ប្រវត្តិ​រូបសំណាក​ដំរី​ស​! ពី​មុន​មាន​ដំរី​ញី​១​ ពេល​នេះ​មាន​៤​ក្បាល ហេតុ​អ្វី​ទៅ?


ខេត្តកំពង់ឆ្នាំង ៖ នៅ​ក្រោមផ្ទះ​ធំ​ល្មម​ធ្វើ​ពី​រនាប​ឬ​ស្សី បុរស​ចំណាស់​ម្នាក់​កំពុង​អង្គុយ​លើ​អង្រឹង ដោយ​សំយុងជើង​ដាក់​លើ​ដី ដើម្បី​បាន​យោលអង្រឹង​ចុះឡើង​ៗ ។ រំពេច​នោះ​គាត់​បាន​ផ្ទុះ​សំណើច សើច​ដោយ​មិនដឹង​ខ្លួន រួច​បា​នប​ន្លើ​សំដី​ថា​៖ «​ខ្ញុំ​ភ្ញាក់​ព្រើត ព្រោះ​ពី​ថ្ងៃមុន​ខ្ញុំ​បានឃើញ​រូបសំណាក​ដំរី​ញី​១​ក្បាល ដែល​ខ្ញុំ​បាន​ធ្វើ​កាលពី​សម័យ​លន់ ណុ​ល នៅ​ទួល​ក្រឡាញ់ ។ ពេល​នេះ​កើត​បាន​៣​បន្ថែម​ទៀត ហើយ គឺ​ឈ្មោល​១​ក្បាល និង​កូន​២​ក្បាល​ទៀត ដែល​ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​៖ ដំរី​ចម្លាក់​សោះ ចេះ​កើត​កូនចៅ​ដែរ ហ្ន​! ? ។

លោក ប៉ែន ដុ​ង បច្ចុប្បន្ន​អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រមាស ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ដែល​ជា​អ្នកចូលរួម​កសាង​រូបសំណាក​ដំរី​ញី​១​ក្បាល កាលពី​សម័យ​លន់ ណុ​ល បាន​រំ​ឮ​ក​ពី​អតីត​រូប​សំណាក​ដំរី និង​ប្រវត្តិ​ត្រួស​ៗ​ពី​ប្រវត្តិ​ទួល​ក្រឡាញ់ ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់ ភួ​មិ​ស្រែ​ព្រីង ភូមិ​ត្រពាំង​ចិ​ក្សា ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ថា ៖ កាលពី​សម័យ​លន់ ណុ​ល គាត់​ជា​មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង នៅ​ផ្នែក​ថែរ​សួន ប្រាក់ខែ​គាត់​មិន​ច្រើន​ទេ ។

ក្រុមការងារ​គាត់ គឺជា​អ្នក​ធ្វើ​សួន នៅ​សាលាខេត្ត ធ្វើ​នៅ​ទួល​ក្រឡាញ់ ព្រមទាំង​ជា​អ្នក​ដាំ​ដើម​ឈើ តាម​ដងផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទីរួមខេត្ត​កំពង់ឆ្នាំង ចាប់ពី​ចុង​ភូមិ​ខ្សា​ម រហូត​ដល់​ភូមិ​ទួល​ក្រឡាញ់ ។ កាល​ណោះ​ដើមឈើ​ដែល​គាត់​យក​មក​ដាំ​មាន​ដើម​ក្ងោក និង​ដើម​ស្រល់ ខ្លះ​ហៅ​ស្រូល ឬ​ហៅ​ស្ងា​វ ។

លោក ប៉ែន ដុ​ង បាន​បន្ត​ថា​៖ លោកក្មួយ​ដឹង​ទេ? នៅ​ទួល​ក្រឡាញ់ ជាប់​ផ្លូវជាតិ​លេខ​៥ នេះ កាល​ដើម​គឺជា​ព្រៃស្រោង​មាន​ខ្លា ស្វា ដំរី ច្រើន​ណាស់ តាម​ផ្លូវជាតិ​មាន​សភាព​ស្ងាត់ជ្រងំ មាន​ដើមឈើ​ធំ​ៗ យូ​ៗ​ម្តង​ទើប​ឮ​សម្លេង​សត្វ​រៃ​យំ​លើ​ចុងឈើ បើ​នៅ​ពេល​ល្ងាច​ចូល​មក​ដល់ មនុស្ស​ខ្លះ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ទេ ព្រោះ​ខ្លាច​សត្វ​សាហាវ ជា​ពិសេស​ហ្វូង​សត្វ​ដំរី ដែល​ពួក​វា​ឆ្លងកាត់​ទៅ​ផឹកទឹក ។

កាល​ណោះ​គេ​ហៅ​ទីនោះ​ថា​៖ ព្រៃ​ក្រឡាញ់ មិនមែន​ទួល​ក្រឡាញ់​ដូច​បច្ចុប្បន្ន​ទេ ។ ចំណែក​នៅ​ចំណុច​ផ្លូវបំបែក ត្រង់​ដំរី ស បច្ចុប្បន្ន គឺជា​ផ្លូវ​ដំរី​ដើរ​ឆ្លងកាត់ ចុះ​ពី​ភ្នំ​ទៅ​ផឹកទឹក​នៅ​បឹង​ធំ គឺ​ឱ្យ​តែ​ថ្ងៃរសៀល​បន្តិច ហ្វូង​ដំរី​ចុះ​ពី​ភ្នំ​ទៅ​ផឹកទឹក​នៅ​បឹង​ធំ លុះ​ល្ងាច​បន្តិច​ហ្វូង​ដំរី​ទាំងនោះ​បាន​ដើរ​ត្រឡប់​ទៅ​ភ្នំ​វិញ គឹ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវបែក​ជា​៤ ដែល​បច្ចុប្បន្ន​បាន​មាន​រូប​សំណាក​ដំរី ៤​ក្បាល​។

ដោយ​ស​ច្ជឹ​ង​គិត​ក្នុង​ទឹកមុខ​ជ្រួញ​ចិញ្ចើម បិទ​ភ្នែក បបូរមាត់​ទាំង​លើ និង​ខាងក្រោម​ខុប ចូល​ទៅ​ក្នុង ព្រោះតែ​គ្មាន​ធ្មេញ​ជួយ​ទុប លោក ប៉ែន ដុ​ង បាន​បន្ត​ថា ៖ ដោយសារ​តែ​ទីនោះ​ជា​កន្លែង​ហ្វូង​ដំរី​ឆ្លងកាត់​បែប​នេះ​ហើយ ទើប​កាល​ណោះ​នៅ​ឆ្នាំ​១៩៧៣ លោក វ៉ា​ន់ សា​រិ​ន ជា​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង ពី​សម័យ​លន់ ណុ​ល បានឱ្យ​ក្រុមការងារ​សាលាខេត្ត​កសាង​រូបសំណាក​ដំរី​ញី​១​ក្បាល​នៅ​ចំណុច​ផ្លូវបែក​ជា​៤ ជាប់​ថ្នល់ជាតិ នៅ​ភូមិ​ទួល​ក្រឡាញ់ នោះ​ទៅ ដោយ​លោក​ចៅហ្វាយខេត្ត​ជំនាន់​នោះ ចង់​បង្ហាញ​ថា​៖ ខេត្តកំពង់ឆ្នាំង​មាន​ដំរី​ច្រើន​ណាស់ ហើយ​បន្ទាប់​មក​ចំណុច​នោះ​បាន​ក្លាយជា​ឈ្មោះ ដំរី ស តាំងពី​ពេល​នោះ​មក ។

បុរស​ចំណាស់​រូប​នោះ​បាន​បន្ត​សំដី​ក្នុង​ទឹកមុខ​ញញឹម​ថា​៖ បានជា​ខ្ញុំ​ផ្ទុះសំណើច មុន​នេះ​បន្តិច គឺ​មក​ពី​កាល​ប៉ុន្មាន​ថ្ងៃមុន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ភួ​មិ​ទូល​ក្រឡាញ់ ស្រាប់តែ​ភ្ញាក់​ព្រើត ព្រោះថា ឃើញ​រូបសំណាក​ដំរី​ញី​១​ក្បាល ដែល​ខ្ញុំ​បាន​ធ្វើ​ពី​ឆ្នាំ​១៩៧៣ ពេល​នេះ​បាន​កើត​៣​ក្បាល​បន្ថែម​ទៀត ក្នុង​នោះ​មាន​ដំរី​ធំ​១​ក្បាល ជា​ដំរី​ឈ្មោល និង​ដំរី​ជំទង់​២​ក្បាល​ទៀត​ជា​កូន​ដំរី ដើរ​ពីក្រោយ ដូច​មេបា​វា បណ្តើរកូន ។ ម្ល៉ោះហើយ​ទើប​អស់សំណើច​ត្រង់​ថា ៖ កាលពី​ធ្វើ​តែ​ញី​១​ក្បាល​ទេ ឥឡូវ​មាន​ឈ្មោល ហើយ​ថែម​ទាំង​មានកូន​ទៀត គិត​ទៅ​គ្រាន់តែ​រូបសំណាក​សោះ ចេះ​កើតកូន​កើត​ចៅ​តែ ហ្ន​! ។

លោក ប៉ែន ដុ​ង បាន​បន្ត​សំដី​ក្នុង​ភាព​ជំនឿ អរូប​ប៉ិ​ញ ថា ៖ កាលនោះ​រូបសំណាក​ដំរី​ញី ដែល​គាត់​ធ្វើ​នោះ បាន​ធ្វើបាប​គាត់​ម្តង ជិត​ស្លា់ប ។ ដោយ​ថ្ងៃមួយ​ពេលបាយ​ថ្ងៃត្រង់ ហើយ ដោយ​អស់កម្លាំង គាត់​បាន​មក​ដេក​នៅ​ក្រោម​ពោះ​ដំរី ដែល​គាត់​បាន​ធ្វើ ហើយ​គាត់​បាន​និយាយ​លេង​ថា​៖ សត្វ​ដំរី អញ​គ្មាន​ចំណី​អ្វី​ឱ្យ​ឯង​ស៊ី​ទេ មាន​តែ​ដើម​ឬ​ស្សី​១​គុម្ព និង​ដើម​ជ្រៃក្រឹម​១​ដើម ដែល​អញ​បាន​ដាំ​នៅ​ពី​ខាងក្រោយ​ឯង​នេះ ទុក​ឱ្យ​ឯង​ស៊ី​ស្រាប់​ហើយ ចំណែក​ទឹក​ចុះ​ទៅ​ផឹក​នៅ​បឹង​ធំ​តាម​គេ​តាម​ឯង​ទៅ ។

លុះដល់​រសៀល​នោះ គាត់​ក៏​យល់សប្តិ​ឃើញ​ដំរី ស ភ្លក់​ខៀវ​ដេញ​ជាន់​គាត់ គាត់​ភ័យ​រត់​រហូត​ដល់​ភ្ញាក់ខ្លួន ។ ចាប់ពី​ពេល​នោះ​មក គាត់​បាន​ចាប់ឈឺ​រហូត ។ កាលនោះ លោក ចៅហ្វាយខេត្ត បានឱ្យ​សៀវ​ភ ពេទ្យ​១​ក្បាល (​សៀវភៅ​មន្ត្រីរាជការ​ដេកពេទ្យ​មិន​អស់​លុយ​) យក​ទៅ​ដេក​ព្យា​បាល​នៅ​មន្ទីរ​ខេត្តកំពង់ឆ្នាំង តែ​គាត់​មិនជា​សោះ ។

ក្រោយមក​ក៏​រក​គ្រូទាយ​ថា ៖ ឯង​ខុសមាត់​.​ក​ជាមួយ​រូបសំណាក​ដំរី ហើយ​ឱ្យ​យក​ដ​ង្វា​យ​មាន ចេក​១​ស្និត ស្រា​១​កំប៉ុក ធូប​៣​សរសៃ និង​ប្រាក់​១​រយ​រៀល ទៅ​ថ្វាយ​រូប​ដំរី ដែល​គាត់​បាន​ធ្វើ​នោះ​ទៅ ស្រាប់តែ​ថ្វាយ​ហើយ​គាត់​បានជា​ដូច​គេ​បេះ​តែ​ម្តង។

តើ​ដំរី​៣​ក្បាល​ទៀត កើតឡើង​នៅ​ពេល​ណា ?
លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា​៖ គាត់​មិន​ចាំ​ថ្ងៃខែ​ទេ ចំពោះ​ការ​ធ្វើ​ដំរី​ឈ្មោល​១​ក្បាល​ធំ​ជាងគេ ដែល​យក​មក​ដាក់​ទឹម​គ្នា​ជាមួយ​ដំរី​ញី​នោះ។

គាត់​ចាំ​ត្រឹម​ថា​៖ គឺ​ជំនាន់ លោក ទូច ម៉ា​រី​ម ជា​អភិបាលខេត្ត​កំពង់ឆ្នាំង គឺ​អំឡុង​ឆ្នាំ​២​ពាន់​ជាង គាត់​មិន​ច្បាស់ ។ កាល​ណោះ លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា​៖ ឃើញ​ដំរី​ញី​១​ក្បាល​នៅ​ឈរ​ទ្រឹង​ម្នាក់ឯង ឃើញ​ហើយ​គួរ​ឱ្យ​អាណិត ហើយ​ក៏​សម្រេច​កសាង​ដំរី​ឈ្មោល​១​ក្បាល​ធំ​ជាង​ដំរី​ញី​បន្តិច យក​មក​ដាក់​ឈរ​ទឹម​គ្នា​ឱ្យ​បាន​ញី​ឈ្មោល​១​គូ​ទៅ ហើយ​ក៏​ដើម្បី​សោ​ភ័​ណ្ឌ​ភាព​សួន​ផង រួច​ក៏​កើត​ដំរី​២​ក្បាល​ពី​ជំនាន់​នោះ​មក​។

ដោយឡែក លោក អៀរ គុយ​ម៉ុង ហៅ​ក្តាន់ ជា​អាជីវករ​នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ នៅ​អំឡុង​ឆ្នាំ​២០១៤-២០១៥ ពេល​គាត់​ទៅ​ស្រុក​កៀនស្វាយ ឃើញ​រូបចម្លាក់​ដំរី​គេ​ធ្វើ​រួច​ស្រេច​ស្អាត​ៗ ក៏​សម្រេច​ទិញ​២​ក្បាល​យក​មក​ដាក់​បន្ថែម​ក្នុង​សួន​ដំរី​.​ស​ដែរ​ទៅ ទើប​កើត​បាន​ដំរី​៤​ក្បាល​ដល់​សព្វថ្ងៃ ។

គាត់​បញ្ជាក់​ថា គាត់​ទិញ​មក​ដាក់​មិនមែន សុំ​បន់លា​មាត់ លាប​.​ក អ្វី​ទេ តែ​ឃើញ​មាន​ដំរី​ញី​ឈ្មោល​​២​ក្បាល គ្មាន​កូន ក៏​ទិញ​ដាក់​ថែម​ទៅ ម្យ៉ាង​ធ្លាប់​ឮ​ថា​៖ ចំណុច​ដំរី​.​ស​ហ្នឹង កាលពី​សង្គម​ចាស់​ជា​កន្លែង​ហ្វូង​ដំរី​ឆ្លងកាត់ ក៏​ទិញ​ដាក់​បន្ថែម​ដើម្បី​ឱ្យ​ក្លាយជា​ហ្វូង​ដំរី ដូច​ពី​សង្គមចាស់​ដែរ​ទៅ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ