សហជីព​អំពាវនាវ​រាជរដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ចំពោះ​ក្រុមហ៊ុន សហគ្រាស​ចង់​បិទ ​ឬ​ព្យួរការងារ


រាជធានី​ភ្នំពេញ ​៖ ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឧបត្ថម្ភ​ថវិកា​៤០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កម្មករ និយោជិត​ម្នាក់​ៗ រយៈពេល​២​ខែ​បន្ថែម​ទៀត ​រហូត​ដល់​ដំណាច់​ខែកញ្ញា​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ តំណាង​សហជីព​ក្នុងស្រុក​មួយ​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ធ្វើការ​ពិនិត្យ​ឡើង​វិញ ​ចំពោះ​ក្រុមហ៊ុន​ ឬ​សហគ្រាស​ទាំងអស់​ដែល​ចង់​បិទ​ក្រុមហ៊ុន ឬ​ព្យួរការងារ ​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ​គឺ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ដំណើរការ​ធម្មតា និង​ក្រុមហ៊ុន​មួយ​ចំនួន​មាន​បញ្ហា​ដោយសារ​ឥ​វ៉ា​ន់​មាន​តិចតួច​មិន​អាច​ដេរ​គ្រប់ ធ្វើ​ឱ្យ​ក្រុមហ៊ុន​ព្យួរការងារ ហើយ​ខ្លះ​ព្យួរ​ដោយ​ខែ និង​ក្រុមហ៊ុន​ខ្លះ​ទៀត​បាន​បិទទ្វារ ។ ចំណែក​កម្មករ​កំពុងធ្វើការ គេ​ទទួល​បាន​អាទិភាព​ប្រសើរ តែ​ចំណែក​កម្មរ​ត្រូវ​បាន​ព្យួរការងារ​គឺ​គាត់​មានការ​លំបាក ពិសេស​អ្នក​បាត់បង់​ការងារ​ធ្វើ ពួក​គាត់​មានការ​លំបាក​មែនទែន​។

ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​កម្មករនិយោជិត​តាម​រយៈ​ការ​ព្យួរការងារ លោក អាត់​ធន់ ក៏​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ពិនិត្យ​ដល់​ក្រុមហ៊ុន សហគ្រាស​ក៏​ដូច​ជា ​មន្ត្រី​ក្រោម​ឱវាទ​ខ្លាច​ដូច​ជា ​ត្រីងៀត​ឆ្លៀត​ពង​ជាដើម ​។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា «​ក្នុង​នាម​តំណាង​ឱ្យ​កម្មករនិយោជិត យើង​សូម​អំពាវនាវ​ដល់​ខាង​រាជរដ្ឋាភិបាល​ធ្វើការ​ពិនិត្យ​ឡើង​វិញ ​ចំពោះ​ក្រុមហ៊ុន សហគ្រាស​ទាំងអស់ បើ​ព្យួរ​បាន​ចាំ​ឱ្យ​ព្យួរការងារ​កុំឱ្យ​គាត់​បិទ​ធ្វើ​ឱ្យ​បាត់បង់​ការងារ​របស់​កម្មករ ថែម​ទាំង​មិន​ទទួល​បាន​លុយ​៧០​ដុល្លារ​អា​មេ​រិ​ក​ថែម​ទៀត ហើយ​ជួយ​ត្រួត​មើល​មន្ត្រី​ក្រោម​ឱវាទ​មួយ​ចំនួន ដែល​គាត់​កំពុងធ្វើការ​ងារ​នេះ​កុំឱ្យ​ដូច​ត្រីងៀត​ឆ្លៀត​ពង កម្មករ​កំពុង​តែ​លំបាក​ហើយ គាត់​(​មន្ត្រី​)​សហការ​បិទ​ក្រុមហ៊ុន​ដើម្បី​ទទួល​បាន​លាភ
សក្ការៈ​»​។

លោក​លើក​ឡើង​ថា ក្រុមហ៊ុន​ខ្លះ​គាត់​បិទ​ដោយសារ​គាត់​ក្ស័យ​ធុន​នោះ​យើង​អត់​ខ្វល់​ទេ តែ​ក្រុមហ៊ុន​ខ្លះ​គាត់​មិន​ត្រូវ​បិទ​ទេ តែ​គាត់​បិទ​ដោយសារ​តែ​មានការ​ផ្តល់​ភ្លើង​ខៀវ​ពី​មន្ត្រី​ណាមួយ​អី​ទៅ​។ លោក​លើក​ឡើង​ថា «​គោលការណ៍​របស់​រាជរដ្ឋាភិបាល ​គឺ​ផ្តល់​ឱ្យ​៤០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​កម្មករ​កាត់ដេរ​ត្រូវ​បាន​ព្យួរការងារ ។ ក្នុង​វិស័យ​កាត់ដេរ​នេះ តម្រូវ​និយោជក (​ម្ចាស់​រោងចក្រ​) ផ្តល់​ប្រាក់​៣០​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​។ នៅ​ពេល​រាជរដ្ឋាភិបាល​ផ្តល់ ឬ​ឧបត្ថម្ភ​ប្រាក់​៤០​ដុល្លារ​អា​មេ​រិ​ក​ជូន​កម្មករ​ចំនួន​ពីរ​ខែ​បន្ថែម​ទៀត​នេះ ខ្ញុំ​គិត​ថា​ចំ​ពេល​នេះ​បញ្ហា​កូ​វី​ដ​វា​នៅ​មិន​ទាន់​ចប់ ហើយ​រោងចក្រ​នៅ​បន្ត​ព្យួរ អីចឹង​វា​ជា​ការ​ផ្តល់​នូវ​ផ្នែក​មួយ​ជួយ​ដល់​កម្មករ​ក្នុង​កំឡុង​ជំងឺ​កូ​វី​ដ​នេះ ហើយ​ប​ស្ថានភាព​នេះ​វា​ប្រសើរ​ឡើង​វិញ ខ្ញុំ​គិត​ថា​កម្មករ​អាច​វិល​ត្រលប់​ទៅ​កន្លែង​ការងារ​របស់​គាត់​បាន​»​។

បើ​តាម​ប្រធាន​សម្ព័ន្ធ​សហជីព​ខាងលើ​រូប​នេះ ការ​ផលិត​នៅ​ក្នុង​វិស័យ​កាត់ដេរ​មក​ដល់​ពេល​នេះ ការផលិត​មានការ​ធ្លាក់​ចុះ​ច្រើន អាច​រហូត​ដល់​៣០​ឬ​៤០% ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ លោក​ទទួល​បាន​កិច្ចប្រជុំ​មួយ​ជាមួយ​អ្នកបញ្ជា​ទិញ​កាល​ស​ប្តា​ហ៍​ទី​ពីរ​នៃ​ខែ​មុន​នេះ គឺ​មាន​រោងចក្រ​ចំនួន​៤១៤ ដែល​មាន​កម្មករ​ជាង​២៤​ម៉ឺន​នាក់​បាន​ព្យួរ​មក​ដល់​បច្ចុប្បន្ន​នេះ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ