កូវីដ-១៩ ៖ ដំបូងវៀតណាមត្រូវបានពិភពលោកសរសើរថា ជោគជ័យក្នុងការទប់ស្កាត់ការរាលដាល កូវីដ-១៩ ដែលកំពុងគំរាមកំហែងពិភពលោកទាំងមូល។ ប៉ុន្តែបន្ទាប់ពី១០០ថ្ងៃនៃភាពស្ងប់ស្ងាត់ រលកទីពីរបានចាប់ផ្តើមផ្ទុះ ចេញពីខេត្តដាណាង ជាខេត្តទេសចរណ៍ដ៏សំខាន់មួយរបស់វៀតណាម។ នៅក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ វៀតណាមបានរាយការណ៍ករណីកូវីដ-១៩ថ្មី ចេញពីខេត្តដាណាងចំនួន៣៤នាក់។ វៀតណាមក៏សម្រេចចិត្ត បិទខេត្តមួយនេះ។
កាន់តែធ្ងន់ជាងនេះ ប្រទេសវៀតណាមនៅថ្ងៃនេះបានរាយការណ៍ពីការស្លាប់របស់បុរសអាយុ ៧០ឆ្នាំម្នាក់ដោយសារកូវីដ-១៩ ខណៈដែលរលកទីពីរនៃកូវីដ-១៩ កំពុងតែគំរាមកំហែងប្រទេសដែល មានប្រជាជន៩៧លាននាក់នេះ។ ការស្លាប់ដំបូងគេនេះ និងការរកឃើញករណីកូវីដ-១៩ថ្មីៗនេះបានបញ្ចប់ កេរ្តិ៍ឈ្មោះរបស់វៀតណាមជាប្រទេសជោគជ័យនៅក្នុងការប្រឆាំងនឹងកូវីដ-១៩។ រលកទីពីរនៃការរាលដាល មេរោគកូវីដ-១៩ នៅវៀតណាមចាប់ផ្តើមចេញពីខេត្តដាណាង ហើយរាលដាលដល់ហាណូយ ហូជីមិញ និង ខេត្តដាក់ឡាក់។
ស្ថានភាពជំរុញឲ្យនាយរកដ្ឋមន្ត្រីវៀតណាម ព្រមានពីលទ្ធភាពនៃការរាដាលមេរោគកូវីដ-១៩ នៅគ្រប់ខេត្តក្រុងនៃប្រទេសវៀតណាម ហើយតម្រូវឲ្យមានការចាត់វិធានការខ្លាំងក្លា និងបន្ទាន់។ រហូតមកដលពេលនេះ វៀតណាមមានអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន៥០៩ករណីគិតត្រឹមថ្ងៃសុក្រនេះ។ កម្ពុជាមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម។ អ្វីដែលកំពុងកើតនៅវៀតណាមអាច ធ្វើឲ្យកម្ពុជាញាក់សាច់ដោយសារកូវីដ-១៩។
ប្រជាជនកម្ពុជាត្រូវតែបង្កើតការប្រុងប្រយ័ត្ន តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល បើសិនជាមិនចង់ស្រក់ទឹកភ្នែក ដោយសារកូវីដ-១៩។ ខណៈវៀតណាមកំពុងគំរាមកំហែងដោយរលកទីពីរនៃការរាលដាលកូវីដ-១៩ ប្រទេសកម្ពុជាបានចេញបញ្ជាឲ្យខេត្តតាមព្រំដែនវៀតណាមបង្កើនការប្រុងប្រយ័ត្ន។ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំដល់ខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគីរី និងរតនគីរី ត្រូវបង្កើនការប្រុងប្រយ័ត្ន៕ ដោយ ៖ ប្រេវីន
ចែករំលែកព័តមាននេះ