ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ខ្លួន​អ្នក​ឃ្វាលគោម្នាក់​ បន្សល់​ដាន​នៅកន្លែងចាក់សំរាម​ (វីដេអូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​ប្រើ​គ្រឿងចក្រ​ចូក​កាយ​ទីតាំង​ចាក់សម្រាម​ដ៍​ជ្រៅ​មួយ​កន្លែង​ ដើម្បី​រុក​រក​​បុរសម្នាក់​ជា​អ្នក​ឃ្វាលគោ​ ​ក្រោយ​ពី​បាត់​ខ្លួន​ បន្សល់​ទុក​ដានមួយចំនួន​​នៅ​ទីនោះ​ ហើយ​ត្រូវបាន​គេ​សង្ស័យ​ថា​ ជនរងគ្រោះ​លង់​លិច​ក្នុង​ស្រះ​ចាក់សម្រាម​នោះ ។​ ករណី​ភ្ញាក់ផ្អើលខាងលើ​​នេះ​បាន​អូស​បន្លាយពេល​តាំងពី​ថ្ងៃ​ទី​៣០…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កំពុង​ប្រើ​គ្រឿងចក្រ​ចូក​កាយ​ទីតាំង​ចាក់សម្រាម​ដ៍​ជ្រៅ​មួយ​កន្លែង​ ដើម្បី​រុក​រក​​បុរសម្នាក់​ជា​អ្នក​ឃ្វាលគោ​ ​ក្រោយ​ពី​បាត់​ខ្លួន​ បន្សល់​ទុក​ដានមួយចំនួន​​នៅ​ទីនោះ​ ហើយ​ត្រូវបាន​គេ​សង្ស័យ​ថា​ ជនរងគ្រោះ​លង់​លិច​ក្នុង​ស្រះ​ចាក់សម្រាម​នោះ ។​

ករណី​ភ្ញាក់ផ្អើលខាងលើ​​នេះ​បាន​អូស​បន្លាយពេល​តាំងពី​ថ្ងៃ​ទី​៣០ ​រហូត​ដល់​ថ្ងៃ​ទី​៣១​កក្កដា​ ឆ្នាំ​២០២០​ នៅ​ភូមិ​ព្រៃ​គប់ ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។​

ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​​ខាងលើ​​ឈ្មោះ​កែវ ​ជួប ​ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ និង​មាន​​ស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​សិលា ​ឃុំ​ឈើ​កាច់​ ស្រុក​បាភ្នំ​ ខេត្តព្រៃវែង ​។

តាម​​ប្រភព​ព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ​ជន​រង​គ្រោះ​បាន​ដេញគោ​ទៅ​ឃ្វាល​ម្តុំ​កន្លែង​កើតហេតុ ​លុះដល់​វេលា​ម៉ោង​ប្រហែង​ជាង​៩​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា​ ម្ចាស់​គោ​បាន​យក​បាយ​ទឹក​ទៅ​ឲ្យ​ជន​រង​គ្រោះ​ដូច​សព្វមួយដង​ ប៉ុន្តែ​មិន​ជួប​ បែរ​​ជា​ឃើញ​គោ​២​ក្បាល​ធ្លាក់​ក្នុង​ស្រះ​ចាក់សម្រាមនោះ​​ទៅ​វិញ​ ។​ លុះ​ម្ចាស់​គោ​រក​គេឯង​ឱ្យ​ជួយ​សង្គ្រោះសត្វ​​គោ​ចេញពី​ទីតាំង​កើតហេតុ​ រួច​ចុច​ទូរស័ព្ទ​រក​អ្នក​ឃ្វាល​ តែ​មិនឃើញទៀត ​បែរ​ជា​ឃើញមួក ​និង​រំពាត់​សម្រាប់​​ឃ្វាលគោ​នៅ​ក្នុង​​ស្រះ​ចាក់សម្រាម​ទៅវិញ​ ធ្វើ​ឲ្យ​គ្រប់​គ្នា​ដាក់​ការ​​សង្ស័យ​ថា​ជន​រង​គ្រោះ​អាច​ធ្លាក់​លង់​លិច​នៅ​ទីនោះ​។

​រហូតមកដល់​​ព្រឹក​ថ្ងៃ​ទី​៣១ ​កក្កដា​ នេះ​ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជា​កម្លាំង​សមត្ថកិច្ច​ទាំង​រដ្ឋបាល​ទាំង​ព្រំដែន​និង​យោធា​នាំ​គ្នា​រុ​ក​រក​ជន​រង​គ្រោះ​ដោយ​ប្រើ​គ្រឿងចក្រ​ចូក​កាយ​ក្នុង​ស្រះ​ចាក់សម្រាម​នោះ​ ក្រែង​រក​ឃើញ​សព​ជន​រង​គ្រោះ​ ។​

តាមប្រភពពី​​សាច់ញាតិ​និយាយ​ថា​ ជន​រង​គ្រោះ​ទើប​មក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ស៊ីឈ្នួល​ឃ្វាលគោ​ឲ្យ​គេ​ប្រហែល​១០​ថ្ងៃ​ប៉ុណ្ណោះ សង្ស័យ​ជនរងគ្រោះ​មិនដឹង​ថា​ទីតាំង​ចាក់សម្រាម​ជ្រៅ​ឬ​មានទឹក លុះ​​ឃើញ​គោ​ចុះ​ទៅ​ទីនោះ​ក៏​រត់​ចុះ​ទៅ​ដេញគោ​ ក៍​លង់​លិច​បាត់​ខ្លួន​តែ​ម្តង​។

គិតមកត្រឹមវេលាម៉ោង​៤និង​១០នាទីរសៀលថ្ងៃទី​៣១ កក្កដា នេះ​ដែរ ​បើ​តាម​ប្រភពពី​​លោក​ស៊ា សៅ​ឌី​ នាយ​ប៉ុស្តិ​ព្រៃ​គប់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​ គឺ​​នៅ​តែ​រក​ជនរងគ្រោះ​មិន​ទាន់​ឃើញ​នៅឡើយទេ ព្រោះ​គំនរ​សំរាម និងស្មៅ​​ក្នុង​ស្រះ​នោះ​ក្រាស់​ពេក​ ​ដោយ​មិនដឹង​ថា​ ជនរងគ្រោះលេចបាត់​នៅ​ម្តុំ​ណា​ទេ​ ​ខណៈ​​ពេល​នេះ​គ្រឿងចក្រ​នៅ​បន្ត​កាយ​រក​ដដែល​ ហើយករណីនេះ​នៅ​តែ​ជា​ព័​ត៍​មាន​ភ្ញាក់ផ្អើល​ដដែល ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ