ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​ដែល​នឹង​ជួយ​ឲ្យ​អ្នករក​លុយ​បាន​កាន់តែ​ច្រើន

3 ឆ្នាំ មុន

ក្រៅពី​បញ្ហា​ធំ​ៗ​ជា​ច្រើន​ដូច​ជា​ការ​បាត់បង់​ការងារ ការ​កាត់​បន្ថយ​ប្រាក់​ចំណូល និង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ហើយ កូ​វី​ដ ១៩ ក៏​បាន​បង្ក​ជា​បញ្ហា​ធំ​មួយទៀត​សម្រាប់​មនុស្ស​ជា​ច្រើន​ដែរ​នោះ​គឺ​ការ​គ្រប់គ្រង​ពេលវេលា​ ។ ជាក់ស្តែង វា​ជា​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​ស្ត្រេ​ស និង​ការ​ព្រួយបារម្ភ…

ក្រៅពី​បញ្ហា​ធំ​ៗ​ជា​ច្រើន​ដូច​ជា​ការ​បាត់បង់​ការងារ ការ​កាត់​បន្ថយ​ប្រាក់​ចំណូល និង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ហើយ កូ​វី​ដ ១៩ ក៏​បាន​បង្ក​ជា​បញ្ហា​ធំ​មួយទៀត​សម្រាប់​មនុស្ស​ជា​ច្រើន​ដែរ​នោះ​គឺ​ការ​គ្រប់គ្រង​ពេលវេលា​ ។

ជាក់ស្តែង វា​ជា​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​អារម្មណ៍​ស្ត្រេ​ស និង​ការ​ព្រួយបារម្ភ ហើយ​មនុស្ស​ម្នាក់​ៗ​ត្រូវ​ព្យាយាម​សម្រប​ខ្លួន​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​ថ្មី​ៗ​ទៀត​ក្នុង​ការ​ធ្វើការ និង​ប្រកប​អាជីវកម្ម​។

យោង​ទៅ​តាម​អ្នកស្រី ឡ​រ៉ា វ៉ា​ន​ដឺ​ខាម (Laura Vanderkam) ដែល​ជា​អ្ន​និពន្ធ និង​អ្នកជំនាញ​ផ្នែក​ប្រសិទ្ធភាព​ការងារ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​ៗ​អាច​រៀន​ពី​គន្លឹះ​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​ខាងក្រោម​នេះ​ដើម្បី​រក​ចំណូល​បាន​កាន់តែ​ច្រើន​៖

១. គ្រប់គ្រង​កិច្ចការ មិនមែន​ពេលវេលា​ទេ
ពេល​ដែល​គិតដល់​ប្រសិទ្ធភាព​ការងារ មនុស្ស​ម្នាក់​ៗ​អាច​នឹង​គិតដល់​ម៉ោង​ធ្វើការ ប៉ុន្តែ​អ្ន​ស្រី​វ៉ា​ន​ដឺ​ខាម​ផ្តល់​យោបល់​ថា អ្នក​គួរតែ​ព្យាយាម​គ្រប់គ្រង​កិច្ចការ​ទៅ​វិញ​។ មាន​ន័យ​ថា ប្រសិនបើ​អ្នកមាន​កិច្ចការ​ចំនួន ១០ ដែល​អ្នក​ចង់​សម្រេច​ក្នុង​ថ្ងៃ​នោះ អ្នក​ត្រូវ​តែ​សម្រេច​វា​ឲ្យ​ហើយ​មុន​ពេល​ចូល​សម្រាក​។

២. ធ្វើការ​នៅ​ម៉ោង​ដែល​ល្អ​ជាងគេ​សម្រាប់​អ្នក
មនុស្ស​ម្នាក់​ៗ​មាន​ពេលធ្វើការ​ខុស​ៗ​គ្នា ដូច្នេះ​អ្នក​ត្រូវ​តែ​ដឹង​ពី​ម៉ោង​ដែល​អ្នក​អាច​ផ្តោត​ស្មារតី​បាន​ល្អ​ជាងគេ​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​មិន​គួរ​ធ្វើ​កិច្ចការ​កំប៉ិកកំប៉ុក​ដូច​ជា​ការ​ឆ្លើយ​តប​អ៊ីមែល​រដ្ឋបាល ឬ​ឆ្លើយ​នឹង​សំណួរ​ងាយ​ៗ​ពី​កិច្ចការ​របស់​អ្នក​នៅ​ម៉ោង​ដែល​អ្នកធ្វើការ​បាន​ល្អ​បំផុត​ឡើយ​។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ទុក​វា​សម្រាប់​កិច្ចការ​សំខាន់​ៗ​ដែល​ទាមទារ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ពី​អ្នក​។

៣. ទុក​ពេល​សម្រាប់​សម្រាក និង​ការ​កម្សាន្ត
សកម្មភាព​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​មនុស្ស​អាច​ជះ​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ការ​ចូល​ដំណេក​បាន​គ្រប់គ្រាន់​អនុញ្ញាត​ឲ្យ​អ្នកមាន​កម្លាំង​សម្រាប់​ធ្វើការ និង​មាន​អារម្មណ៍ល្អ​ជុំវិញ​អ្នក​ដទៃ​ជាដើម​។ ដោយហេតុ​ដូចនេះ អ្នក​ត្រូវ​តែ​ចេះ​ទុក​ពេលវេលា​សម្រាប់​ការ​កម្សាន្ត​អារម្មណ៍​ខ្លះ​ដែរ និង​ពេល​ខ្លះ​ទៀត​សម្រាប់​ការ​គិត​ពី​ជីវិត​ផ្ទាល់ខ្លួន​ជា​ពិសេស​លើ​គោលដៅ​សំខាន់​ៗ​ក្នុង​ជីវិត​។

៤. យល់​ពី​តម្លៃ​នៃ​ពេលវេលា
អ្នក​ប្រហែលជា​លឺ​ប្រយោគ “​ពេលវេលា​ជា​មាសប្រាក់​” ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​តើ​អ្នក​ពិតជា​យល់​ពី​អត្ថន័យ​របស់​ប្រយោគ​នេះ​ពិតប្រាកដ​ទេ? តើ​អ្នក​ពិតជា​ដឹង​ពី​តម្លៃ​នៃ​ពេលវេលា​របស់​អ្នក​ដែរ​ទេ? ប្រសិនបើ​អ្នក​យល់​ដឹង​ពី​តម្លៃ​របស់​វា​នោះ អ្នក​គួរតែ​ចំណាយ​វា​ដូច​ធនធាន​ដែល​អ្នក​កំពុង​ខ្វះខាត​ដែរ ដូច​ជា​លើ​ការ​វិនិយោគ​លើ​ខ្លួនឯង​ជាដើម មិនមែន​ទៅ​ធ្វើ​អ្វី​ដែល​មិន​មាន​ប្រយោជន៍​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ