អាជ្ញាធរ​ជាតិ​អប្សរា បញ្ចុះ​អណ្ដើក​ថ្ម​ថ្មី​១​គូ ក្នុង​គ្រឹះ​ប្រាសាទ​ស្រះស្រង់​កណ្ដាល ជំនួស​អណ្ដើក​ចាស់


ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​ពិធី​បញ្ចុះ​អណ្ដើក​ថ្ម​ថ្មី​មួយគូ ក្នុង​គ្រឹះ​ប្រាសាទ​ស្រះស្រង់​កណ្ដាល ជំនួស​ទីតាំង​ចម្លាក់​អណ្ដើក​ចាស់ ដែល​ចម្លាក់​អណ្ដើក​ថ្ម​ចាស់ ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​ព្រះ​សីហ​នុ​អង្គរ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បានឃើញ និង​ស្គាល់ ។

លោក ម៉ៅ សុខ​នី អ្នកគ្រប់គ្រង​គម្រោង​ការដ្ឋាន​ជួសជុល​ប្រាសាទ​កណ្ដាល នៃ​ប្រាសាទ​ស្រះស្រង់ បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ខែកក្កដា ឆ្នាំ​២០២០ អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើ​ពិធី​បញ្ចុះ​អណ្ដើក​ថ្ម​ថ្មី​មួយគូ នៅ​គ្រឹះ​ប្រាសាទ​ស្រះស្រង់​កណ្ដាល ឲ្យ​ស្រប​តាម​អណ្ដើក​ចាស់ និង​តាម​ប្រពៃណី​បុរាណ ហើយ​សត្វ​អណ្ដើក​មួយគូ​នេះ បាន​ចម្លង​ថ្មី​ពី​សត្វ​អណ្ដើក​ចាស់ ដែល​អ្នកជំនាញ​បុរាណវិទ្យា ប្រទះ​ឃើញ​កប់​ក្រោម​គ្រឹះ​ប្រាសាទ​រាប់រយ​ឆ្នាំ​កន្លង​មក ក្នុង​ខណៈ​ពេល​ដែល​កំពុង​ការ​ធ្វើ​កំណាយ ដើម្បី​ជុស​ជុល​ប្រាសាទ​កណ្ដាល​នោះ​ឡើង​វិញ ឲ្យ​ដូច​ទម្រង់​ដើម ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ នៅ​ចុងឆ្នាំ​២០២០​នេះ ។

លោក ម៉ៅ សុខ​នី បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សត្វ​អណ្ដើក​ថ្ម​ចាស់ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្ដម​ព្រះ​សីហ​នុ​អង្គរ ដើម្បី​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានឃើញ និង​ស្គាល់ ពី​វត្ថុ​មាន​តម្លៃ​មហាសាល​មួយ​នេះ ព្រោះ​នៅ​ពេល​យក​វត្ថុ​បុរាណ​ទៅ​កប់​ក្រោម​ដី វា​ធ្វើ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ មិន​បាន​ស្គាល់ ហើយ​ចំពោះ​របប​គំហើញ​ផ្សេង​ៗ​ទៀត ដែល​អ្នកជំនាញ​ប្រទះ​ឃើញ​ជាមួយ​សត្វ​អណ្ដើក​ថ្មភក់​នោះ អាជ្ញាធរ​នឹង​ពិធី​ដាក់​បន្ថែម​ទៀត ជា​លើក​ចុង​ក្រោយ ។

សូម​រម្លឹក​ឡើង​វិញ​ថា កាលពី​ចុង​ខែមេសា ឆ្នាំ​២០២០​នេះ អ្នកជំនាញ​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះ​ឃើញ​សត្វ​អណ្ដើក​ធ្វើ​អំពី​ថ្មភក់​មួយគូ និង​វត្ថុ​បុរាណ​ជា​ច្រើន បាន​កប់​នៅ​គ្រឹះ​ប្រាសាទ​កណ្ដាល​ស្រះស្រង់​នេះ កំពុង​ធ្វើ​កំណាយ​ដើម្បី​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ ក្នុង​នោះ​មាន​គ្រាប់​ខ្វាត​ពណ៌​ស​ជា​ច្រើន​រយ​គ្រាប់​, ចម្លាក់​អណ្ដើក​ថ្មភក់​ចំនួន​០២​ក្បាល​, រូបចម្លាក់​ក្បាល​នាគ រួម​នឹង​ត្រីសូល៍​ចំនួន​២ ដែល​១​មាន​រូប​ពេញលេញ និង​មួយទៀត​មាន​ត្រឹម​មួយ​បំណែក​មួយ ព្រមទាំង​ឃើញ​សំណង់​ឈើ​កប់​នៅ​គ្រឹះ​ប្រាសាទ​កណ្ដាល​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ