ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​ការ​លំបាក​របស់​លោកគ្រូ​-​អ្នក​គ្រូ​ក្នុង​ការ​បង្រៀន​សិស្ស​សម័យ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង​៖ «​ពួក​ខ្ញុំ​.. ទៅ​បង្រៀន​សិស្ស មិន​ដែល​ខកខាន​ទេ បើ​ទោះជា​មួយ​ព្រឹក​ពួក​ខ្ញុំត្រូវ​ជិះ​ម៉ូតូ​ទៅ​បង្រៀន​សិស្ស​ នៅ​តាម​មូលដ្ឋាន​ច្រើន​កន្លែង​ក្ដី​ ។ ព្រោះ​យើង​ចង់​ឲ្យ​សិស្ស​ចេះ​.. តែ​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​ទេ ហាក់​មិន​បាន​គិត​គូរ​​ពី​ការ​រៀនសូត្រ​របស់​កូន​ៗ…

ខេត្តបាត់ដំបង​៖ «​ពួក​ខ្ញុំ​.. ទៅ​បង្រៀន​សិស្ស មិន​ដែល​ខកខាន​ទេ បើ​ទោះជា​មួយ​ព្រឹក​ពួក​ខ្ញុំត្រូវ​ជិះ​ម៉ូតូ​ទៅ​បង្រៀន​សិស្ស​ នៅ​តាម​មូលដ្ឋាន​ច្រើន​កន្លែង​ក្ដី​ ។ ព្រោះ​យើង​ចង់​ឲ្យ​សិស្ស​ចេះ​.. តែ​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​ទេ ហាក់​មិន​បាន​គិត​គូរ​​ពី​ការ​រៀនសូត្រ​របស់​កូន​ៗ និង​មិន​ជួយ​ជម្រុញ​ឲ្យ​កូន​ៗ​របស់​ខ្លួន​ទៅ​រៀន​ទេ​»​។ នេះ​ជា​ការ​លើក​ឡើង​ព្រម​ៗ​គ្នា របស់​លោក​គ្រូ-អ្នក​គ្រូនៅ​បឋម​សិក្សា​«​ធ្ង័​រ​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​ធ្ង័​រ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់​។

សាលា​បឋម​សិក្សា​នៅ​ចុងកាត់មាត់ញក​មួយ​នេះ មាន​ចម្ងាយ​ប្រមាណ​ជាង​៣០​គ​.​មពី​ទីរួមខេត្ត​បាត់ដំបង តែ​មាន​ចម្ងាយ​ប្រហែល​ជាង​១០​គ​.​ម ពី​ទីរួមស្រុក​បាណ​ន់​។ នៅ​ទី នោះ គេ​មិនឃើញ​មាន​មនុស្ស​ម្នា​ទេ​ ។ សាលារៀន​ត្រូវ​បាន​បិទ​ទ្វារ ស្ថិត​ក្នុង​ស្ថានភាព​ស្ងាត់ជ្រងំ​។ ប៉ុន្តែ​គេ​ឃើញ​កូនសិស្ស​មួយ​ក្រុម​កំពុង​ផ្ដុំ​គ្នា​រៀនសូត្រ នៅ​ក្រោម​ម្លប់ឈើ និង នៅ​ក្នុង​រោង​ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដា​មួយ​កន្លែង ជាប់​នៅ​ខាងត្បូង នៃ​របង​សាលារៀន​នោះ​។ គេ​ឃើញ​លោក​គ្រួ​ម្នាក់ និង អ្នក​គ្រួ​ម្នាក់​ទៀត កំពុង​ប្រឹងប្រែង​បង្រៀន​សិស្ស​ប៉ុន្មាន​នាក់ ដែល​ស្ថិត​នៅ​ម្ខាង​ជញ្ជាំង​ម្នាក់ ខណៈ​គេ​ឃើញ​មានកូន​សិស្ស​មួយ​ក្រុម​ទៀត​កំពុង​នាំ​គ្នា​អង្គុយ​យោលអង្រឹង​ក្នុង​រោង​គោ រង់ចាំ​អ្នកគ្រូ​របស់​ពួក​គេ​មក​បង្រៀន​។

សំលេង​អាន​មេរៀន​ត្រាប់​តាម​គ្រូ​ព្រម​ៗ​គ្នា តែ​រំខាន​ដល់​ក្រុម​សិស្ស​ដទៃ​ដែល​កំពុង​រៀន​នៅ​ម្ខាង​ជញ្ជាំងក្បែ​រនោះ​ទេ​។ គេ​ឃើញ​សិស្ស​អាយុ​ក្រោម​១០​ឆ្នាំ ​ចំនួន​០៤​នាក់ អង្គុយ​លើ​គ្រែ​ក្រោម​ម្លប់​ដើម​អំពិល ហើយ​នាំ​គ្នា​អាន​អក្សរ​នៅ​លើ​ក្រដាស កាតុង​ស មាន​ទំហំ​តូច​មួយ​ព្យួរ ​ជាប់​នឹង​ជញ្ជាំង ដែល​បង្រៀន​ដោយ លោកគ្រូ ជឿ​ម សា​វឿ​ង ខណៈ​នៅ​ម្ខាង​ជញ្ជាំង​ទៀត មាន​អ្នកគ្រូ អាត អេ​ឡែ​ន កំពុង​បង្រៀន​សិស្ស​របស់​គាត់​ចំនួន​០២​នាក់​យ៉ាង​ស្ងាត់ស្ងៀម​បំផុត​ ។ ប៉ុន្តែ​ពួក​គាត់ អាច​ឆ្លៀត​ផ្ដល់​បទ​សម្ភាស​ន៍ជាមួយ​កោះ​សន្តិភាព​បាន​ខ្លះ​ៗ ដែល​ពិ​ពណ៌នា​​អំពី​ការ​លំបាក នៃ​ការ​បង្រៀន​សិស្ស ក្នុងអំឡុងពេល​កំពុង​ផ្ទុះ​ជំងឺ​«​កូ​វី​ដ​១៩» ដែល​គ្មាន​សញ្ញា​ថមថយ​សោះ​នៅ​ពេល​នេះ​។

ងាក​ពី​ការ​ពន្យល់​សិស្ស​បន្តិច លោកគ្រូ ជឿ​ម សា​វឿ​ង បាន​បរិយាយ​ប្រាប់​កោះ​សន្តិ​ភាព កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា អំពី​ដំណើរការ​ទូទៅ នៃ​ការ​បង្រៀន​សិស្ស​ដូច្នេះ​ថា «​ជិត​២​ខែ​ហើយ ដែល​លោកគ្រូ អ្នកគ្រូ នៅ​សាលា​បឋម​សិក្សា​ធ្ង័​រ បង្រៀន​សិស្ស​បែប​កញ្ឆក់​កន្ដៀត នៅ​ខាងក្រៅ​សាលា ដោយសារ​ខ្លាច​ជំងឺ​កូ​វី​ដ​១៩ ហើយ​សាលា​ដទៃ​ទៀត​ក៏​ធ្វើ​ដូច​គ្នា​ដែរ​»​។ តើ​លោកគ្រូ អ្នកគ្រូ ដែល​មក​បង្រៀន​សិស្ស​បែប​នេះ ជួប​ការ​លំបាក​បែប​ណា​ដែរ ? លោកគ្រូ ជឿ​ម សា​វឿ​ង បាន​ថ្លែង​ថា « យើង​ជួប​ការ​លំបាក​ច្រើន​ដែរ​.! ពិបាក​ក្នុង​ការ​ប្រមូល​ក្មេង​តាម​ផ្ទះ​ឲ្យ​មក​រៀន ពិបាក​បង្រៀន​ពេល​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ ព្រោះ​កន្លែង​ខ្លះ​ត្រូវ​រៀន​ក្រោម​ដើមឈើ​។ ប៉ុន្តែ​បើ​មាន​រោង​គោ​យើង​ចេះ​តែ​ប្រជ្រៀត​ចូល​រៀន​ទៅ​.. តែបើ​ចូល​បង្រៀន​តាម​ផ្ទះ​អ្នកស្រុក ខ្លាច​ឆ្កែ​ខាំ​ក្មេង​ៗ ព្រោះ​ធ្លាប់​ត្រូវ​ឆ្កែ​ខាំ​ក្មេង​ម្ដង​ហើយ​..»​។

ដោយឡែក ​អ្នកគ្រូ អាត អេ​ឡែ​ន វិញ ដែល​កំពុង​បង្រៀន​សិស្ស​ថ្នាក់​ទី​៥​របស់​គាត់​ចំនួន​០២​នាក់ នៅ​ម្ខាង​ជញ្ជាំង​នៃ​រោង​នោះ ហាក់​បង្ហាញ​ពី​ក្ដី​បារម្ភ​ខ្លាំង​បំផុត «​ខ្លាច​សិស្ស​មិន​ចេះអក្សរ​» បើ​ទោះជា​អ្នកគ្រូ បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ខ្លះ​ៗ ក្នុង​ការ​ទៅ​បង្រៀន និង គ្មាន​សិស្ស​មក​រៀន​ក្ដី​។ អ្នកគ្រូ អាត អេ​ឡែ​ន បាន​និយាយ​ដូច្នេះ​ថា «​ខ្ញុំ បារម្ភ​បំផុត​ខ្លាច​សិស្ស​មិន​ចេះអក្សរ​.! ព្រោះ​កាល​បង្រៀន​នៅ​សាលា សិស្ស​នៅ​ជុំ​គ្នា រៀន​បាន​ត្រិ​ម​ត្រូវ​គ្រប់​ម៉ោង តាម​ស្ដង់ដា​របស់​ក្រសួង តែ​ពេល​ចាប់ផ្ដើម​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ សិស្ស​បាត់​អស់​៥០% ។ ដូច្នេះ ​ខ្ញុំ​បារម្ភ​ថា ពេល​ឡើង​ថ្នាក់​ពួក​គេ​ត្រូវ​ជួប​ការ​លំបាក ឬ ត្រូវធ្វើ​តេស្ដ​ពួក​គេ​យ៉ាងម៉េច ? រីឯ​អាណាព្យាបាល​វិញ ហាក់​មិន​បាន​ជួយ​ជម្រុញ​កូន​ៗ​ឲ្យ​បាន​រៀនសូត្រ​ទាល់តែ​សោះ​»​។

អ្នកគ្រូ អេ​ឡែ​ន បាន​ពោល​ថា អាណាព្យាបាល​សិស្ស​ភាគច្រើន គឺ​គាត់​ហាក់​មិន​បាន​ជួយ​ជម្រុញ ឲ្យ​កូន​ៗ​របស់​គាត់​មក​រៀនសូត្រ​ទេ ពេល​ដែល​យើង​បើក​បង្រៀន​នៅ​ក្នុង​អំឡុង​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នេះ​។ ហើយ​រហូត​មក​ដល់​ពេល​នេះ ពួក​គេ​ភាគច្រើន​អត់​បាន​មក​រៀន​ទេ​។ អ្នកគ្រូ​បាន​ប្រាប់​ថា លោកគ្រូ អ្នកគ្រូ រួម​ទាំង​លោកនាយក​សាលា​ផង បាន​ព្យាយាម​ផ្ដល់​ព័​ត៌មាន​នេះ ដល់​អាណាព្យាបាល ថែម​ទាំង​បាន​ចុះ​ពន្យល់​ដល់​ផ្ទះ​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​ជួយ​ជម្រុញ​កូន​មក​រៀន​។ ប៉ុន្តែ​បែរជា​ពួក​គាត់​យល់​ថា «​ខ្លាច​កូន​ៗ​រៀន​មិន​ចេះ និង​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​» ទើប​ពួក​គាត់​មិន​ព្រម​ឲ្យ​កូន​មក​រៀន​។ អ្នកគ្រូ បាន​បញ្ជាក់​ថា ពេល​ខ្លះ យើង​ទៅ​ដល់​ផ្ទះ​ពួក​គាត់ ដើម្បី​ពន្យល់​អំពី​ការ​រៀនសូត្រ​ក្នុង​អំឡុង​កូ​វី​ដ​នេះ តែ​ត្រូវ​គាត់​ព្រមាន​ក្រោម​ហេតុផល​ផ្សេង​ៗ​ត្រឡប់​មក​យើង​វិញ​យ៉ាង​ចាស់ដៃ​។ ដូច្នេះ​អ្វី​ដែល​យើង​បារម្ភ​គឺ​ខ្លាច​សិស្ស​ទាំងនោះ មិន​ចេះអក្សរ ព្រោះ​ពេល​នេះ​ពួក​គេ​មិន​បាន​រៀនសូត្រ​ក្នុង​រយះ​ពេល​យូរអង្វែង​។

ជាមួយនឹង​ការ​លើក​ឡើង របស់​លោកគ្រូ អ្នកគ្រូ​ខាងលើ​នេះ នាយក​សាលា​បឋម​សិក្សា​«​ធ្ង័​រ​» លោក ថោ​ង សា​រ៉ាត់ ក៏​បាន​ថ្លែងប្រាប់​កោះសន្តិភាព អំពី​ការ​លំបាក​ក្នុង​ការ​បង្រៀន​សិស្ស ក្នុង​សម័យ​«​កូ​វី​ដ​១៩» នេះ​ដែរ​។ លោកនាយក​សាលា​រូប​នេះ បាន​និយាយ​ថា សិស្ស​ជាង​ពាក់កណ្ដាល​មិន​បាន​មក​រៀន​ទេ នៅ​ពេល​បើក​បង្រៀន​ក្នុង​សម័យ​កូ​វី​ដ​១៩​នេះ​។ ហើយ​បើ​តាម​មើល គឺ ពួក​គេ​ហាក់​មិន​ចង់​មក​រៀន​តែ​ម្ដង​។ រីឯ​ឪពុក​ម្ដាយ​វិញ ភាគច្រើន​នៅ​តែ​គិត​ខុស​ថា «​រៀន​អីចឹង​មិន​ចេះ​» និង ដោយសារ​រដូវ​នេះ ជា​រដូវ​ដាំ​ដុះ​ផង ពួក​គាត់​ទៅ​ធ្វើស្រែ​ចំការ​ឆ្ងាយ​ត្រូវ​យក​កូន​ៗ​ទៅ​តាម រីឯ​កូន​ៗ​ខ្លះ​ត្រូវ​ឲ្យ​នៅ​ចាំផ្ទះ ទើប​ធ្វើ​ឲ្យ​កូន​ៗ​ទាំងនោះ​មិន​បាន​រៀនសូត្រ​។

លោក ថោ​ង សា​រ៉ាត់ បាន​ថ្លែង​ថា ការ​បង្រៀន​សិស្ស​ក្នុង​អំឡុង​ផ្ទុះ​ជំងឺ​កូ​វី​ដ នេះ​មិនមែន​បង្រៀន​ពេញ​ម៉ោង​មួយ​ថ្ងៃ​ៗ​ទេ គឺ បង្រៀន​មួយ​ព្រឹក និង បង្រៀន​ចល័ត​ឆ្លាស់​ម៉ោង​គ្នា​។ នៅ​ពេល​សួរ​ថា ការ​បង្រៀន​នៅ​ក្នុង​អំឡុង​ផ្ទុះ​ជំងឺ​កូ​វី​ដ​បែប​នេះ តើ​លោកគ្រូ អ្នកគ្រូ ជួប​ការ​លំបាក​យ៉ាងម៉េច​ដែរ ? លោក នាយក​សាលា​រូប​នេះ បាន​ផ្ដល់​ចម្លើយ​យ៉ាង​ដូច្នេះ​ថា « ពួក​គាត់​ជួប​ការ​លំបាក​ច្រើន​ដែរ​.. លំបាក​ជាងគេ គឺ​ការ​ប្រមូល​ក្មេង​ឲ្យ​ចូល​រៀន​។ អាណាព្យាបាល​ហាក់​មិន​ចង់​ឲ្យ​កូន​ចូល​រៀន​សោះ​..! ពួក​គាត់​យល់​ថា រៀន​មិន​ចេះ​។ បើ​រៀន​តាម​ទូរ​ទស្ស គឺ ក្មេង​អត់​រៀន​សោះ​.! នេះ​ជា​ការ​លំបាក​បំផុត​»​។

សាលា​បឋម​សិក្សា​«​ធ្ង័​រ​» មាន​តែ​មួយ​ខ្នង​ប៉ុណ្ណោះ មាន​បន្ទប់រៀន​ចំនួន​០៥ ចាប់ពី​ថ្នាក់​ទី​១ ដល់​ថ្នាក់​ទី​៥ និង មាន​សិស្សានុសិស្ស​សរុប​ចំនួន​១៤៦​នាក់​។ លោក​ថោ​ង សា​រ៉ាត់ នាយក​សាលា​បឋម​សិក្សា​នេះ បាន​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា នេះ​ថា ការ​បើក​បង្រៀន​សិស្ស​នៅ​ក្នុង​អំឡុង នៃ​ការ​រីក​រាលដាល​ជំងឺ​«​កូ​វី​ដ​១៩»​នេះ មាន​រយៈ​ពេល​ជិត​២​ខែ​កន្លង​មក​ហើយ តាម​គោល​ការ​ណ៏​របស់​ក្រសួង និង មន្ទីរ​អប់រំ​យុវជន​និង​កីឡា ខេត្ត​។

សិស្ស​ដែល​បាន​រៀនសូត្រ​នៅ​ពេល​នេះ គឺ មាន​ប្រហែល​៤៨% តែ​ប៉ុណ្ណោះ​។ លោក បាន​បញ្ជាក់​ដែរ​ថា សព្វថ្ងៃ​យើង​បាន​បែងចែក​ទីតាំង​បង្រៀន​សិស្ស​ដល់​មូលដ្ឋាន​មាន​ចំនួន​៦​កន្លែង​។ កន្លែង​ខ្លះ​ត្រូវ​បង្រៀន​ក្រោម​ដើមឈើ ក្នុង​រោង​គោ នៅ​តាម​សាលា​ឆទាន ឬ នៅ​ក្រោមផ្ទះ​ក៏​មាន​ដែរ តែ​មិន​ឲ្យ​លើស​ពី​១០​នាក់​ឡើយ ក្នុង​មួយ​កន្លែង​ៗ ។

អត្ថបទសរសេរ ដោយ