ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្រមាន​របស់​អាមេរិក ៖ «TikTok ត្រូវ​​តែ​លក់​ចេញ បើ​មិន​ចង់​បិទផ្លូវ​​ប្រើ​ប្រាស់»

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ រដ្ឋលេខាធិការ​ក្រសួង​រតនាគារ លោក Steven Mnuchin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ នៅ​ក្នុង​ការ​ព្រមាន​ចុង​ក្រោយបង្អស់​របស់​អា​មេ​រិ​ក ចំពោះ​កម្មវិធី​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​ថា TikTok…

អា​មេ​រិ​ក ៖ រដ្ឋលេខាធិការ​ក្រសួង​រតនាគារ លោក Steven Mnuchin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ នៅ​ក្នុង​ការ​ព្រមាន​ចុង​ក្រោយបង្អស់​របស់​អា​មេ​រិ​ក ចំពោះ​កម្មវិធី​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​ថា TikTok ត្រូវ​តែ​លក់​ចោល ឬ​ត្រូវ​ហាម​មិន​ឱ្យ​មានការ​ប្រើប្រាស់​នៅ​អា​មេ​រិ​ក ដោយសារ​តែ​មាន​បញ្ហា​ដល់​សន្តិសុខ​ជាតិ​។

លោក​បាន​មាន​ប្រសាសន៍​ថា TikTok គឺ​មិន​អាច​នៅ​ដូច​ពេល​នេះ​ទៀត​ទេ​។

លោក Mnuchin មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ផ្ទាល់​អំពី​ការ​គំរាម​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​សុក្រ ដើម្បី​រារាំង TikTok នោះ​ទេ​។ លោក​ថា គណៈកម្មាធិការ​វិនិយោគ​បរទេស​នៅ​សហរដ្ឋអាមេរិក ដែល​លោក​ធ្វើ​ជា​ប្រធាន​កំពុង​ពិនិត្យ​លើ កម្មវិធី TikTok ដែល​ទទួល​បានការ​ចាប់អារម្មណ៍ ជា​ពិសេស​ពី​សំណាក់​ទស្សនិកជន​វ័យក្មេង ដែល​បង្កើត​និង​មើល​វី​ដេ​អូ​ខ្លី​ៗ ហើយ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១​ពាន់​លាន​នាក់​។

ប៉ុន្តែ​នៅ​ក្នុង​ផ្នែក​មួយ នៃ​ផ្នែក​ជា​ច្រើន​នៃ​ទំនាក់ទំនង​អា​មេ​រិ​ក – ចិន ដែល​បាន​ប្រែ​ទៅ​ជា​មិនល្អ​នា​ពេល​បច្ចុប្បន្ន​នេះ មន្ត្រី​អា​មេ​រិ​កបាន​និយាយ​ថា វា​អាច​ជា​ឧបករណ៍​សម្រាប់​ស៊ើបការណ៍​របស់​ចិន​។ តែ TikTok បដិសេធ​រាល់​ការ​លើក​ឡើង​បែប​នេះ​។

លោក Mnuchin បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ នៅ​វិទ្យុ ABC ថា ៖ «​ខ្ញុំ​នឹង​និយាយ​ជា​សាធារណៈ​ថា គណៈកម្មាធិការ​ទាំងមូល​ទទួលស្គាល់​ថា TikTok មិន​អាច​ស្ថិត​នៅ​ក្នុង​ទម្រង់​បច្ចុប្បន្ន​បាន​ទេ ពីព្រោះ​វា​មាន​ហានិភ័យ​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​របស់​ជនជាតិ​អា​មេ​រិ​ក ១០០ លាន​នាក់​»​។

លោក Mnuchin បាន​និយាយ​ថា លោក​បាន​និយាយ​ទៅ​កាន់​មេដឹកនាំ​សភា​រួម​មាន​ប្រធាន​សភា​លោក Nancy Pelosi និង​អ្នក​ប្រជាធិបតេយ្យ​ជាន់ខ្ពស់​នៅ​ព្រឹទ្ធសភា​លោក Chuck Schumer អំពី​អ្វី​ដែល​ត្រូវធ្វើ​ជាមួយ​ប្រតិបត្តិការ​របស់ TikTok នៅ​សហរដ្ឋអាមេរិក​។

លោក Mnuchin បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​យល់ព្រម​ថា​ចាំបាច់​ត្រូវ​តែ​មានការ​ផ្លាស់​ប្តូរ​មួយ​។ បង្ខំ​ឱ្យ​លក់ ឬ​រារាំង​កម្មវិធី​នេះ​នៅ​អា​មេ​រិ​ក​។ អ្នក​រាល់គ្នា​យល់​ស្រប​ថា វា​មិន​អាច​បន្ត​នៅ​ដូច​សព្វថ្ងៃ​ទេ​»​។

កាសែត Wall Street Journal បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ការ​ចរចា​សម្រាប់​ក្រុមហ៊ុន Microsoft ដើម្បី​ទិញ​ប្រតិបត្តិការ TikTok នៅ​អា​មេ​រិ​ក ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​អ៊ី​ន​ធើ​រ​ណេ​ត​យក្ស​របស់​ចិន កំពុង​រង់ចាំ បន្ទាប់​ពី​លោក Trump បាន​គម្រាម​រារាំង​កម្មវិធី​នេះ​។

TikTok បានការ​ពារ​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ដោយ​អ្នកគ្រប់គ្រង​ទូទៅ​របស់​ខ្លួន​នៅ​សហរដ្ឋអាមេរិក គឺ Vanessa Pappas បាន​ប្រាប់​អ្នក​ប្រើប្រាស់​ថា ក្រុមហ៊ុន​កំពុងធ្វើការ​ដុតដៃដុតជើង ដើម្បី​ផ្តល់​ឱ្យ​ពួក​គេ​នូវ​កម្មវិធី​ដែល​មាន​សុវត្ថិភាព​បំផុត ចំ​ពេល​មានការ​ព្រួយបារម្ភ​របស់​សហរដ្ឋអាមេរិក​ចំពោះ​សន្តិសុខ​ទិន្នន័យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ