ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តី វ៉ា​ន់​នី​ឡា នឹង​ប្រកាស​សាល​ក្រម​​នៅ​ចុងខែ​សីហា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលា​ឧទ្ទ​រណ៍​បាន​បើក​សវនាការ​រឿង​ក្តី វ៉ា​ន់ នី​ឡា ជាមួយនឹង​អតីត​គូស្នេហ៍​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នេះ ខណៈ​ពេល​ការ​ប្រកាស​សាលក្រម…

រាជធានី​ភ្នំពេញ ៖ សាលា​ឧទ្ទ​រណ៍​បាន​បើក​សវនាការ​រឿង​ក្តី វ៉ា​ន់ នី​ឡា ជាមួយនឹង​អតីត​គូស្នេហ៍​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នេះ ខណៈ​ពេល​ការ​ប្រកាស​សាលក្រម នឹង​ត្រូវ​បាន​លើក​ពេល​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០​ខាង​មុខ​នេះ​។

បើ​តាម​បងប្រុស​នាង វ៉ា​ន់ នី​ឡា គឺ​លោក សុខ ជំនោរ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃនេះ​ថា រឿង​ក្តី​ប្អូនស្រី​របស់​លោក ត្រូវ​បាន​បង្វិល​ពី​តុលាការ​កំពូល មក​សាលា​ឧទ្ទ​រណ៍​វិញ ខណៈ​ពេល​ដំណើរការ​កាត់ក្តី​កាលពី​ព្រឹក​មិ​ញ​នេះ គឺ​មិន​មាន​វត្តមាន​ចូលរួម​ពី​ដើមបណ្តឹង និង​ជនជាប់ចោទ​ឡើយ​។

លោក​បញ្ជាក់​ថា ភាគី​ទាំង​សងខាង គឺ​មាន​តំណាង​មេធាវី​មក​ចូលរួម​រៀងខ្លួន ព្រោះ​ប្អូនស្រី​របស់​លោក​បាន​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច និង​ការ​ខ្មាស់​អៀន​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅឡើយ ហើយ​នាង​ក៏​បាន​បង្ហាញ​បញ្ហា​នេះ​ប្រាប់​មេធាវី​របស់​នាង​ផង​ដែរ​។

លោក​បន្ត​ថា មេធាវី​ប្អូនស្រី​របស់​លោក​បាន​ជជីក​ដេញដោល​ជា​ច្រើន​ជាមួយ​មេធាវី​តំណាង​ជន​ជាប់ចោទ ដោយ​ខាងយើង​បាន​បង្ហាញ​នូវ​អង្គហេតុ និង​ភស្តុ​តាង ហើយ​ជា​ពិសេស​យើង​បាន​សង្កត់ធ្ងន់​លើ​កូនក្តី​របស់​យើង ។ ដោយសារ​តែ វ៉ា​ន់ នី​ឡា មិន​បានដឹង​សវនាការ​នៅ​សាល​កំពូល​ឡើយ ហើយ​យើង​ក៏​មិន​បាន​សរសេរ​សារ​ណា​ទាញ​ទឹក​តាង​របស់​យើង​ដែរ ហើយ​ការ​សម្រេច​របស់​សាលា​កំពូល​នោះ គឺ​ផ្អែក​តែ​ទៅ​ភាគី​ជនជាប់ចោទ​តែ​ម្ខាង​ប៉ុណ្ណោះ​។

បើ​តាម​លោក សុខ ជំនោរ នៅ​ពេល​រឿង​ក្តី​ដល់​សាលា​កំពូល​នោះ គឺ​ភាគី​ខាង​ប្អូនស្រី​លោក​មិន​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​នោះ​ឡើយ ដូច្នេះ​ដំណើរការ​ក្តី​កាលពី​ព្រឹក​មិ​ញ​នេះ​គឺ​យើង​សង្កត់​លើ​រឿង​មួយ​នេះ​។

លោក​បាន​ឲ្យ​ដឹង​ថា ចំពោះ​លោក និង​ប្អូនស្រី​នៅ​តែ​មាន​ក្តី​សង្ឃឹម​ពី​ការ​ទទួល​បាន​យុត្តិធម៌ ព្រោះ​យើង​ធ្លាប់​បាន​ទទួល​ការ​សម្រេច​ឲ្យ​ឈ្នះក្តី​នេះ​តាំងពី​សាលាដំបូង រហូត​ដល់​កំពូល ទាំងនេះ​ជា​ក្តី​រំពឹង​ខ្ពស់​មួយ​សម្រាប់​គ្រួសារ​លោក​។

យ៉ាងណា​លោក​នៅ​តែ​រង់ចាំ​មើល ការ​សម្រេច​ក្តី​របស់​សាលា​ឧទ្ទ​រណ៍​នៅ​បំណាច់​ខែសីហា​ខាង​មុខ​នេះ ខណៈ​ពេល​ដែល​ដំណាក់កាល​សាលា​ឧទ្ទ​រណ៍​នា​ពេល​នេះ គឺ​មាន​តែ​២​ប៉ុណ្ណោះ ដោយ​ទី​១ គឺ​រក្សា​ទុក​សាលក្រម​លើក​មុន និង​ទី​២ ទម្លាក់​ចោលការ​ចោទប្រកាន់​។

គួរ​រំលឹក​ថា រឿង​ក្តី​ជនជាប់ចោទ​លោក គុយ សិទ្ធិ​សក្តិ កូនប្រុស​លោក គុយ ប៊ុ​ន​សន អតីត​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ជាមួយ​កញ្ញា សុខ ចិន្ដា ហៅ វ៉ា​ន់ នី​ឡា ពាក់ព័ន្ធ​ការ​ប្រើ​ហិង្សា និង​បង្ហោះ​រូបភាព​អាក្រាត​នោះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ហើយ កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​ចំនួន​២០០​លាន​រៀល ។

គួរ​រំលឹក​ទៀត​ថា នៅ​ក្នុង​ការ​ប្រកាស​សាលក្រម​នេះ គេ​ពុំ​បានឮ​ពី​ការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ទេ តែ​បាន​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​បន្ត ខណៈ​ជន​ជាប់​ខាងលើ​នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាព​អាសអាភាស​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦​។ លោក គុយ សិទ្ធិ​សក្តិ ត្រូវ​បាន​គេ​ដឹង​ថា បច្ចុប្បន្ន​លោក​ជា​មន្ត្រី​ប៉ូលិស​ពាក់​សក្តិ​៤​កន្លះ និង​កំពុង​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួងមហាផ្ទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ