រាជធានីភ្នំពេញ ៖ ក្លឹបកម្សាន្ត ខារ៉ាអូខេចំនួន៣កន្លែង ដែលបានសុំច្បាប់ប្រែក្លាយទៅជាភោជនីយដ្ឋានហើយនោះ ប៉ុន្តែនៅតែបន្តលួចលាក់បើកខារ៉ាអូខេផ្ទុយពីការណែនាំ ក៏ត្រូវគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបិទអាជីកម្មជាបន្តបន្ទាប់កាលពីល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ ។
ទីតាំងខារ៉ាអូខេដែលអាជ្ញាធរចុះបិទខាងលើនោះ ១- គីក្លឹប កម្សាន្តខារ៉ាអូខេ ដាប់បែលយូ (W U) ដែលមានទីតាំងផ្ទះលេខ៥០៤ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលមានម្ចាស់ឈ្មោះប៊ន មិសក្កិ ភេទប្រុស។ ២- ក្លឹបកម្សាន្ត ខារ៉ាអូខេយីហោ X (ឌឹកព្រីវេ)ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៦ សង្កាត់ផ្សារដេប៉ូទី១ និងទី៣- ក្លឹបកម្សាន្ត ខារ៉ាអូខេ សំរិទ្ធពេជ្រ ដែលបានប្រែក្លាយជាភោជនីយដ្ឋានម៉ាទីន ស្ថិតនៅផ្ទះលេខ៧២-៧៤ ផ្លូវលេខ ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
បើតាមអាជ្ញាធរបានឱ្យដឹងថា ការចុះបិទអាជីវកម្ម ក្លឹបកម្សាន្ត ខារ៉ាអូខេនេះ បានធ្វើឡើងតាមការដឹកនាំពីលោក ឯកឃុន ដឿន អភិបាលនៃអភិបាលខណ្ឌ បន្ទាប់ពីអាជ្ញាធរធ្វើការស្រាវជ្រាវរកឃើញថា ទីតាំងក្លឹបកម្សាន្តទាំងនោះបានប្រែក្លាយជាភោជនីយដ្ឋានហើយនៅតែបន្តលួចលាក់បើកខារ៉ាអូខេ ផ្ទុយពីច្បាប់អនុញ្ញាតទៀត ។
តាមកំណត់ហេតុការចុះបិទអាជីវកម្មខាងលើ បានអោយដឹងថា ទីតាំងអាជីវកម្មខាងលើ បានប្រែក្លាយពីខារ៉ាអូខេ មកជាភោជនីយដ្ឋានដាប់បែលយូ (W U), ហើយទីតាំងនោះ មានច្បាប់អនុញ្ញាតប្រកបមុខរបរអាជីវកម្មភោជនីយដ្ឋាន ពីសាលារាជធានីភ្នំពេញហើយ ។ ដោយឡែកនៅក្នុងការប្រកបអាជីវកម្ម ម្ចាស់មិនបានអនុវត្តទៅតាមការស្នើសុំរបស់ខ្លួននោះទេ ដោយមានលួចលាក់បើកអាជីវកម្ម ខារ៉ាអូខេ ទៅវិញ។
ផ្អែកតាមមូលហេតុខាងលើ ក្រុមការងារសម្រេចបិទអាជីវកម្មទាំងស្រុងចាប់ពីពេលនេះតទៅ។ ក្នុងករណីម្ចាស់នៅមិនគោរពតាមការណែនាំខាងលើ អាជ្ញាធរខណ្ឌ នឹងអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន។
ដោយឡែក ក្លឹមខារ៉ាអូខេចំនួន២ទៀតក៏ដូចគ្នាដែរ គឺសុទ្ធតែបានសុំច្បាប់ប្រែក្លាយជាភោជនីយដ្ឋាន តែបន្តបើកខារ៉ាអូខេលួចលាក់ផ្ទុយពីការណែនាំរបស់ថ្នាក់ដឹកនាំ និងក្រសួងសុខាភិបាល ជាការចូលរួមទប់ស្កាត់ការីករាលដាល់នូវជំងឺកូវីដ១៩។
គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ គ្រប់ក្លឹបកម្សាន្ត ខារ៉ាអូខេទាំងអស់ ត្រូវបានរដ្ឋាភិបាលរាជធានីភ្នំពេញចេញសេចក្កីជួនដំណឹងឱ្យបើកដំណើរការឡើងវិញ ដោយប្តូរពីខារ៉ាអូខេមកជាភោជនីយដ្ឋានវិញ ហើយម្ចាស់ក៏បានសុំច្បាប់តាមការណែនាំ ប៉ុន្តែផ្ទុយទៅវិញនៅតែបន្តលួចលាក់បើកខារ៉ាអូខេ ផ្ទុយពីច្បាប់អនុញ្ញាត ទើបត្រូវបានអាជ្ញាធរចុះបិទអាជីកម្មជាបន្តបន្តបន្ទាប់តែម្តង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ