ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​យក​ទូរស័ព្ទ​ដៃ


រាជធានី​ភ្នំពេញ ៖ អ្នក​រត់​កង់​បី និង​សន្តិសុខ​យាម​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ករណី​ជនសង្ស័យ​ខាងលើ ឆបោក​យក​ទូរស័ព្ទ​មួយ​គ្រឿង​ពី​ម្ចាស់​កង់​បី​បាន​សម្រេច​តែ​រត់គេច​ខ្លួន​មិន​រួច ក៏​ត្រូវ​ជាប់​ខ្នោះ​សមត្ថកិច្ច​តែ​ម្តង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​១៥​នាទី​យប់ ថ្ងៃ​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​១ ផ្លូវ​សុធារស ភូមិ​៨ ក្រុម​៤៥ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

ជនសង្ស័យ​ដែល​ជន​រង​គ្រោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​នោះ មានឈ្មោះ សេង អ៊ី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់​បន្លែ ស្នាក់​នៅផ្ទះ​លេខ​៣៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សៀន កុមារ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​បេតុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

យោង​តាម​ប្រ​ភ​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ សៀន កុមារ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គឺ រូប​គាត់​បាន​ដឹក​ជន​រង​គ្រោះ​ឈ្មោះ សេន អ៊ី ចេញពី​ផ្សារ​បាយ័ន នៅ​ជិត​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ មក​ឈប់​នៅ​ម្តុំ​កៅ​ដាយ សង្កាត់​ទួល​ស្វាយព្រៃ​១ ហើយ​ក៏​បន្ត​មក​ផ្សារ​ទំនើប​អ៊ី​អន​១ ខណៈ​ពេល​ដែល ជិះ​ម៉ូតូ​កង់​បី ជនសង្ស័យ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ប្រាប់​ថា ខ្ចី តម្លើង​កម្មវិធី​វេ​លុយ​មួយ​ភ្លែត​ដោយ​ជឿជាក់​រូប​គាត់​ក៏​បាន​ឲ្យ​ខ្ចី​ទូរស័ព្ទ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​ជិះ​មក​ដល់​ផ្សារ​ទំនើប​អ៊ី​អន​១ ជនសង្ស័យ​បាន​ឲ្យ​រូប​គាត់​ចាំ​មួយ​ភ្លែត ហើយ​ក៏​កាន់​ទូរស័ព្ទ​គាត់ ដើរ​ចូល​ទៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​បាត់​តែ​ម្តង ដោយ​មានការ​សង្ស័យ​រូប​គាត់​បាន​ខ​ល​ទៅ​លេខ​ទូរស័ព្ទ គាត់​ដែល​ជនសង្ស័យ​ខ្ចី តែ​ទាក់ទង​មិន​ចូល​ក៏​ដើរ​ចូល​ទៅ​តាម​រក​មើល​រហូត​ដល់​ជាន់​ទី​២ កន្លែង​លក់​ម្ហូបអាហារ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​ខ្លួន ក៏​រាយការណ៍​ប្រាប់​សន្តិសុខ​យាម​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ឲ្យ​ជួយ​ឃាត់ខ្លួន រួម​នឹង​វត្ថុ​តាង យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​ចាត់ការ​តាម​នីតិវិធី​។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​សួរនាំ និង​ក៏​សាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់ អធិកា​ដ្ឋា​ន​ខណ្ឌចំការមន​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​ទូរស័ព្ទ​ដៃ​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​៕ ដោយ ៖ យឹ​ម ឈឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ