ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ត្អូញ​គ្រប់​គ្នា រឿងស្ងាត់ភ្ញៀវ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​បាន​ភាគី​ខាង​ប្រទេស​ថៃ បើក​ឱ្យ​ដំណើរការ​ឡើង​វិញ ដោយ​អនុញ្ញាតឱ្យ​តែ​រថយន្ត​ធុន​ធំ​ៗ…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ត្រូវ​បាន​ភាគី​ខាង​ប្រទេស​ថៃ បើក​ឱ្យ​ដំណើរការ​ឡើង​វិញ ដោយ​អនុញ្ញាតឱ្យ​តែ​រថយន្ត​ធុន​ធំ​ៗ បើកបរ​ដឹក​ទំនិញ​ចេញចូល​ទៅ​មក​ប៉ុណ្ណោះ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ហាក់បីដូចជា​ស្ងាត់ មិន​មានការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក​នោះ​ទេ ខណ​:​បញ្ហា​ជម្ងឺ​កូ​វី​ដ​១៩ នៅ​តែ​បង្ក​ហា​នី​ភ័យ​សម្រាប់​ពិភពលោក ក៏​ដូច​ជា​ប្រទេស​កម្ពុជា ។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រីអាជីវករ​ម្នាក់​ឈ្មោះ ស្រី​ម៉ៅ ប្រកប​របរ​លក់ដូរ​ម្ជូរ និង​នំ នៅ​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀម​ស្ងួត​ឱ្យ​ដឹង​ថា ការ​លក់ដូរ​របស់​គាត់​នា​ពេល​បច្ចុប្បន្ន​នេះ មានការ​ធ្លាក់​ចុះ​ខ្លាំង​ណាស់ ពោល​គឺ​ហៅ​លេង​ឮ​តែ​ម្តង ដោយសារ​អត់ មាន​ភ្ញៀវ​ចេញចូល​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ហើយ​គាត់​លក់​ដូរ​ក្នុង​១​ថ្ងៃ ជួនកាល​សល់​ជា​ច្រើន ដោយ​កាលពីមុន ក្នុង​១​ថ្ងៃ​ៗ អាច​រកបាន​ប្រាក់​ចំណូល​ចាប់ពី​៥​ទៅ​១០​ម៉ឺន​រៀល​ឯណោះ ​ប៉ុន្តែ​ពេល​នេះ នៅ​​ថ្ងៃ​​ខ្លះ​លក់​ផ្សែ​ផ្សំ​៥​ម៉ឺន​រៀល​ស្ទើរតែ​មិន​បាន​ផង ។

​ស្ត្រីជាអាជីវករ​ខាងលើ​បាន​​បន្ត​ទៀត​ថា បើ​ជម្ងឺ​កូ​វី​ដ​១៩ នៅ​តែ​អូស​បន្លាយ​យូរ​បន្ត​ទៀត អាច​នឹង​ជួប​លំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ជាក់​ជា​មិន​ខាន ហើយ​គាត់​ក៏​មិន​អាច​ចេញចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ក្រៅ​បាន​ដែរ ខណ​:​ម្នាក់​ៗ មានការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​ការ​ឆ្លង​ជម្ងឺ​​ប្រភេទ​​នេះ ។

ចំណែក​បុរស​ចំណាស់​ម្នាក់ ដែល​ប្រកប​របរ​លក់ដូរ​ភេសជ្ជ​:​នៅ​ក្បែរ​កាស៊ីណូ​ បានឱ្យ​ដឹង​ដែរ​ថា ការ​លក់ដូរ​របស់​គាត់​ប៉ុន្មាន​ខែ​នេះ គឺ​មានការ​ធ្លាក់​ចុះ​ខ្លាំង ព្រោះ​អ្នកធ្វើការ​នៅ​កាស៊ីណូ ពោល​គឺ​បុគ្គលិក ត្រូវ​បាន​ឈប់​សម្រាក រីឯ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ធ្លាប់តែ​ឃើញ​ពពាក់ពពូន​រាល់ថ្ងៃ ក៏​អត់​សូវ​មាន​ចូល​មក​លេង​នៅ​ព្រំដែន​ដែរ គឺ​មាន​តែ​អ្នក​ភូមិ ដែល​គេ​មក​ទិញ​ភេសជ្ជ​:​របស់​គាត់​ទទួលទាន​បន្តិចបន្តួច​ប៉ុណ្ណោះ ។

បុរសចំណាស់ខាងលើបានបន្ត​ថា ដូច្នេះ ការ​លក់ដូរ​របស់​គាត់​នា​ពេល​នេះ គឺ​ថយ​ចុះ​ខ្លាំង តែ​ទោះបីជា​យ៉ាងណា ក៏​មិនដឹង​ទៅ​រក​មុខរបរ​អ្វី​ផ្សេង​ទៀត​នោះ​ដែរ ព្រោះ​គាត់​ធ្លាប់​ចាប់​យក​អាជីព​មួយ​នេះ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​សង​បំ​ណុល​គេ ។ បុរស​ចំណាស់​រូប​នោះ​បន្ត​ទៀត​ថា បើសិនជា​មាន​ភ្ញៀវ មក​ពី​ប្រទេស​ថៃ ឬ​បរទេស ចូល​លេង​កាស៊ីណូ​ដូច​មុន​ៗ គាត់​មិន​បារម្ភ​រឿង​ជំពាក់​បំណុល​គេ​នោះ​ទេ ។ តែ​បច្ចុប្បន្ន ពេល​ខ្លះ រក​សង​គេ​មិន​ទាន់​នោះ​ឡើយ ហើយ​គាត់​សង្ឃឹមថា នៅ​ថ្ងៃ​ខាង​មុខ បញ្ហា​ជម្ងឺ​កូ​វី​ដ​១៩ ដ៏​កាច​សាហាវ​នេះ នឹង​ថមថយ​ទៅ​វិញ ហើយ​ភ្ញៀវ​នឹង​មក​លេង​ដូច​ធម្មតា ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​រស់នៅ​សព្វថ្ងៃ ក្រុម​គ្រួសារ​របស់​គាត់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណ​:​ជួប​ជាមួយ​ភ្ញៀវ​មក​ទិញ​របស់​គាត់ ដោយ​គាត់​លាង​សម្អាត​ដៃ នឹង​សាប៊ូ​ជា​ប្រចាំ ហើយ​ក៏​ប្រើ​ទឹក​អាល់កុល ព្រមទាំង​ជែ​លកំ​ចាត់​មេរោគ​បាក់តេរី​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ