ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ​! លោកគ្រូ​បង្រៀន​ម្នាក់​បង្កើត​គំនិត​ថ្មី ក្រៅពី​បង្រៀន​សិស្ស គឺ​ចិញ្ចឹម​បង្កង​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក​ប៊ូ ប៊ុ​ន​ណា​រ៉ាត អាយុ​៥១​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​សង្កែរ…

ខេត្តស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក​ប៊ូ ប៊ុ​ន​ណា​រ៉ាត អាយុ​៥១​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​សង្កែរ ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ បាន​មាន​ប្រសាសន៍​​ថា លោកគ្រូ​បាន​ចំណាយពេល​ជាង​២០​ឆ្នាំ​ធ្វើ​ជា​គ្រូបង្រៀន​ចំណេះដឹង​ដល់​កុមារ​នៅ​ក្នុង​សាលា​បឋម​សិក្សា​ឈើទាល ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។

ដោយសារ​តែ​ឥទ្ធិពល​នៃ​ជំងឺ​កូ​វី​ដ​១៩ លើ​ពិភពលោក ក៏​ដូច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​រាតត្បាត​រហូត​បិទ​សាលា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស និង​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ​នោះ លោកគ្រូ (​ប៊ូ ប៊ុ​ន​ណា​រ៉ាត​) ក៏​បាន​បង្កើត​គំនិត​ថ្មី​មួយ គឺ​បង្កើត​កន្លែង​ចិញ្ចឹម​បង្កង ដើម្បី​ជួយ​ដល់​កូនសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍ ហើយ​ជំរុញ​ឲ្យ​អ្នក​ភូមិ​ក្នុង​សហគមន៍​ចូលរួម​ក្នុង​ការ​ចិញ្ចឹម​បង្កង​ជា​លក្ខណៈ​គ្រួសារ ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ក្នុង​ពេល​កំពុង​ជួប​វិបត្តិ​កូ​វី​ដ​១៩​នេះ​។

លោក ប៊ុ​ន ណា​រ៉ាត បន្ត​ទៀត​ថា លោក​បាន​ចាប់ផ្តើម​ចិញ្ចឹម​បង្កង​តាំងពី​ខែតុលា ឆ្នាំ​២០១៩​មក​ម្ល៉េះ គឺ​បាន​ទិញ​ពូជ​បង្កង​ទឹកសាប​អូស្ត្រាលី​មក​ប​ញ្ចឹ​ម ដោយសារ​បង្កង​អូស្ត្រាលី​វា​ធន់​នឹង​អាកាស​ធាតុ បន្សាំ​បាន​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ ។ ដោយ​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​សាលា លោកគ្រូ​ក៏​បង្កើត​ស្រះ​ចិញ្ចឹម​បង្កង​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើន​ជីវភាព​ក្នុង​គ្រួសារ​ឲ្យ​បាន​ប្រសើរ​តែ​ប៉ុណ្ណោះ​។

លោកគ្រូ​បន្ត​ថា ប៉ុន្តែ​ពេល​ដែល​មាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ឆ្លង​រាតត្បាត​នៅ​លើ​ពិភពលោក ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រសួង​អប់រំ​ក៏​បាន​ប្រកាស​បិទ​សាលារៀន​ផ្អាក​មិន​ឲ្យ​បង្រៀន​សិស្ស ។ ពេល​នោះ​លោក​ក៏​បាន​ចាប់ផ្តើម​ពង្រីក​ស្រះ​ចិញ្ចឹម​បង្កង ទាំង​ស្រះ​សិប្បនិម្មិត និង​ស្រះ​ធម្មជាតិ ដោយ​បង្កាត់​បានកូន​បង្កង​ជា​ច្រើន​ម៉ឺន​កូន​។

ទោះបីជា​ចំនួន​កូន​បង្កង​មិន​ទាន់​គ្រប់គ្រាន់ សម្រាប់​ចិញ្ចឹម​ក្នុង​ស្រះ​របស់​លោក​ក៏​ដោយ ក៏​លោក​ប៊ូ ប៊ុ​ន​ណា​រ៉ាត បាន​លក់​ចែក​កូន​បង្កង​ជូន​ទៅ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដើម្បី​ពង្រីក​ការ​ចិញ្ចឹម​បង្កង​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​សហគមន៍​។ ហើយ​លោក​បាន​ដាក់​ឈ្មោះ​ទីតាំង​ចិញ្ចឹម​បង្កង​របស់​លោក​ថា «​សហគមន៍​ចិញ្ចឹម​បង្កង​ឈើទាល​» តាម​ឈ្មោះ​សាលារៀន ដែល​លោក​បង្រៀន។

ដោយសារ​មានការ​គាំទ្រ​ពី​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង លោក​ក៏​មាន​ម​ហិច​តា​នឹង​បង្កើត​សួន​កសិកម្ម​ចម្រុះ​នា​ពេល​អនាគត​ទៀត​។

លោកគ្រូ បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០២០​នេះ​តទៅ គាត់​មានកូន​បង្កង​សម្រាប់​លក់ (​ពូជ​បង្កង​អូស្ត្រាលី និង​បង្កង​ទឹកសាប​) ជា​រៀង​រាល់​ខែ ចាប់ពី​២,០០០​ក្បាល​ទៅ​៥,០០០​ក្បាល​ក្នុង​១​ខែ ហើយ​កូន​បង្កង​១​ក្បាល​តម្លៃ​ចាប់ពី​១,៧០០​រៀល​ទៅ​៤,០០០​រៀល​។ កូន​បង្កង​នីមួយ​ៗ មាន​ប្រវែង​ចន្លោះ​ពី​២,៥​សង្ទីម៉ែត្រ​ទៅ​០៦​សង្ទីម៉ែត្រ សម្រាប់​ប្រជា​កសិករ​នៅ​ក្នុង​សហគមន៍​លក់​កូន​ជូន ហើយ​បង្រៀន​របៀប​ចិញ្ចឹម ថែទាំ និង​ការ​ដាក់​ចំណី ការ​រៀបចំ​ស្រះ ឬ​អាង​សិប្បនិម្មិត និង​ស្រះ​ធម្មជាតិ និង​តាម​ស្រែ ហើយ​នេះ​គឺជា​ការ​ចូលរួម​អនុវត្ត​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ភូមិ​មួយ​ផលិតផល​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព​។

ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​នាំ​ចូល​បង្កង​ពី​ប្រទេស​ជិតខាង លោក​ប៊ូ ប៊ុ​ន​ណា​រ៉ាត បាន​សំណូមពរ​ក្រសួងកសិកម្ម និង​ស្ថាប័ន​ជំនាញ ជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ជួយ​បំផុស​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឲ្យ​ចូលរួម​ក្នុង​ការ​ចិញ្ចឹម​បង្កង​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅ​តាម​សហគមន៍​ក្នុង​ខេត្ត ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​សហគមន៍ និង​នៅ​ទីផ្សារ​ក្នុង​ខេត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ