ក្មេង​4​នាក់​មិន​ចេះ​លួច​ម៉ូតូ​ទេ​ជំនាញ​​​លួចតែ​​កង់


ខេត្តសៀមរាប ៖ យោង​តាម​ពាក្យបណ្តឹងរបស់​ជន​រង​គ្រោះ​ដែល​បាន​បាត់​កង់ កាលពី​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​តាម​ប្រមាញ់​ចាប់ចោរ​លួច​កង់ នៅ​កណ្តាល​ក្រុង​សៀមរាប រហូត​ឈាន​ដល់ឃាត់ខ្លួន​បាន​ក្មេង​ប្រុស​ចំនួន​៤​នាក់ យក​មក​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​វត្ថុ​តាង​កង់​៦​គ្រឿង​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ ។

ជា​ទូទៅ បើ​និយាយ​ពី​រឿង​ចោរលួច​កង់​ប្រហែលជា​គ្រប់​គ្នា​យល់​ថា ការ​លួច​កង់​ជា​រឿង​តូចតាច តែបើ​និយាយ​ពី​តម្លៃ​កង់​វិញ គ្រាន់តែ​ស៊េរី​ក្រោម​គេ​ក៏​៥០០​ទៅ​៦០០​ដុល្លារ​ដែរ ។ បើ​ស៊េរី​ខ្ពស់​បន្តិច មាន​តម្លៃ​ចាប់ពី​រាប់​ពាន់​ដុល្លារ​រហូត​ដល់​ជាង​២​ម៉ឺន​ដុ​លា្ល​រ​ក៏​មាន ។ ម៉ូតូ​ឯណា​ថ្លៃ​ស្មើ​កង់​នោះ ។

សមត្ថកិច្ច​ប្រាប់​កោះសន្តិភាព​ថា កង់​ដែល​ចោរ​ក្មេង​នេះ​លួច​ជា​កង់​ខ្មែរ លួច​កង់​អ្នកក្រ ។ កង់​ខ្លះ​ថ្លៃ​២៥​ដុល្លារ​៣០​ដុល្លារ ។ មាន​កង់​មួយ​ម៉ាក​អា​កៃ​ថ្លៃ​ជាង​៣០០​ដុល្លារ​ដែរ ។
ក្រុម​ចោរលួច​កង់​ទាំងនេះ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ដី​ឡូត៍​មួយ​ក្នុងភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ តាម​កត់សម្គាល់ ចោរ​ណា​លួច​កង់ ជំនាញ​ខាង​លួច​តែ​កង់ ។ ឯ​ចោរ​ណា​លួច​ម៉ូតូ ជំនាញ​លួច​តែ​ម៉ូតូ អត់​មើលឃើញ​កង់​ទេ ទោះ​កង់​នោះ​ថ្លៃ​ជាង​ម៉ូតូ​ក៏​ដោយ ។

អនុសេនីយ៍ទោ សៀ​ក សោភា នាយ​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​នៃ​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​កង់​ឈ្មោះ យិ​ន ប៊ុ​ណ្ណា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយដង្គំ លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​លួច កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​២៥​នាទីរសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ជនសង្ស័យ​ទាំង​៤​នាក់ សុទ្ធតែ​យុវវ័យ​ឬ​ហៅ​ក្មេង​ស្ទាវ ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​មាន​៖

១-​ឈ្មោះ រ៉ុ​ង ចំរើន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង
សៀមរាប ។
២-​ឈ្មោះ ពៅ វិ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ទីលំនៅ​ភូមិ​តា​ចេ​ត ឃុំ​សំរោង​យារ ស្រុក​ពួក ខេត្តសៀមរាប ។
៣-​ឈ្មោះ ម៉ៅ ដា​រ៉ូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។
៤-​ឈ្មោះ ម៉ៅ ជុំ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ។
លោកនាយ​ការិយាល័យ​ឲ្យ​ដឹង​ទៀត​ថា ពេល​សាកសួរ​ជនសង្ស័យ​ទាំង​៤​នាក់​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​លួច​យក​កង់​របស់​គេ​ប្រាកដ​មែន មិន​ដែល​លួច​ម៉ូតូ​ទេ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ​ដែរ សមត្ថកិច្ច​ក៏​បាន​ដកហូត​កង់​៦​គ្រឿង ក្នុង​នោះ​២​គ្រឿង​ត្រូវ​បាន​ជនសង្ស័យ​លួច​យក​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ពេល​បាន​រក​ឃើញ​ក៏​ប្រគល់​ឱ្យ​ម្ចាស់​វិញ ជាងកង់​ខ្មែរ​តម្លៃ​ម្ភៃ​សាមសិប​ដុល្លារ ។ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ឱ្យ​ចេះ​រាង​ទាន់​ខ្លួន​នៅ​ក្មេង ៕ ​

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ