ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​មណ្ឌលគិរី មន្ត្រី​ជំនាញ​550​នាក់​មក​ពី​ក្រសួង​3​ចាប់ផ្តើម​​អនុវត្ត​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​ចំនួន​៥៥០​រូប មក​ពី​ក្រសួង​ចំនួន​៣ ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្តមណ្ឌលគិរី ក្នុង​យុទ្ធនាការ​អនុវត្ត​ការងារ​ចុះបញ្ជីដី​រដ្ឋ និង​ដី​ឯកជន​របស់​ប្រជា​ពល​រដ្ឋ ដី​សហគមន៍ជនជាតិ​ដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី និងកសាង​ផែនការ​ប្រើ​ប្រាស់​​​ដី…

ខេត្តមណ្ឌលគិរី ៖ មន្ត្រី​ជំនាញ​ចំនួន​៥៥០​រូប មក​ពី​ក្រសួង​ចំនួន​៣ ត្រូវ​បាន​បញ្ជូន​ទៅ​ខេត្តមណ្ឌលគិរី ក្នុង​យុទ្ធនាការ​អនុវត្ត​ការងារ​ចុះបញ្ជីដី​រដ្ឋ និង​ដី​ឯកជន​របស់​ប្រជា​ពល​រដ្ឋ ដី​សហគមន៍ជនជាតិ​ដើម​ភាគតិច ដោះស្រាយ​វិវាទ​ដីធ្លី និងកសាង​ផែនការ​ប្រើ​ប្រាស់​​​ដី ។ យុទ្ធនាការ​នេះដឹកនាំ​ដោយ​ឯកឧត្តម ជា សុ​ផា​រ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យកម្ម និង​សំណង់ អម​ដោយ​រដ្ឋមន្ត្រី​ក្រសួង​បរិ​ស្ថាន និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ឯកឧត្តម ជា សុ​ផា​រ៉ា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០​ថា ក្នុង​យុទ្ធនាការ​នេះដាច់ខាត​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បោះបង្គោល​ព្រំ ឬ​លើក​ផ្លា​ក​បញ្ជាក់​ដី​របស់​រដ្ឋឲ្យ​មាន​ទិន្នន័យ​បាន​ច្បាស់លាស់ ចៀសវាង​ការទន្ទ្រាន​កាន់កាប់​ពី​អ្នក​លោភ​លន់ ។ មន្ត្រី​ដែលទៅ​ពី​ភ្នំពេញ​ទាំងអស់ មាន​តួនាទី​ប្រមូល​ទិន្នន័យ ចុះ​ពិនិត្យ​មើល តើ​តំបន់​គម្រប​ព្រៃឈើ​មាន​ទំហំ​ប៉ុន្មាន ? កន្លែង​ណា​ជា​ដី​របស់​ក្រសួងកសិកម្ម ឬ​ដី​ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ?

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បញ្ជាក់​ថា រាល់​បញ្ហា​ដែល​សេសសល់​កន្លង​មក​នៅ​ពេល​នេះ​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​រួចរាល់ ជាពិសេស​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី​រដ្ឋ​ដាំ​ដើម​ស្រល់ តើ​ពិតជា​បាន​ដាំ​លើ​ទំហំ​ផ្ទៃដី​ដែល​រដ្ឋ​ប្រគល់​ឲ្យ ឬ​ដាំ​ក្រៅ​ចំនួន​ដែល​ទទួល​បាន​។​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​រក្សា​ដើម​ស្រល់​ទុក​ឬ​ដាំ​បន្ថែម ព្រោះតែ​វា​ជា​ផ្នែក​ដ៏​សំខាន់​ស្រូប​ទាញ​យក​ភ្ញៀវ​ទេសចរ ។

គួរ​កត់​សម្គាល់ថា បេសកកម្ម​ដ៏​កក្រើក​លើ​ទឹកដី​ខេត្តមណ្ឌលគិរី ដែល​មាន​មន្ត្រី​ជំនាញ​ពីរាជធានី​ភ្នំពេញ​ជាង​៥០០​រូប ចុះ​អង្កេត​ស្រាវជ្រាវ និង​ពិនិត្យ​លើ​ការ​ចេញ​ប័ណ្ណ​សម្គាល់​ដីធ្លី​នេះ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន ព្រោះតែ​ថ្មី​ៗ​នេះ​តាម​បណ្តាញ​សង្គម មានការ​បង្ហោះ​ព្រោងព្រាត​នូវ​របាយការណ៍​ដែល​ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ចប់​មុខ​តំណែង​មន្ត្រី​សំខាន់​ៗ​នៅ​ខេត្តមណ្ឌលគិរី​ជាង​២០​រូប ។ ទោះបីជា​បែប​ណា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​មិន​ផ្លូវការ​ប៉ុណ្ណោះ ។

១-​ឯកឧត្ដម ស្វាយ សំ​អ៊ា​ង អភិបាលខេត្តមណ្ឌលគិរី ដែល​ឯកឧត្តម​មិន​បាន​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានាដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភា​ព និង​មាន​ឯកសារ​ខ្លះ​ឯកឧត្ដម​បាន​ចូលរួម​ចុះហត្ថលេខា​ទទួលស្គាល់​ការ​ទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់ ។

២-​គួរ​បញ្ចប់​តំណែង​លោក សេង សុ​វ​ណ្ណា​រ៉ា ពី​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដោយហេតុ​ថា លោក​បាន​ឃុ​បឃិ​ត​គ្នា​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ក្នុង​​ការ​រៀបចំ​ឯកសារ​ជា​ច្រើន​ដើម្បី​យក​ដី​ព្រៃរបស់​រដ្ឋ មកគ្រប់គ្រង​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទោះបីជា​ត្រូវ​បានដក​តំណែង​ចេញពី​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ពី​សមាជិក​ក្រុមការងារ​រាជរ​ដ្ឋាភិ​បាល​ចុះ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​ក៏​ដោយ ក៏​លោក​នៅ​តែ​បន្ត​ព្យា​យាម​ស្នើ​សុំ​កាន់កាប់​ដី​ព្រៃ​ដែល​រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិតនិរាករណ៍​រួច​ហើយ ។

៣-​គួរ​ចាត់វិធានការ​បញ្ចប់​តំណែង ឯកឧត្ដម ណ​យ ស្រូ​ន ពី​សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី​៨ ដោយហេតុ​ថា ឯកឧត្ដម​មានការ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់​ជា​ច្រើន​ហិ​កតា ។

៤-​គួរ​ចាត់វិធានការ​បញ្ចប់​តំណែង លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ ពី​អភិបាលស្រុក​កោះ​ញែក និង​ធ្វើការ​ស៊ើបអង្កេត និង​អនុវត្ត​វិធានការ​ច្បាប់​បន្ថែម​ទៀត​ចំពោះ​រូប​លោក ដោយហេតុ​ថា លោក​អភិបាលស្រុក​រូប​នេះ មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​​ខុសច្បាប់​ជា​ច្រើន​កន្លែង នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ដែនជម្រក​សត្វ​ព្រៃ​ស្រែ​ពក ចាប់តាំងពី​លោក​កាន់​តំណែង​ជា​អភិបាលស្រុក​កែវ​សីមា រហូត​ដល់​ជា​អភិបាលស្រុក​កោះ​ញែក​នា​ពេល​បច្ចុប្បន្ន ។

៥-​គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក សៀ​ក មុន្នី ពី​អភិបាលស្រុក​អូរ​រាំង ដោយហេតុ​ថា លោក​អភិបាលស្រុក​រូប​នេះ​មានការ​ជាប់​ពាក់ព័ន្ធ និង​ឃុបឃិត​គ្នា​ទន្ទ្រាន​ដី​ព្រៃ ក្នុង​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​យក​ទៅ​លក់​និង​ធ្វើ​កម្មសិទ្ធិ ដោយ​តម្រូវ​ឲ្យ​មេ​ភូមិ មេឃុំ ចុះហត្ថលេខា​លើ​ការ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ដោយ​ខុសច្បាប់​ជា​ច្រើន ។

៦-​គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោកស្រី ថ្វា​ន់ ត្រែ​ល ពី​ចៅសង្កាត់​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ដោយហេតុ​ថា ចៅសង្កាត់​រូប​នេះ​តែងតែចុះហត្ថលេខា​ដឹង​ឮ​លើ​ការ​លក់ដូរ​ដី​ព្រៃ​ដោយ​ខុសច្បាប់ និង​ធ្វើ​លិខិតបញ្ជាក់​ផ្សេង​ៗ​ជាមួយ​ឈ្មោះ ញ៉ា​ង ម្យ​ក់ មេ​ភូមិ​ពូ​ហ្សា​ម ទោះបី​មានការ​ណែនាំ និង​ព្រមាន​ជា​ច្រើន​ដង​ក៏​ដោយ ។

៧-​គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក ប៊ុតសំអែល ពី​មេឃុំ​ស្រែ​ខ្ទុ​ម ព្រោះ​ហេតុ​ថា មេឃុំ​រូប​នេះ មានការ​ចូលរួម​ឃុបឃិត​រៀបចំ​ផែនការ​ផ្សេង​ៗ​ក្នុង​ការ​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃ ពិសេស​បាន​ចូលរួម​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​តវ៉ា​ទាមទារ​និង​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់ ។

៨-​គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក ពឿ​ប ពេ មេឃុំ​ស្រែ​ព្រះ ដោយហេតុ​ថា​មេឃុំ​រូប​នេះ ជា​អ្នក​ឃុបឃិត​ដ៏​សកម្ម​ក្នុង​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ ដោយ​មានការ​ចាត់ចែង​ពី​ថ្នាក់​ខេត្ត និង​បង្ក​ការ​ងាយស្រួល​ឲ្យ​មានការ​ទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់ និង​បែងចែក​ដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ​ឲ្យ​ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេង​ៗ​ដោយ​មិន​ខ្លាច​ញញើត​ច្បាប់​ឡើយ ។មេឃុំ​រូប​នេះ បាន​ឃុបឃិត​ជាមួយ​អតីត​អភិបាលស្រុក​​កែវ​សីមា លោក ស៊ិ​ន វណ្ណ​វុ​ឌ្ឍ និង​លោក សុខ សេ​រា បើកដៃ​ឲ្យ​មានការ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ដោយ​ខុសច្បាប់ ។

៩-​គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក សុខ សេ​រា ពី​នាយករង​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី ដោយហេតុ​ថា រូប​លោក​ជា​អ្នកសម្របសម្រួលការងារ និង​ប្រើប្រាស់​រូបភាព​ស្នើ​សុំ​ដីស​ម្បទាន​សង្គមកិច្ច ដែល​បង្ក​ឲ្យ​មានការ​កាប់​រានទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់​ការពារធម្មជាតិ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ជា​បន្តបន្ទាប់ ។

១០-​គួរ​ចាត់វិធានការ​បញ្ចប់​តំណែង ឧត្ដមសេនីយ៍ ជេ​ត ហ៊ា​ង មេបញ្ជាការ​រង​កង​ឯក
ភាព​ស្ថាបនា​ថ្នល់​លេខ​៧១៦ ជា​ប្រធាន​ការដ្ឋានខ្សែក្រវាត់​ព្រំដែន និង​នាយទាហាន នាយទាហានរង​ចំនួន​១២​រូប​ទៀត ដែល​បាន​ប្រើប្រាស់​តួនាទី​បេសកកម្ម និង​គ្រឿងចក្រ​របស់​អង្គភាព ធ្វើ​សកម្មភាព​កាប់​រានទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់ តាម​ដងផ្លូវ​ក្រវាត់​ព្រំដែន ក្នុងភូមិសាស្ត្រ​ភូមិ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

១១-​គួរ​ចាត់វិធានការ​បញ្ចប់​តំណែង​លោក ថា​ន ប៊ុ​ន​ធឿ​ន ពី​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​កោះ​ញែក ដោយសារ​តែ​តាម​ភរិយា​របស់​ខ្លួនឈ្មោះ ខេ​ង សុខ​នី បាន​ទិញ​ដី​ជា​ច្រើន​ហិ​កតាពី​ប្រជាពលរដ្ឋ ដែល​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​​កែវ​សីមា ។នៅ​មាន​ក្រុម​មន្ត្រី​ច្រើន​នាក់​ទៀត ដែល​ត្រូវ​បាន​កត់សម្គាល់​ជុំវិញ​ចំណាត់​ការ​ខាងលើ​នេះ ។

ដោយសារ​តែ​ករណី​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយមន្ត្រី​ច្រើន​នោះ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ
២០២០ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ចារ​លើ​របាយការណ៍​របស់​ទីស្ដីការ
គណៈរដ្ឋមន្ត្រី បញ្ជូន​ទៅ​សម្ដេច​ក្រឡាហោម ស ខេ​ង ដើម្បី​ដឹកនាំ​ការ​ប្រជុំ និង​លើក​យោបល់​មក​សម្ដេច​តេ​ជោ​វិញ ។ កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ សម្ដេចក្រឡា​​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​បង្កើត​ក្រុម​ការ​ងារ​អន្តរក្រសួង​ដែល​មាន​ក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណ​ង់ ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន ។

ក្រុមការងារ​អន្តរក្រសួង​នេះ មាន​តួនាទី និងភារកិច្ច​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នីមួយ​ៗ​នៃ​ការ​កាប់​រានទន្ទ្រាន​យក​ដី​ព្រៃ​ដោយ​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី តាម​របាយការណ៍​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ឲ្យ​បាន​ជាក់ស្តែង និង​ប្រមូល​ឯកសារ​និង​ភ័ស្តុតាង​នានា​ពាក់ព័ន្ធ​ជាមួយនឹង​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ