ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​ជាប់​ៗ​គ្នា​ហើយ ​អ្នក​ភូមិ​​ជា​ច្រើន​នាំ​​គ្នា​ទៅ​ដងត្រី​ពុល​ងាប់​ក្នុង​ព្រែក​ទូក​មាស

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ពលរដ្ឋ​ជា​ច្រើន​នាក់​មក​ពី​ឃុំ​ផ្សេង​ៗ​គ្នា ក្នុងស្រុក​បន្ទាយមាស បាន​នាំ​គ្នា​ចុះ​ដងត្រី​ពុល​នៅ​ក្នុង​ព្រែក​ទូក​មាស រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ គឺ​ថ្ងៃ​ទី​២៧ ​និង​ថ្ងៃ​ទី​២៨ ខែកក្កដា ២០២០…

ខេត្តកំពត ៖ ពលរដ្ឋ​ជា​ច្រើន​នាក់​មក​ពី​ឃុំ​ផ្សេង​ៗ​គ្នា ក្នុងស្រុក​បន្ទាយមាស បាន​នាំ​គ្នា​ចុះ​ដងត្រី​ពុល​នៅ​ក្នុង​ព្រែក​ទូក​មាស រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ គឺ​ថ្ងៃ​ទី​២៧ ​និង​ថ្ងៃ​ទី​២៨ ខែកក្កដា ២០២០ ។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ពលរដ្ឋ​មក​ពី​ភូមិ​ចម្លង​ជ្រៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស​បាន​ប្រាប់​អោយ​ដឹង​ថា ត្រី​នៅ​ក្នុង​ព្រែក​នេះ​ចាប់ផ្ដើម​ពុល កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ២០២០ ​មក​ម៉្លេះ។ ពេល​នោះ​គាត់​មិនសូវ​ហ៊ាន​ចុះ​ទៅ​ក្នុង​ទឹក​ដងត្រី​ទេ ដោយសារ​តែ​ក្លិន​ទឹក​នោះ​​ស្អុយ​ខ្លាំង​ពេក ថែម​ទាំង​រមាស់​ទៀត​ផង ។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ភូមិ​ព្រៃ​ចេក ឃុំ​ទូក​មាស​ខាងលិច ដែល​កំពុង​តែ​អង្គុយ​ចាំ​ដងត្រី​ពុល​នៅ​ក្នុង​ព្រែក ​បាន​និយាយ​រៀបរាប់​ថា ពិតជា​គួរ​អោយ​ភ្ញាក់ផ្អើល​មួយ ដែល​កាលពី​ម្សិលមិញ​​មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ចុះ​ដងត្រី​ពុល​ងាប់ នៅ​ក្នុង​ព្រែក​ទូក​មាស ដោយ​​ម្នាក់​ៗ​បាន​ត្រី​រាប់រយ​គី​ឡូ​ឯណោះ ។ ដោយសារ​បរិភោគ​មិន​អស់ ថែម​ទាំង​យក​ទៅ​លក់​នៅ​ទីប្រជុំជន​ទៀត​ផង។

លុះ​​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា នេះ ​មាន​ពលរដ្ឋ​ម្នាក់​ទៀត​បាន​ដេញចាប់​អណ្ដើក​មួយ​ក្បាល មាន​ទម្ងន់​ប្រហែល​២០​គីឡូក្រាម ។

បើតាម​លោក​ចាន់ រឹទ្ធ ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកំពត បាន​និយាយ​ប្រាប់​អោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា នេះ​ថា លោក​បាន​ប្រាប់​ទៅ​មន្ត្រី​ជលផល​ប្រចាំការ​នៅ​ស្រុក​កំពង់ត្រាច រឿង​ពាក់​ព​ន្ធ័​ករណី​ត្រី​ពុល​នៅ​ឯ​ស្រុក​បន្ទាយមាសនេះ ។

លោក ប៉ោ វី អភិបាលរង​ស្រុក​បន្ទាយមាស ក៏បាន​ថ្លែងប្រាប់​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កក្កដា នេះ​ថា ទំនប់​ទឹក​មួយ​នៅ​ព្រែក​ទូក​មាស ត្រូវ​បាន​បាក់​ហូរ​ចុះ​តាម​ដងព្រែក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ។ ទឹក​ដែល​បាក់​ទំនប់​ហូរ​ទៅ​ក្រោម​នោះ គឺ​ជា​ទឹក​មាន​កាក​សំណល់​ស្អុយរលួយ ក្រសួង​​ធនធាន​ទឹកបាន​ទប់​សាងសង់​​ទ្វារ​ស្ទាក់​ទឹក​ក្នុង​ព្រែក​ទូក​មាស ។

លោក ប៉ោ វី បាន​និយាយ​ថា នៅ​ពេល​ដែល​ទឹក​កខ្វក់​នោះ​ហូរ​ទៅ​ក្នុង​ព្រែក ធ្វើ​ឱ្យ​ត្រី​ពុល និង​ងាប់ ។ លោក​ថា បើ​មាន​ភ្លៀង​មួយ​មេ​មក​ធ្វើ​អោយ​ទឹក​នោះ​បាត់​ក្លិន ត្រី​ក៏​ឈប់​ពុល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ