ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រកួត​អាជីវកម្ម​លំដាប់​ពិភពលោក​សម្រាប់​ស្ត្រី និង​បច្ចេកវិទ្យា​ជិត​ចាប់ផ្តើម​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «She Loves Tech» ដែល​ជា​ការ​ប្រកួតប្រជែង​អាជីវកម្ម​ថ្មី (Startup) ធំ​បំផុត លំដាប់​ពិភពលោក​សម្រាប់​ស្ត្រី និង​បច្ចេកវិទ្យា​ឥឡូវនេះ​ចាប់​បើក​ទទួល​ពាក្យ…

រាជធានី​ភ្នំពេញ ៖ «She Loves Tech» ដែល​ជា​ការ​ប្រកួតប្រជែង​អាជីវកម្ម​ថ្មី (Startup) ធំ​បំផុត លំដាប់​ពិភពលោក​សម្រាប់​ស្ត្រី និង​បច្ចេកវិទ្យា​ឥឡូវនេះ​ចាប់​បើក​ទទួល​ពាក្យ សម្រាប់​អាជីវកម្ម Startup នៅ កម្ពុជា​ហើយ​។ នេះ​ជា​លើក​ដំបូង​បំផុត​ដែល​កម្ពុជា​នឹង​ឈាន​ជើង​ចូលរួម​ក្នុង កម្មវិធី​ប្រកួត​លំដាប់​ពិភពលោក​មួយ​នេះ​។

«She Loves Tech» បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៥ ដើម្បី​ជម្រុញ​ឱ្យ​វិស័យ​បច្ចេកវិទ្យា​សកល​មាន​ភាព​ចម្រុះ តាម​រយៈ​ការ​ចូលរួម​ពី​ស្ត្រី​ដែល​បម្រើ​ការងារ​បច្ចេកទេស និង​ដើរតួ​នាទី​ជា​អ្នកដឹកនាំ​ផង​។ ការ​សិក្សា​ជាស​កល នៅ​ឆ្នាំ​២០១៧ របស់​អង្គការ UNESCO ស្តី​ពី ការ​អប់រំរ​ក្មេង​ស្រី និង​ស្ត្រី​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា (STEM) បាន​បង្ហាញ​ឱ្យ​ឃើញ ថា​មាន​តែ​៣០%​នៃ​ចំនួន​និស្សិត​ស្រី​សរុប​នៅ​ថ្នាក់ឧត្តម​សិក្សា ប៉ុណ្ណោះ​ដែល​បាន​ជ្រើសរើស​សិក្សា​មុខ​វិជ្ជា STEM ។

អ្វី​ដែល​គួរ​បារម្ភ​នោះ គឺ​ស្ត្រី​ចុះ​ឈ្មោះ​រៀន​ជំនាញ ពាក់ព័ន្ធ​ព័ត៌មាន ទំនាក់ទំនង និង​បច្ចេកវិទ្យា (ICT) មាន​កម្រិត​ទាប​នៅ​ត្រឹមតែ​៣% ប៉ុណ្ណោះ​។

កម្មវិធី​ប្រកួត​នេះ បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ក្រុមហ៊ុន​ចូលរួម​ពី​ឆ្នាំ​កន្លង​ទៅ​បាន​ប្រមូល ទុន​វិនិយោគ សរុប​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក ពី​វិនិយោគិន​កំពូល​ៗ រួម​មាន​ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon និង Sequoia Capital​។

បន្ថែម​ពីលើ ការ​រៀបចំ​ប្រកួត​តាម​អន​ឡាញ​ទាំងស្រុង​សម្រាប់​ឆ្នាំ​នេះ ព្រឹ​ត្ត​ការណ៍​ឆ្នាំ​២០២០​នេះ​រឹតតែ​ពិសេស​ជាង​មុន ដោយសារ​នេះ ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​បង្អស់​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​កម្មវិធី​ប្រកួត​នេះ ក្នុង​នាម​ជា​ដៃគូ មួយ​ក្នុង ចំណោម​ដៃគូ​អន្តរជាតិ​ជាង​៣០​ប្រទេស មក​ពី អា​មេ​រិ​ក​ខាងជើង និង​ខាងត្បូង អាហ្វ្រិក អឺរ៉ុប អាស៊ី និង​អូស្ត្រាលី​។

កញ្ញា Rhea See សហ​ស្ថាបនិក​របស់ She Loves Tech បាន​ថ្លែង​ថា​៖ «​សហគមន៍​អ្នក Startup ខាង បច្ចេកវិទ្យា​នៅ​កម្ពុជា​បាន​នឹង​កំពុង​វិ​វត្ត​យ៉ាង​រស់​រវើក​ជា​រៀង​រាល់​ឆ្នាំ​»​។ កញ្ញា​បាន​បន្ត​ទៀត​ថា​៖ «​យើង មាន​សេចក្តី​រំភើប​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​សហគមន៍ ក៏​ដូច​ជា​ចូលរួម​ចំណែក​ជួយ តាម​រយៈ ការ​ផ្សារ​ភ្ជាប់​អាជីវកម្ម​ថ្មី​ៗ​ក្នុងស្រុក​ជាមួយ​ធនធាន ក៏​ដូច​ជា​យុទ្ធសាស្ត្រ​អន្តរជាតិ​ផង​ដែរ​។ យើង​ក៏​ទន្ទឹងរង់ចាំ មើល​ថា​បច្ចេកវិទ្យា​មាន​ឥទ្ធិពល​ណាមួយ​ដែល​នឹង​ឈ្នះ​នៅ​ក្នុង​កម្មវិធី She Loves Tech Cambodia នៅ​ឆ្នាំ​នេះ​»​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC) បាន និង​កំពុង​ខិតខំ​ផ្តួចផ្តើម​កម្មវិធី​ផ្សេង​ៗ​ដើម្បី​បង្កើន ការ​ចូលរួម របស់​ស្ត្រី នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដូច​ជា​កម្មវិធី Cambodian Women in Tech Awards ជាដើម ប៉ុន្តែ​ភាព​ចម្រុះ​នៃ​យែ​ន​ឌរ នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវការ ការ​ដោះស្រាយ​ទាំងអស់​គ្នា​។

សហ​ស្ថាបនិក របស់ She Loves Tech មួយ​រូប​ទៀត​កញ្ញា Leanne Robers បានអោយ​ដឹង​ថា « ការ​លើកកម្ពស់​ស្ត្រី នៅ​ក្នុង​វិស័យ បច្ចេកវិទ្យា​នឹង​ផ្លាស់​ប្តូរ​បែបបទ​រស់នៅ និង ធ្វើការ​របស់​យើង​។ កម្មវិធី​របស់​យើង​គឺជា​មធ្យោបាយ ដ៏​ល្អ​បំផុត មួយ​ដើម្បី​ចាប់ផ្តើម​ការ​ផ្លាស់​ប្តូរ​ដ៏​ល្អ​នេះ​»​។

កម្មវិធី​ប្រកួតប្រជែង She Loves Tech Cambodia ចាប់ផ្តើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​១ ខែសីហា ដល់​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២០​។ សូម​ជម្រាប​ជូន​ថា កម្មវិធី She Loves Tech Cambodia ត្រូវ​បាន​សហការ​រៀបចំ​ឡើង​ដោយ She Loves Tech និង Raintree ដែល​ជា​អ្នក​ចងក្រង​របាយការណ៍​ស្តី​ពី​សហគ្រិនភាព​បច្ចេកវិទ្យា Startup Kingdom ក្រោម ការ​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សហគ្រាស​ខ្មែរ និង Global Shapers Phnom Penh Hub ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ