវការដ៏ចាំបាច់ចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងត្រូវគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនអោយបានល្អ។ មានប្រសាសន៍បែបនេះ នៅក្នុងឱកាសធ្វើពិធីក្រុងពាលីជួសជុលអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ 2020 ។
លោកជំទាវ ជូ ប៊ុនអេង បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រយ៉ាងច្រើនលើសលប់ រហូតគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យគ្រប់ការបោះឆ្នោតទាំងអស់នៅក្នុងប្រទេសរបស់យើង។
សូមបន្តផ្សព្វផ្សាយពីច្បាប់ផ្សេងៗអោយប្រជាពលរដ្ឋបានយល់ចូលរួមគោរព និងបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ចូលរួមធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយកើតនៅក្នុងគ្រួសារ និង ក្នុងសហគមន៍របស់យើង ។
តាមរបាយការណ៍របស់មន្ត្រីគណបក្សប្រជាជនក្រុងកំពង់ឆ្នាំងបានអោយដឹង អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង មានបណ្តោយ១៣ម៉ែត្រ និងទទឹង១១ម៉ែត្រ ស្មើនឹង១២៨ម៉ែត្រការ៉េ បានសម្ភោធដាក់អោយប្រើប្រាស់តាំងពីឆ្នាំ២០១១មក ដែលជាអំណោយរបស់លោក ជុំ ងឿន អតីតប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំង។
ដោយពិនិត្យឃើញអគារមានលក្ខណៈតូចចង្អៀតក្រោមគំនិតផ្តួច ផ្តើមរបស់លោកជំទាវ ជូ ប៊ុនអេង បានសម្រេចធ្វើការជួសជុល និងពង្រីកបន្ថែមជាន់ក្រោមសម្រាប់ធ្វើសាលប្រជុំមានទំហំ១៤៣ម៉ែត្រការ៉េ ថវិកាចំណាយបានមកពីលោកជំទាវ ជូ ប៊ុនអេង ព្រមទាំងមានការចូលរួមពីក្រុមការងារ ហើយអាចដាក់មនុស្សបានពី១៥០ទៅ១៦០នាក់ដែលពីមុនដាក់បានតែ ៨០នាក់ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ