ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​មតិ​ផ្សេង​ៗ ករណី​ជ្រុះ​បាត់​ចិញ្ចៀនពេជ្រ​មួយ​វង់ ក្លាយជា​រឿង​លួច​និង​ជំរិត​ទារប្រាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃនេះ មានការ​បញ្ចេញមតិ​ផ្សេង​ៗ ជុំវិញ​ករណី​ជ្រុះ​បាត់​ចិញ្ចៀនពេជ្រ​មួយ​វង់ ហើយ​ត្រូវ​បាន​ស្ត្រី​ម្នាក់​រើស​បាន ហើយ​ក៏​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ យឹ​ម វុ​ទ្ធី ក្នុង​នាម​ជាដើម​បណ្តឹង…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃនេះ មានការ​បញ្ចេញមតិ​ផ្សេង​ៗ ជុំវិញ​ករណី​ជ្រុះ​បាត់​ចិញ្ចៀនពេជ្រ​មួយ​វង់ ហើយ​ត្រូវ​បាន​ស្ត្រី​ម្នាក់​រើស​បាន ហើយ​ក៏​ត្រូវ​បាន​បុរស​ម្នាក់​ឈ្មោះ យឹ​ម វុ​ទ្ធី ក្នុង​នាម​ជាដើម​បណ្តឹង បាន​ប្តឹងផ្តល់​ពី​បទ «​លួច​ចិញ្ចៀនពេជ្រ និង​ជំរិត​ទារប្រាក់​» ។

នៅ​ថ្ងៃ​ទី​៣០ កក្កដា ២០២០​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ បាន​បំភ្លឺ​ថា កាលពី​យប់​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ឈ្មោះ យឹ​ម វុ​ទ្ធី បាន​ជ្រុះ​បាត់​ចិញ្ចៀនពេជ្រ​មួយ​វង់​ដែល​មាន​តម្លៃ ២,៦៥៤​ដុល្លារ ពេល​ដែល​ចត​ឡាន​នៅ​ជិត​ផ្ទះ ។ ដល់​ពេល​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ឈ្មោះ យឹ​ម វុ​ទ្ធី បាន​រក​ចិញ្ចៀន​ដែល​ខ្លួន​ពាក់​នៅ​នឹង​ដៃ​ពុំ​ឃើញ ហើយ​បាន​ទៅ​រក​នៅ​កន្លែង​ដែល​ខ្លួន​ចត​ឡាន នា​ពេល​យប់​នោះ​តែ​ពុំ​ឃើញ​សោះ ។

ក្រោយមក​ឈ្មោះ យឹ​ម វុ​ទ្ធី ក៏​សុំ​ពិនិត្យ​ទិន្នន័យ​ក្ន​ង Camara សុវត្ថិភាព​របស់​ម្ចាស់ផ្ទះ​អ្នក​ជិតខាង​(​រើស​ជ​ញ្ចៀ​ន​បាន​) តែ​ត្រូវ​ម្ចាស់ផ្ទះ​បដិសេធ ដោយ​សម្អាង​ថា Camera សុវត្ថិភាព​ខូច ។ លោក​បាន​បន្ត​ទៅ​សុំ​ម្ចាស់ Camera សុវត្ថិភាព​អ្នក​ជិតខាង​ម្នាក់​ទៀត ដើម្បី​ពិនិត្យ​តាមដាន​រក​អ្នក​ដែល​រើស​យក​ចិញ្ចៀន​នោះ ។ ជា​លទ្ធផល​ក្នុង Camera សុវត្ថិភាព​នោះ បាន​ថត​ជាប់​សកម្មភាព​របស់​ឈ្មោះ ជើង សៀម​ឆេ​ង (​ត្រូវជា​ម្ដាយ​របស់​ឈ្មោះ សេង កុ​សែន និង​ប្រពន្ធ​ឈ្មោះ លី ស្រី​អូន​) ដែល​រើស​យក​ចិញ្ចៀន ។

ឈ្មោះ យឹ​ម វុ​ទ្ធី បាន​ទៅ​ជួប​ឈ្មោះ ជើង សៀម​ឆេ​ង សាកសួរ​អំពី​ចិញ្ចៀន តែ​ត្រូវ​គាត់​បាន​ប្រាប់​ថា គាត់​ពិតជា​រើស​បាន​ចិញ្ចៀន​នោះ​ប្រាកដ​មែន តែ​គាត់​បាន​ប្រគល់​ឲ្យ​ទៅ​កូនប្រុស​របស់​គាត់​ឈ្មោះ សេង កុ​សែន បាត់​ទៅ​ហើយ ក្រោយមក​លោក​បាន​ជួប​ជាមួយ​ប្រពន្ធ សេង កុ​សែន ឈ្មោះ លី ស្រី​អូន សុំ​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ដើម្បី​សុំ​ចិញ្ចៀន​វិញ តែ​គាត់​ពុំ​ព្រម​ឲ្យ​លេខ​ទូរស័ព្ទ​ប្ដី​គាត់​ឡើយ ។

ឈ្មោះ យឹ​ម វុ​ទ្ធី បាន​ព្យាយាម​ទទូច​សុំ​លេខ​ប្ដី​គាត់​ជា​ច្រើន​លើក​រួច​មក គាត់​បាន​ខ​ល​ទៅ​ប្ដី​គាត់ ដើម្បី​ឲ្យ​ប្ដី​គាត់​ខ​ល​ត្រឡប់​មក​វិញ ពេល​នោះ​ឈ្មោះ សេង កុ​សែន បាន​ប្រាប់​ថា គាត់​បាន​លក់​ចិញ្ចៀន​នោះ ឲ្យ​ទៅ​មិត្តភក្ដិ​គាត់​ក្នុង​តម្លៃ​៦០០​ដុល្លារ ហើយ​បើ​ចង់បាន​ចិញ្ចៀន​នោះ​វិញ គឺ​តម្រូវ​ឲ្យ​បង់លុយ​តាម​រយៈ​ធនាគា ABA ចំនួន​៦០០​ដុល្លារ ដើម្បី​យក​លុយ​ទៅ​ប្រគល់​ឲ្យ​ទៅ​មិត្ត​ភ័​ក្រ​ខ្លួន​វិញ ពេល​នោះ​ឈ្មោះ យឹ​ម វុ​ទ្ធី បាន​សួរ​គាត់​ថា មិត្តភក្ដិ​គាត់​នៅ​ទីណា​, ឈ្មោះ​អី​ក៏​គាត់​មិន​ប្រាប់​ដែរ គឺ​គាត់​មាន​ចេតនា​និយាយ​ពង្វៀង ។

លុះដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ឈ្មោះ យឹ​ម វុ​ទ្ធី បាន​សម្រេច​ដាក់​ពាក្យបណ្ដឹង​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​អនុវត្ត​នីតិវិធី ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​រៀបចំ​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់ និង​បាន​ស្នើ​សុំ​ការ​អង្កេត​បឋម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សង្ឃឹមថា សាធារណជន អ្នក​សារព័ត៌មាន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​មេត្តា​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​សូម​មេត្តា​កុំ​ធ្វើការ​សន្និដ្ឋាន វាយតម្លៃ​រឿងហេតុ​ដោយ​ពុំ​មូលដ្ឋាន ភស្តុ​តាង និង​ការ​ស៊ើប​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ ។

ដោយឡែក បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«​សេង សុវណ្ណ មង្គល​» បាន​បង្ហោះ​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​២៨ កក្កដា ២០២០​នេះ​ថា «​ឯណា​យុត្តិធម៌ ! ម្ដាយ​ខ្ញុំ​រើស​បាន​ចិញ្ចៀន​កណ្តាល​ថ្នល់​សោះ មិនដឹង​ថា ចិញ្ចៀន​បុគ្គល​ណា​ទេ តែ​បែរជា​លោក​ផ្កាយ​២ ចោទ​ថា ម្ដាយ​ខ្ញុំ​ជា​អ្នក​លួច​ចិញ្ចៀន​ទៅ​វិញ ។ រូបភាព​មាន​ហើយ​ហេតុ​អី​បាន​ថា គ្រួសារ​ខ្ញុំ​លួច​ចិញ្ចៀន ប្រទេស​ខ្មែរ​មាន​យុត្តិធម៌​ទេ ? សម្រាប់​គ្រួសារ​របស់ខ្ញុំ តើ​គ្រួសារ​របស់ខ្ញុំ​ទទួល​បាន​យុត្តិធម៌​យ៉ាងណា​» ។

ជាមួយ​គ្នា​នេះ លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​បញ្ចេញ​ជា​យោបល់​ថា «​បើ​តាម​ខ្ញុំ មើល​ភស្តុ​តាង​ក្នុង Camera មាន​ជាក់ស្តែង ឃើញនឹងភ្នែក​ច្បាស់ ប៉ុណ្ណឹង​ហើយ លោក​ផ្កាយ គាត់​ហ៊ាន​ប្តឹង ក្នុង​លក្ខណៈបំបែក​សំណុំរឿង​ទៀត ។ គួរតែ លោក​ផ្កាយ ធ្វើការ​សម្របសម្រួល នឹង​លោកយាយ ទើប​ជា​ការ​ប្រសើរ និង​មាន​ភាព​ថ្លៃថ្នូរ ក្នុង​នាម​ជា​អ្នកមាន​ឋានៈ ក្នុង​សង្គម​កុំ​យក​ផ្កា​យមក​ធ្វើស្រែ​បុណ្យ ធ្វើបាប​រាស្ត្រ​ទន់ខ្សោយ​បែប​នេះ​មិនល្អ​ទេ​» ។

ទោះជា​យ៉ាងនេះ​ក្តី ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សរសេរ​ថា តើ​ការ​រើស​ទ្រព្យសម្បត្តិ ឬ​វត្ថុ​មាន​តម្លៃ នៅ​តាម​ផ្លូវ ដែល​គេ​ជ្រុះ​ហើយ​អាច​ក្លាយជា​បទល្មើស​ដែរ ឫ​ទេ ?

ឧបមា​ថា លោក (​ក​) ធ្វើ​ដំណើរ​តាម​ផ្លូវ​ហើយ​រើស​បាន​កាបូប​មួយ ដែល​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ និង​ទ្រព្យសម្បត្តិ​មាន​តម្លៃ​ផ្សេង​ទៀត​។ ប៉ុន្តែ​គាត់​មិន​បាន​ប្រកាស​ជា​សាធារណៈ សួរ​រក​ម្ចាស់​កាបូប​នេះ​ទេ ។ ក្រោយមក​ម្ចាស់​កាបូប​លុយ​នោះ ឃើញ​លោក (​ក​) កាន់​កាបូប​នោះ ។ សួរ​ថា តើ​លោក (​ក​) នឹង​ជាប់​សង្ស័យ​ថា ជា​អ្នក​លួច​ទ្រព្យសម្បត្តិ​គេ​ទេ ?

អំពើ​លួច គឺជា​អំពើ​ដកហូត​ដោយ​ទុច្ចរិត​នូវ​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ផ្សេង​ទៀត​របស់​អ្នក​ដទៃ តាម​គ្រប់​មធ្យោបាយ ក្នុង​គោលបំណង​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។ បើ​តាម​បញ្ញត្តិ មាត្រា​៣៥៣ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា អំពើ​លួច​ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពី ៦ (​ប្រាំមួយ​) ខែ ទៅ​៣ (​បី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១,០០០,០០០ (​មួយ​លាន​) រៀល ទៅ​៦,០០០,០០០ (​ប្រាំមួយ​លាន​) រៀល ។

បើ​ទោះបី ជា​វត្ថុ ឬ​ទ្រព្យសម្បត្តិ​នោះ លោក (​ក​) ជា​អ្នក​រើស​បាន​ក៏​ដោយ តែ​យើង​មិន​បាន​ប្រកាស​ជា​សាធារណៈ ដើម្បី​ប្រាប់​ដល់​ម្ចាស់​ឲ្យ​បានដឹង​ហើយ នៅ​ពេល​ដែល​ម្ចាស់​កាបូប​នោះ រក​ឃើញ​គឺ​គេ​ចាត់​ទុក​ថា លោក (​ក​) ជា​អ្នក​លួច​ដែរ ព្រោះថា​លោក (​ក​) នៅ​ពេល​ដែល​រើស​កាបូប​នោះ​បាន គឺ​គាត់​ប្រាកដជា​ដឹង​ថា កាបូប​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​រួច​ទៅ​ហើយ ។ ដូច្នេះ​មាន​ន័យ ថា​លោក (​ក​) មាន​ចេតនា​លួច​របស់​គេ​ហើយ នេះ​គ្រាន់តែ​រើស​បាន​ផង កុំ​ថា​ឡើយ​ដល់​ទៅ​លួច​របស់​អ្នក​ដទៃ ៕

បាន​បង្ហោះ​ដោយ សេង សុវណ្ណ មង្គល នៅ អង្គារ 28 កក្កដា 2020

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ