ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​! លើកលែង​ការ​បង់ពន្ធ​សណ្ឋាគារ ផ្ទះសំណាក់​ភោជនីយដ្ឋាន​និង​ក្រុមហ៊ុន​ទេសចរណ៍​២​ខែ​បន្ថែម​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភពលោក​នៅ​តែ​បន្ត​ចោទ​ជា​បញ្ហា​សម្រាប់​វិស័យ​ទេសចរណ៍ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​លើកលែង​ការ​បង់ពន្ធ​ចំពោះ​អា​ជី​កម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​២​ខែ​បន្ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភពលោក​នៅ​តែ​បន្ត​ចោទ​ជា​បញ្ហា​សម្រាប់​វិស័យ​ទេសចរណ៍ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​លើកលែង​ការ​បង់ពន្ធ​ចំពោះ​អា​ជី​កម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​២​ខែ​បន្ថែម​ទៀត ។ នេះ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ថ្ងៃ​ទី​៣១ ខែកក្កដា ២០២០​នេះ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បានអោយ​ដឹង​ថា ដោយ​ពិនិត្យ​លើ​ទិដ្ឋភាព​នៃ​កា​រវិ​វ​ឌ្ឍ​នៃ​ស្ថានភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​សង្គម ទាំង​ក្នុង​ក្របខ័ណ្ឌ សកលលោក តំបន់ និង​ក្នុង​ប្រទេស រាជរដ្ឋាភិបាល​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​បន្ថែម​សម្រាប់​ជុំ​ទី​៥​ក្នុង​គោលបំណង បន្ត​ជួយ​ស្ដារ និង​ជំរុញ​លទ្ធភាព​អាជីវកម្ម ធុរកិច្ច​អោយ​ងើបឡើង​វិញ ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​បរិការណ៍​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩ ។

រាជរដ្ឋាភិបាល​សម្រេច​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប ខេត្តកំពត ក្រុង​បា​វិត និង​ក្រុង​ប៉ោយ​ប៉ែ​ត រយៈពេល​ខែ​បន្ថែម ពោល​គឺ ក្នុង​ខែ សីហា​និង​ខែកញ្ញា ឆ្នាំ ២០២០ ។

បើ​តាម​លោកស្រី ក្លេ​ខៃ ចិន្តា​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ សកម្មភាព​អាជីវកម្ម​លើ​វិស័យ​សណ្ឋាគារ​ក្នុង​ប្រទេស​កម្ពុជា មាន​តំបន់​ខ្លះ​ស្ងាត់​តែ​តំបន់​ខ្លះ​ទៀត ចាប់ផ្ដើម​មាន​ភ្ញៀវ​ខ្លះ​ៗ​វិញ​ក៏​ប៉ុន្តែ​តំបន់​ដែល​ធ្លាប់តែ​មាន​ភ្ញៀវ​ចូល​ស្នាក់​ពេញ​ក៏​ប្រែជា​ស្ងាត់ និង​មាន​អាជីវកម្ម​ខ្លះ​ត្រូវ​បាន​ប្រកាស​លក់ ជា​ពិសេស​អាជីវកម្ម​ដែល​ជួល​ទីតាំង​អ្នក​ដទៃ ។

បើ​យោង​ទៅ​តាម​អង្គការ​ទេសចរណ៍​ពិភពលោក ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន AFP បានអោយ​ដឹង​ថា ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ វិស័យ​ទេសចរណ៍​ពិភពលោក​បាន​បាត់បង់​ចំណូល​រហូត​ដល់​៣២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចេញ​ដើរ​កម្សាន្ត​បាន​បាត់បង់​ប្រមាណ​៣០០​លាន​នាក់ ។ យ៉ាងណា​ក្ដី​អង្គការ​នេះ បាន​សង្កេត​ឃើញ​ថា​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​ចាប់ផ្ដើម​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក​បណ្ដើរ​វិញ​ហើយ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ដែល​មាន​ស្ថានភាព​កូ​វី​ដ​១៩​ប្រសើរ​ឡើង ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​លោក​ប៉ាក់ សុខុម​រដ្ឋលេខាធិការ​បាន​ថ្លែង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្នុង​ឆ្នាំ ២០២០​កម្ពុជា​អាច​នឹង​បាត់បង់​ចំណូល​ពី​វិស័យ​ទេសចរណ៍​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ភ្ញៀវ​អន្តរជាតិ​បរទេស ដែល​មក​ដល់​កម្ពុជា​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​រហូត​ដល់​៧០​ភាគរយ ខណៈ​ភ្ញៀវ​ក្នុងស្រុក​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន​នានា​អាច​នឹង​ធ្លាក់​ចុះ​ប្រមាណ​៥០​ភាគរយ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ការ​អនុគ្រោះ​ចំពោះ​វិស័យ​កាត់ដេរ និង​អាកាស​ចរ​ផង​ដែរ ក្នុង​ពេល​ដែល​វិស័យ​នេះ ក៏​នៅ​តែ​ទទួល​ឥទ្ធិពល​អាក្រក់​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​នេះ​ដែរ ដោយ​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ សម្រាប់​កម្មករ កម្មការិនី ដែល​បាត់បង់​ឱកាស​ការងារ​ក្នុងអំឡុងពេល​កូ​វី​ដ​១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ