ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ឬ​អត់ ? បាយ​ក្រៅ​ផ្ទះ​ពេល​ថ្ងៃ​អាច​ឲ្យ​បុរស​ក្បត់​ប្រពន្ធ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រវល់​ការងារ ផ្លូវ​ស្ទះ​ខ្លាំង សាំង​ថ្លៃ បាន​ធ្វើ​មនុស្ស​មួយ​ចំនួន​ទទួលទាន​អាហារ​ក្រៅ​ផ្ទះ ពិសេស​អាហារ​ថ្លៃ​ត្រង់ ។ ដោយសារ​ម្នាក់​ៗ​រវល់​ពេញ​ៗ​មួយ​ថ្ងៃ​បាន​ធ្វើ​ឲ្យ​ប្តី​មិន​បាន​ជួប​មុខ​ប្រពន្ធ ប្រពន្ធ​មិន​បាន​ជួប​ប្តី…

រាជធានី​ភ្នំពេញ ៖ រវល់​ការងារ ផ្លូវ​ស្ទះ​ខ្លាំង សាំង​ថ្លៃ បាន​ធ្វើ​មនុស្ស​មួយ​ចំនួន​ទទួលទាន​អាហារ​ក្រៅ​ផ្ទះ ពិសេស​អាហារ​ថ្លៃ​ត្រង់ ។ ដោយសារ​ម្នាក់​ៗ​រវល់​ពេញ​ៗ​មួយ​ថ្ងៃ​បាន​ធ្វើ​ឲ្យ​ប្តី​មិន​បាន​ជួប​មុខ​ប្រពន្ធ ប្រពន្ធ​មិន​បាន​ជួប​ប្តី កូន​មិន​បាន​ជួប​ឪពុក​-​ម្តាយ ។ ព្រលឹម​ចេញ​ព្រលប់​ចូល នេះ គឺជា​និន្នាការ​រស់នៅ​របស់​មនុ​ស្សម័យ​ថ្មី​នៅ​ក្នុង​ទីក្រុង ។

និន្នាការ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកខ្លះ​និយាយ​ថា ធ្វើ​ឲ្យ​គ្រួសារ​បាត់បង់​ភាព​កក់ក្តៅ​ទៅ​វិញ ពិសេស​អាច​ឲ្យ​បុរស​ជា​ប្តី​ផិតក្បត់​ប្រពន្ធ​បាន ។

អ្នកស្រី សម្ផស្ស ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​នៅ​ភ្នំពេញ និយាយ​ថា ប្រមាណ​៥​ឆ្នាំ​ហើយ​ដែល​អ្នកស្រី និង​ស្វាមី មិន​បាន​បាយ​ជុំ​គ្នា​នៅ​ពេល​អាហារ​ថ្ងៃត្រង់ ដោយសារ​ម្នាក់​ៗ​រវល់​រៀង​ៗ​ខ្លួន និង​ផ្ទះ​នៅ​ជាយក្រុង​ភ្នំពេញ ។ «​ស្វាមី​ខ្ញុំ​គាត់​ទទួលទាន​បាយ​នៅ​ជិត​កន្លែងធ្វើការ​គាត់ ។ ចំណែក​ខ្ញុំ​ទទួលទាន​អាហារ​ដែល​ដាក់​មក​ពី​ផ្ទះ​នៅ​នឹង​កន្លែងធ្វើការ ។ វា​ពិតជា​ធ្វើ​ឲ្យ​យើង​បាត់បង់​ភាព​កក់ក្តៅ ប៉ុន្តែ​ធ្វើ​យ៉ាង​មេច បើ​សង្គម​វា​ទៅ​អ​ញ្ចឹ​ង​ហើយ​» ។

អ្នកស្រី​សម្ផស្ស បាន​និយាយ​ថា និន្នាការ​បែប​នេះ​មិនមែន​មាន​តែ​គ្រួសារ​គាត់​ទេ​ដែល​បាន​អនុវត្ត អ្នកធ្វើការ​ជាមួយ​គាត់​ភាគច្រើន​គេ​បាន​ធ្វើ​បែប​នេះ​ដែរ ។ ស្ត្រី​ដែល​មានកូន​ពីរ​នាក់​រូប​នេះ​បាន​បញ្ជាក់​ថា ចំណែក​កូន​ៗ​របស់​គាត់​វិញ គឺ​រៀន​មួយ​ថ្ងៃ​ពេញ​នៅ​សាលា​តែ​ម្តង ។ « តាម​ពិត​ទៅ សូ​ម្បី​តែ​ពេល​ល្ងាច​ជួនកាល​យើង​មិន​បាន​បាយ​ជុំ​គ្នា​ផង ។ កាលពី​មិន​ទាន់​មាន​កូ​វី​ដ​១៩ ពេល​ចេញពី​ធ្វើការ​ខ្ញុំ​ទៅ​យក​កូន​ចេញពី​សាលា ហើយ​កូន​ៗ គេ​ចង់​ញ៉ាំ​អី​ក្រៅ​ផ្ទះ យើង​ញ៉ាំ​ក្រៅ​ផ្ទះ​ទៀត ។ មក​ដល់​ផ្ទះ​ចូល​រៀបរយ​ផ្ទះ​តិច​តូច​ដល់​ពេល​សម្រាក ។ ជីវិត​ពិតជា​មិន​បាន​ជជែក​គ្នា​ច្រើន​ឡើយ​ក្នុង​មួយ​ថ្ងៃ​ៗ» ។ អ្នកស្រី​សម្ផស្ស បាន​បញ្ជាក់ ។ នៅ​ពេល​សួរ​ថា តើ​អ្នកស្រី បារម្ភ​ពី​សុភមង្គល​គ្រួសារ​ទេ នៅ​ពេល​ការ​រស់នៅ​ខ្វះ​ភាព​កក់ក្តៅ​បែប​នេះ ពិសេស​នៅ​ពេល​សា្វ​មី​មិន​បាន​បាយ​នៅផ្ទះ​នោះ ។ ស្ត្រី​មេផ្ទះ​វ័យ​ជាង​៣០​ឆ្នាំ​រូប​នេះ​បាន​សើច នៅ​ពេល​ឭ​សំណួរ​នេះ ហើយ​ពោល​ថា «​ខ្ញុំ​ឭ​គេ​និយាយ​ថា បុរស​ឥឡូវ​ខិលខូច​ក្រៅ​ផ្ទះ​ពេល​នៅ​ថ្ងៃ ។ ពួក​គាត់​ឈប់​ខូច​ពេល​យប់​ហើយ​» ។

អ្នកស្រី​ថែម​ទាំង​ពោល​ពាក្យ​ដូច្នេះ​ថា «​ខ្ញុំ​ឮ​ប្រុស​ៗ​និយាយ​ថា អ្នក​ខូចខិល​ពេល​យប់​អត់​ទាន់សម័យ​ទេ​» ។ អ្នកស្រី​សម្ផស្ស​បន្ថែម​ជាមួយ ការ​ញញឹម​ៗ ថា «​ខ្ញុំ​មិន​បារម្ភ​ចំពោះ​ស្វាមី​ខ្ញុំ​ទេ ពី​រឿង​នេះ ។ យើង​ទុកចិត្ត​គ្នា ខ្ញុំ​ជឿជាក់​គាត់​» ។ សម្រាប់​ស្ត្រី​រូប​នេះ គាត់​បាន​ទទួលយក​និន្នាការ​រស់នៅ​បាយ​ក្រៅ​ផ្ទះ​នេះ ។

ចំណែក នារី​ម្នាក់​ទៀត គាត់​ក៏​មិន​ជំទាស់​ទម្លាប់​បាយ​ក្រៅ​ផ្ទះ​នេះ​ដែរ ដោយ​គាត់​បាន​បញ្ជាក់​ថា របៀប​រស់នៅ​ប្រទេស​ជឿនលឿន​គេ​ធ្វើ​បែប​នេះ​គ្រប់​គ្នា ដោយសារ​ម្នាក់​ៗ​រវល់​រៀង​ៗ​ខ្លួន​។ កញ្ញា មួយ​គាង ជា​បុគ្គលិក​ឯកជន​ម្នាក់​ទៀត ។ កញ្ញា​បាន​ទទួលស្គាល់​ថា​ដោយសារ​តែ​ភាព​រវល់​របស់​មនុស្ស​សម័យ​ថ្មី​ពិតជា​មិន​មាន​ពេលវេលា​ច្រើន ដើម្បី​បាយ​ជុំ​ប្តី​-​ប្រពន្ធ​ដូច​មនុស្ស​សម័យ​មុន​នោះ​ឡើយ ។ ទោះជា​កញ្ញា​មិន​ទាន់​មាន​ស្វាមី​យ៉ាងណា​ក្តី តែ​កញ្ញា​ព្រម​ទទួលយក​និ​ន្ន​ការ​ថ្មី​នេះ ។ «​យើង​រវល់​រៀង​ៗ​ខ្លួន​។ បើ​គិតតែ​រក​ពេល​មក​ទទួល​អាហារ​ជាមួយ​គ្នា​ពិតជា​មិន​អាច​ធ្វើ​កើត​ឡើយ​» ។

មួយ​គាង​បាន​បញ្ជាក់​ថា បើ​ទោះបីជា​ថ្ងៃក្រោយ​ទៅ​គាត់​ត្រូវ​បាន​មាន​ស្វាមី គឺ​គាត់​ព្រម​ទទួលយក​របត់​រស់នៅ​បែប​ថ្មី​នេះ ។ នាង​បាន​បន្ត​ថា «​បើ​យើង​មិន​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​គ្នា តែ​ខ្ញុំ​នឹង​ព្យាយាម​ដើម្បី​ឲ្យ​មាន​ពេល​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​អាហារ​ពេល​ល្ងាច​» ។ នារី​ដែល​មាន​ផ្គត់​គំនិត​បែប​ជា​អ្នកដឹកនាំ​រួប​នេះ មិន​មាន​ទុទ្ទិដ្ឋិនិយម​ថា បុរស​បាយ​ក្រៅ​ផ្ទះ អាច​មានឱកាស​ខិលខូច​ស្រី​ញ៉ី​ខាងក្រៅ​នោះ​ទេ​។ «​សម័យនេះ​យើង​យក​គូជីវិត​មិន​មានការ​បង្ខំ​ទេ គឺ​យើង​ពេញចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ប្រាកដជា​យល់​គ្នា អាច​ជឿ​ទុកចិត្ត​គ្នា ហើយ​អាច​ជជែក​គ្នា​បាន​ពី​រឿង​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ