រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ នៅទីស្តីការក្រសួងយុត្តិធម៌ មានរៀបចំពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌,លោក យូ ប៊ុនទ្បេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្ត្រីរាជការជាច្រើនទៀត ។
លោក ច្រឹង ខ្មៅ អតីតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជំនួសលោក កែវ សុធា ដែលត្រូវបានផ្ទេរឱ្យមកបម្រើការងារនៅក្រសួងយុតិ្តធម៌ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៦៩ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
ក្នុងពិធីនេះដែរ លោករដ្ឋមន្ត្រីបានសំដែងការកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះលោក ឃួង ស្រេង ក៏ដូចជាអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហការល្អចំពោះលោក កែវ សុធា ឲ្យអនុវត្តនូវតួនាទីខ្លួនដោយប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី សង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោក ច្រឹង ខ្មៅ នឹងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានម៉ឹងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យរីកចម្រើនថែមមួយកម្រិតទៀត ជាពិសេសពង្រឹងកិច្ចសហការឱ្យបានកាន់តែល្អប្រសើរជាមួយសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់ឱ្យរៀងៗខ្លួន និងសូមជូនពរ លោក ច្រឹង ខ្មៅ ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចនេះ ក្នុងមុខតំណែងជាព្រះរាជអាជ្ញាថ្មីនៅរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនេះដែរ ដើម្បីលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ លោករដ្ឋមន្ត្រីបានធ្វើការណែនាំដល់លោក ច្រឹង ខ្មៅ ជាព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាលោក តាំង ស៊ុនទ្បាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ រួមទាំងអស់លោក លោកស្រីជា ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជានៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស ដូចខាងក្រោម៖
ទី១-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី។
ទី២-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគិតធម៌ទាំង៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។
ទី៣-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រមខ្លួនឯង ហើយវាជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យ យុត្តិធម៌ ។
ទី៤-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម«លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។
ទី៥-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការ និងមន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹង កិច្ចសហប្រតិបតិ្តការល្អជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើសេវាយុតិ្តធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តពង្រឹងវិធានការវិន័យ ក្រមសីលធម៌ និងភាពស្អាតស្អំរបស់អង្គចៅក្រម ដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត» ៕
ចែករំលែកព័តមាននេះ