ខេត្តកំពត ៖ ស្ត្រីវយ័ចំណាស់ម្នាក់បាននាំកូនប្រុសទៅដកស្មៅក្នុងស្រែ លុះនៅពេលដែលស្ត្រីរូបនោះលូកដៃទៅដកស្មៅ ដោយស្ត្រីរវល់តែមើលគុម្ពស្មៅដែលដុះជាមួយស្រូវក្បែរនោះ ក៏ស្រាប់តែលូកដៃទៅប៉ះសត្វពស់ដែលនៅក្នុងស្មៅ បណ្តាលឲ្យពស់ចឹកចំម្រាមដៃខាងស្តាំ រួចស្ត្រីរងគ្រោះក៏គ្រវែងសត្វពស់នោះចោលតែម្តង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោងជាង១រសៀលថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។
តាមប្រភពពត៌មានពីកូនប្រុសរបស់ស្ត្រីរងគ្រោះដែលទៅដកស្មៅស្រែជាមួយម្តាយបានឲ្យដឹងថា ស្ត្រីជាម្តាយដែលត្រូវពស់ចឹកខាងលើនេះឈ្មោះប្រាក់ វណ្ណា អាយុ៥៧ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយបានហៅគាត់ឲ្យទៅជួយដកស្មៅក្នុងស្រែ ហើយគាត់ក៏បានទៅដកស្មៅនៅស្រែជាប់គ្នាមិនឆ្ងាយពីម្តាយប៉ុន្មាននោះទេ លុះមួយសន្ទុះក្រោយមក ស្រាប់តែឮសំឡេងម្តាយស្រែកថា «ម៉ែត្រូវពស់ចឹកហើយ» ។
តាមប្រភពដដែលបានបន្តទៀតថា លុះឮសំឡេងម្តាយស្រែកបែបនេះ គាត់ក៏រត់ទៅមើល ឃើញម្រាមចង្អុលដៃខាងស្តាំរបស់ម្តាយមានឈាម និងមានស្នាមចង្កូមពស់ផងដែរ ប៉ុន្តែមិនបានដឹងថាជាពស់អ្វីនោះទេ ពីព្រោះក្រោយពេលពស់ចឹក ម្តាយបានគ្រវែងពស់នោះចោលបាត់ទៅហើយ ។ ពេលនោះគាត់ក៏បានយកខ្សែមកចងដើម្បីកុំឱ្យពិសពស់ជ្រាប ហើយប្រញាប់ប្រញាល់បញ្ជូនម្តាយមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកំពតភ្លាមៗដែរ។
តាមប្រភពពីក្រុមគ្រូពេទ្យបានឱ្យដឹងថា ស្ត្រីរងគ្រោះដោយសារពស់ចឹកខាងលើបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ ដោយសារមកដល់មន្ទីរពេទ្យទាន់ពេលវេលា ហើយក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងបន្សាបពិសពស់ផងដែរ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រុមគ្រូពេទ្យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមទូទាំងខេត្តឲ្យបានជ្រាបថា បើមានជួបករណីដូចខាងលើ សូមបងប្អូនប្រញាប់នាំជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកស្រុកឬខេត្ត ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ