ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមានកូនចៅគ្រុនឈាមត្រូវបញ្ជូនទៅមន្ទីពេទ្យមិនអាចទុកព្យាបាលនៅផ្ទះបានឡើយ អាចនាំគ្រោះថ្នាក់ នេះបើយោងតាមសម្តីរបស់អភិបាលខេត្ត នៅពេលដែលចុះទៅដាក់អាបែត និងបាញ់ថ្នាំមូសតាមផ្ទះរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
នៅពេលនោះដែរ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីសុខាភិបាល និងអាជ្ញាធរ បានចុះដាក់អាបែត និងបាញ់ថ្នាំសម្លាប់មូស ព្រមទាំងចែកម៉ុងជ្រលក់ថ្នាំការពារមូស និងណែនាំប្រជាពលរដ្ឋឱ្យយល់ដឹងពីវិធីបង្ការជំងឺគ្រុនឈាម និងគ្រុនឈីក ឬក៏គ្រុនចាញ់។
ខណៈពេលដែលលោកអភិបាលខេត្តបានចុះដាក់អាបែត បាញ់ថ្នាំសម្លាប់មូស ព្រមទាំងចែកម៉ុងជ្រលក់ថ្នាំជូនប្រជាពលរដ្ឋ ក៏បានប្រទះឃើញប្រជាពលរដ្ឋមួយចំនួនកំពុងសម្រាកព្យាបាលនៅតាមផ្ទះដោយកើតជំងឺគ្រុនឈាម ដែលឃើញមានដាក់សេរ៉ូមព្យួរព្យាបាលតាមផ្ទះជាដើម នេះជាការព្រួយបារម្ភពីសំណាក់អភិបាលខេត្តបន្ទាយមានជ័យ ក្រោយពេលពិនិត្យឃើញស្ថានភាពអ្នកជំងឺគ្រុនឈាមនេះ។
គ្រានោះ លោកអភិបាលខេត្តបន្ទាយមានជ័យ ល៏បានណែនាំដល់ប្រជាពលរដ្ឋដែលមានកូនចៅកំពុងគ្រុនឈាម ត្រូវយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ មិនអាចទុកព្យាបាលនៅតាមផ្ទះបានឡើយ ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់បានគ្រប់ពេល។
ក្រោយពេលលោកអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់ប្រជាពលរដ្ឋរួច ក៏បានឱ្យមន្ទីសុខាភិបាលខេត្ត យករថយន្តសង្គ្រោះមកដឹកអ្នកជំងឺដែលកំពុងគ្រុនឈាមទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទើបមានសុវត្ថិភាព ព្រោះមន្ទីរពេទ្យមានគ្រូពេទ្យជំនាញ ហើយមានបរិក្ខារពេទ្យព្យាបាលគ្រប់គ្រាន់ ដែលអាចព្យាបាលជា ដោយគ្មានការព្រួយបារម្ភឡើយ៕
ចែករំលែកព័តមាននេះ