អតីត​ភរិយា​របស់​បុរស​ដែល​មាន​ជាងគេ​លើ​លោក​បរិច្ចាគ​ទ្រព្យ​១.៧​ប៊ី​លាន​ដុល្លារ


អ្នកស្រី​ម៉ា​ឃី​ន​ហ្សី ស្ក​ត (MacKenzie Scott) ដែល​ជា​អតីត​ភរិយា​របស់​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Amazon និង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក បាន​ប្រកាស​លើ Twitter របស់​អ្នកស្រី​កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក​ថា អ្នកស្រី​បាន​បរិច្ចាគ​លុយ ១.៧​ប៊ី​លាន​ដុល្លារ​ហើយ​។

បច្ចុប្បន្ន​នេះ អ្នកស្រី​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​៣៦​ប៊ី​លាន​ដុល្លារ បន្ទាប់​ពី​ទទួល​បាន​ភាគហ៊ុន ២៥% របស់​ភាគហ៊ុន​លោក​បេ​សូ​ស​ក្រោយ​ការ​លែងលះ​គ្នា​។

លោក​បេ​សូ​ស​វិញ​មានទ្រព្យ​សម្បត្តិ​ប្រមាណ​១៧៩.៣​ប៊ី​លាន​ដុល្លារ និង​ជា​ម្ចាស់​កម្មសិទ្ធិ​ភាគហ៊ុន ១១.១% របស់ Amazon ដែល​ជា​ក្រុមហ៊ុន​លោក​បាន​បង្កើត​ក្នុង​កន្លែង​ចត​រថយន្ត​នៅផ្ទះ​របស់​លោក​ក្នុង​ឆ្នាំ ១៩៩៤​។

អ្នកស្រី​បាន​សរសេរ​លើ Twitter របស់​ខ្លួន​ថា «​ខ្ញុំ​មិន​ដែល​ជំទាស់​នឹង​ទស្សនៈ​ថា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​នរណា​ម្នាក់​ជា​ផលិតផលនៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មនុស្ស​ជា​ច្រើន និង​សង្គម​ដែល​ផ្តល់​នូវ​ឱកាស​សម្រាប់​មនុស្ស​មួយ​ចំនួន និង​ឧបសគ្គ​សម្រាប់​មនុស្ស​ជា​ច្រើន​ដែល​រាប់​មិន​អស់​ទៀត​។​»

បន្ទាប់​ពី​បាន​បញ្ចប់​ចំណងអាពាហ៍ពិពាហ៍​ជាមួយ​លោក​បេ​សូ​ស​ហើយ អ្នកស្រី​ស្ក​ត​បាន​ចូលរួម The Giving Pledge ដែល​ជា​ការ​សន្យា​របស់​មហាសេដ្ឋី​ដែល​មាន​គម្រោង​បរិច្ចាគ​ទ្រព្យសម្បត្តិ​ភាគច្រើន​ក្នុង​ជីវិត​របស់​ពួក​គេ​។ ការ​ផ្តួចផ្តើម​នេះ​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ ២០១០ ដោយ​លោក​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​អ្នកស្រី​មេ​លី​ន​ដា ហ្គេ​ត​ស៍ (Melinda Gates) ព្រមទាំង​លោក​មហាសេដ្ឋី​វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) ផង​ដែរ​។

អ្នកស្រី​បាន​សរសេរ​បន្ត​ថា “​ដូច​មនុស្ស​ជា​ច្រើន​ទៀត​ដែរ ខ្ញុំ​បាន​មើលទៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២០ កន្លង​មកនេះ​ដោយ​មានការ​រួម​ផ្សំ​នូវ​ការ​ឈឺចិត្ត និង​ការ​ភ័យ​ខ្លាច​។ ជីវិត​នឹង​មិន​ឈប់​ក្នុង​ការ​រក​វិធី​ថ្មី​ៗ​ដើម្បី​បង្ហាញ​ពី​វិសមភាព​ក្នុង​ប្រព័ន្ធ​របស់​ពួក​យើង​ទេ ឬ​ក្នុង​ការ​ដាស់តឿន​យើង​ឲ្យ​មើលឃើញ​ថា​វិសមភាព​ក្នុង​សង្គម​មិន​ត្រឹមតែ​មិន​យុត្តិធម៌​ទេ តែ​ក៏​មិន​ស្ថិតស្ថេរ​ដែរ​។​”

អ្នកស្រី​សង្ឃឹមថា​បទ​ពិសោធន៍​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ​នឹង​ជំរុញ​ទឹកចិត្ត​មនុស្ស​ឲ្យ​បរិច្ចាគ​ដែរ​។ អ្នកស្រី​ស្ក​ត​បាន​បរិច្ចាគ​ទៅ​អង្គការ​ចំនួន ១១៦ ដែល​កំពុងធ្វើការ​ក្នុង​ផ្នែក​វិសមភាព​ពូជសាសន៍ សិទ្ធិ​មនុស្ស​ភេទ​ទី​បី វិសមភាព​យេ​ន​ឌឺ ប្រជាធិបតេយ្យ សុខភាព​សាធារណៈ និង​បម្រែបម្រួល​សីតុណ្ហភាព​ពិភពលោក​ជាដើម​។

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ