មុខសញ្ញា​យ៉ាង​សកម្ម​២នាក់​​នៅ​​ក្រុង​តា​ខ្មៅ ត្រូវ​បានបង្ក្រាប​ហើយ​


ខេត្ត​កណ្តាល​ ៖ ​កម្លាំង​ល្បាត​របស់​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌​ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចុះ​ល្បាត​តាម​ភូមិសាស្ត្រ និង​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចោរឆក់​យ៉ាង​សកម្ម​ប្រចាំ​ក្រុង​តា​ខ្មៅ​បាន​​ចំនួន​២​នាក់ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ ។

​ប្រតិបត្តិការ​ចុះបង្ក្រាប​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​បេតុង ​ស្ថិត​ក្នុងភូមិ ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល ។

ជនសង្ស័យ​២​នាក់​ខាងលើ ក្នុងនោះម្នាក់​​ឈ្មោះ ពេជ្រ សា​វ៉េ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ ​មាន​ទីលំនៅ​​ក្នុង​​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ទី​២​ឈ្មោះ វង្ស ចាន់​សុវណ្ណ​បូ​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល ។

លោក​វរ​សេនី​យ៌​ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា​ ​នៅវេលា​ម៉ោង​១​និង​១០​នាទី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០​ ពេល​ដែល​កំលាំង​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​កំពុង​តែ​ជិះ​ល្បាត​ដល់​ចំណុច​ផ្លូវ​បេតុង ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ស្រាប់តែ​ឃើ​ញ​ជនសង្ស័យ​ជិះ​ម៉ូតូ​បង្ហោះ​។ ភ្លាម​នោះ​កំលាំង​​ល្បាត​​បាន​សហការ​ជាមួយ​កំលាំង​អង្គរក្ស​ដែល​ប្រចាំ​នៅ​គោលដៅ​បាន​ដេញ​តាម​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ពីរ​នាក់​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជនសង្ស័យ​ឈ្មោះ​ពេជ្រ សា​វ៉េ​ត បាន​ឆ្លើ​យ​សារភាព​ថា​ ខ្លួន​និង​បក្ខពួក​ពិតជា​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ចំនួន​៥​នាក់​ បាន​ទូរស័ព្ទ​ចំនួន​៥​គ្រឿងប្រាកដ​មែន​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ផ្នែក​យុត្តិធម៌​ក្រុង​តា​ខ្មៅ​កំពុង​បន្ត​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ